ហេង ពៅ គឺជាកូនអុកដ៏កំពូលក្លាយជាឧក្រិដ្ឋជនម្នាក់ ដែលមេៗថ្នាក់លើប្រើប្រាស់ ។ បានមេៗថ្នាក់ថ្នមប្រើប្រាស់ដឹងចិត្តដឹងថ្លើមហើយ ហេង ពៅ បង្កើតបានក្រុមឃាតករជាជនដៃដល់គ្មានប្រណីមួយក្រុម ដែលអ្នកណាក៏ស្គាល់ដែរ ក្នុងក្រសួងមហាផ្ទៃមួយទាំងមូល គឺឈ្មោះហេង វ៉េង, ឈ្មោះលី រ៉ាស៊ី, ឈ្មោះផេង ផៃ និងពីរបីនាក់ទៀត និងចុងក្រោយឈ្មោះអាយមរាជ ដែលហេង ពៅ ទៅយកពីក្នុងគុកមកប្រើការ ព្រោះម្នាក់នេះប្រើពេលណាបានពេលនោះ ។
មេៗថ្នាក់លើ ដែលជាថ្នាក់មានសិទ្ធិលើកតំកើងហេង ពៅ ដល់កំពូលនោះ មិនមែនមិនដឹងថា ហេង ពៅ ជាឃាតករសម្លាប់មនុស្សច្រើននាក់ទេ ប៉ុន្តែនៅតែលើកតំកើងតាំងពីថ្នាក់អនុប្រធានការិយាល័យតូចមួយឡើងរហូតដល់ស្នងការនគរបាលក្រុងភ្នំពេញទៀតឡើងពីបេបទៅផ្កាយ… ឡើងពីគេហៅអ៎ា… ទៅឯកឧត្តម… ស្រួលដែរ… បាញ់សម្លាប់អ្នកណាក៏បានដែរ ព្រោះខ្លួនឯងដៃម្ខាងចាប់ ដៃម្ខាងជួញ… ទៅរកឃាតករឯណាឃើញទៅ ?
ហេង ពៅ បញ្ជាឱ្យកូនចៅមានឈ្មោះហេង វ៉េង, លី រ៉ាស៊ី និងផេង ផៃ ទៅពួនស្ទាក់បាញ់ប្រហារលោកថុង អ៊ុយប៉ាង ក្នុងពេលកំពុងធ្វើបុណ្យឆ្លងចេតិយ៍នៅវត្តទឹកថ្លា ។ អង្គរក្សលោកបានបាញ់តដៃ ត្រូវឃាតករមួយគ្រាប់ វិះដាច់កែងដៃ ត្រូវហេង ពៅ នាំឡើងយន្តហោះទាំងថ្ងៃទៅក្រុងព្រៃនគរ ដើម្បីព្យាបាល ។ ពេលនេះ ឃាតករដៃដល់រត់ចោលកូន ចោលប្រពន្ធ ចោលម៉ែឪបាត់ទៅហើយ ។
ភ្លាមៗឯកសារមានគ្រប់គ្រាន់ហើយ ប៉ុន្តែទីបំផុតហេង ពៅ បានឡើងពីប្រធានមន្ទីរប្រឆាំងគ្រឿង ញៀន មហាលោតផ្លោះទៅដល់ធ្វើស្នងការក្តាប់ប៉ូលិសមួយក្រុងភ្នំពេញទៀត … ទៅណាវ៉ាល្បែងជ្រែកអាកាស… អ្នកណាហ៊ានជាមួយ ហេង ពៅ ?
ដៃម្ខាងបាញ់សម្លាប់មនុស្សស្រេចតែចិត្តបញ្ជា ឯដៃម្ខាងទៀត ធ្វើជាស្រាវជ្រាវស្វែងរកឃាតករ ។ ម៉ែអាណារកឃើញទៅ ?
