ខេត្តកណ្តាល ៖ រថយន្តម៉ាកឡិចស៊ីស RX300 និងម៉ូតូហុងដាឌ្រីម បើកបោះពួយលឿនដូចគ្នា បញ្ច្រាសទិស បានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលឱ្យអ្នកបើកបរម៉ូតូស្លាប់បែកក្បាល និងអ្នករួមដំណើរជាមួយរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តទាំង២គ្រឿងរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២៦ មីនា នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ។
នគរបាលចរាចរស្រុកស្អាងបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តឡិចស៊ីស RX300 បើកបរដោយជនជាតិចិនម្នាក់ឈ្មោះ ជីង ហ្វីនឈឹង ភេទប្រុស អាយុ៤៥ឆ្នាំ ស្នាក់នៅក្នុងរោងចក្រភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។
ពេលមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងជាមួយម៉ូតូម៉ាកហុងដាឌ្រីមមួយគ្រឿងបើកបញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿនដូចគ្នា ដែលម៉ូតូនោះបើកដោយឈ្មោះ រឿន រៀម អាយុ២០ឆ្នាំ (ស្លាប់) មានទីលំនៅភូមិចុងកោះខាងកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ មឿន កុសល ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។
ចែករំលែកព័តមាននេះ