រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបញ្ជួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី២៧ មីនា ២០១៤ នេះ ដោយជាប់ពាក់ព័ន្ធកាន់កាប់អាវុធខុសច្បាប់ ។ ប្រភពបានឱ្យដឹងថា យុវជនរូបនេះឈ្មោះសម ធារិន ហៅជ្រុយ, ហៅរិទ្ធិ អាយុ២៥ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះលេខ៣៥៣ ផ្លូវលេខ៤៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៤ មិនា ២០១៤ កន្លងមក ឈ្មោះសម ធារិន ហៅជ្រុយ បានជិះម៉ូតូ១គ្រឿងម៉ាក FTR ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ ១BC ៨៤១៦ ទៅផឹកកាហ្វេនៅភូមិឬស្សី សង្កាត់ស្ទឹងមានជយ័ ។ ពេលនោះបានជួបមិត្តភក្តិ ៣នាក់ ១-ឈ្មោះទិត្យ ២-ឈ្មោះនាង ពេជ្រ ហៅពោក និង៣-ឈ្មោះ សាក់ ឃុនសុភក្ត្រ័ ហើយក៏បបួលគ្នាទៅផឹកស្រាបៀ ។
ឈ្មោះសម ធារិន និងមិត្តភក្តិ៣នាក់នោះ បាននាំគ្នាផឹករហូតដល់ម៉ោង៧យប់ ហើយឈ្មោះសម ធារិន បានសុំគេទៅក្រៅមួយភ្លែត ក៏ត្រឡប់មកវិញ និងមានសៀតកាំភ្លើងខ្លីម៉ាករ៉ូឡូនៅចង្កេះមួយដើមផង។ ពួកគេបានបន្តផឹករហូតដល់ម៉ោង៨ និង១០នាទីយប់ធ្លាក់ភ្នែករៀងៗខ្លួន ក៏បបួលគ្នាទៅរាំលេងនៅក្លឹបកម្សាន្ត (ស្កាយឌី) ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ ។ ពេលចូលក្លឹបរាំកម្សាន្តឈ្មោះសម ធារិន បានយកអាវុធខ្លីម៉ាករ៉ូឡូ១ដើមនោះ ទៅផ្ញើទុកសន្តិសុខក្លឹប ហើយនាំគ្នាចូលរាំកម្សាន្តលេងរហូតដល់ម៉ោង១ និង៤០នាទីឈានចូលថ្ងៃ២៥ មីនា ក៏ចេញពីក្លឹបវិញ ។ លុះបម្រុងជិះម៉ូតូ ចេញ ក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌឃាត់ខ្លួនមកកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរទាំង៤នាក់នោះតែម្តង ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