នៅពេលលោកហុក ឡងឌី ក្រហមមុខលែងចង់ប្រើ គេឃើញហេង ពៅ តម្រង់ទិសទៅរកជីវិតហុក ឡងឌី ទៀត ព្រោះហេង ពៅ មានបំណងចង់ឡើងដល់អគ្គនគរបាលជាតិ ដែលមហិច្ឆតានេះ ដោយសារបានមេៗថ្នាក់ថ្នម និងអួតសរសើរ ។ មេៗពេលនោះ អត់ហ៊ានជាមួយហេង ពៅ ទេ ព្រោះធ្លាប់ប្រើហេង ពៅ ឱ្យខូចរួចទៅហើយ ដឹងស្នាដៃគាត់ច្បាស់ អត់ហ៊ានធ្វើអ្វី ហេង ពៅ ទេ។
អ្នកណាក៏និយាយដែរ លោកហុក ឡងឌី បើកុំស្លាប់ដោយសារធ្លាក់យន្តហោះ ក៏ជីវិតគាត់រត់មិនរួចពីស្នាដៃហេង ពៅ ដែរ ។
លោកអ៊ុក សាវុធ បច្ចុប្បន្នជាអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បើកុំបានឆ្កែរបស់លោកព្រុសដេញមនុស្សចម្លែកលបបាញ់ប្រហារ កុំអីក្លាយជាចំណីគ្រាប់កាំភ្លើងក្រុម ហេង ពៅ បាត់ទៅហើយ។
លោកសុខ សេដ្ឋាមុនី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែកាត់ក្តីមិនឱ្យហេង ពៅ រំលោភយកអគារធំមួយនៅម្តុំអាងទឹកអូឡាំពិក ត្រូវក្រុមហេង ពៅ បាញ់ចោលទាំងថ្ងៃនៅម្តុំស្តុបវិថីត្រសក់ផ្អែម ។
ក្រោមអំណាចហេង ពៅ ដៃម្ខាងឃាតករ ដៃម្ខាងស្រាវជ្រាវចាប់ មានទៅរកឃាតករឯណាឃើញទៅ? លោកម៉ក់ ជីតូ ដឹងច្បាស់ពីអំពើរបស់ ហេង ពៅ វិះស្លាប់ ដោយសារ ហេង ពៅ តាមបាញ់ច្រើនដង ។ នៅបាញ់មនុស្សច្រើនទៀត… តែខ្ជិលរៀបរាប់ណាស់…
ប៉ុណ្ណឹងហើយ មេៗកំពូលរបស់ហេង ពៅ លើកហេង ពៅ កាន់តែខ្ពស់កប់ពពក ។
ចំណែកមេៗនៅសាលាដំបូងក្រុងភ្នំពេញសម័យនោះខ្លាចហេង ពៅ ដូចខ្លាចតោឈ្មោល ។ អត់អ្នកណាហ៊ានក្អកទេ ។ ត្រឹមត្រូវហើយដែលចេះខ្លាច ចេះគោរពសភាពការណ៍ ក្នុងគ្រានោះ ។ ព្រះរាជអាជ្ញាសាលាដំបូងម្នាក់ចេះយល់ហេង ពៅ ទើបរស់បានដល់សព្វថ្ងៃ ។
ក្នុងបេសកកម្មកម្ចាត់ថ្នាំញៀន ហេង ពៅ ឈរបញ្ជា ដោយកូនចៅម្នាក់បាំងឆត្រ បានសម្លាប់មនុស្សច្រើនណាស់ រាប់ក៏មិនអស់ដែរ។
បើនិយាយពីឃាតករដែលមានទោសជាង១០០ឆ្នាំ លោកហេង ពៅ និយាយមិនចប់ទេ បានជាខ្ញុំមិនចង់និយាយ ។
ណ្ហើយអង្គុយផឹកស្រាបារាំង ក្លែមសាច់ក្រកវិញ ប្រសើរជាងយកទុក្ខដាក់ខ្លួនទៅថ្ងៃក្រោយ…
និយាយមួយម៉ាត់ទៀតចុះ សាលាដំបូងក្រុងភ្នំពេញ បើកុំបានលោកបណ្ឌិតជីវ កេង ធ្វើប្រធាន ប្រហែលជាទុកមេឃាតករ ហេង ពៅ នៅដល់សព្វថ្ងៃ…
ណ្ហើយមិននិយាយច្រើនទេ… ប៉ុណ្ណឹងបានហើយ……..
អាឡេវ
ចែករំលែកព័តមាននេះ