រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ជាង១ពាន់គ្រួសារបានទទួលវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ កាលពីព្រឹកថ្ងៃទី២៧ មីនា ២០១៤ ក្រោមអធិបតីភាពលោកគួច ចំរើន អភិបាលខណ្ឌមានជ័យ និងលោកជ្រាវ សុផាន់ អភិបាលរងរាជធានីភ្នំពេញ។
លោកឈុន វុទ្ធី ប្រធានគ្រប់គ្រងតំបន់វិនិច្ឆ័យខណ្ឌមានជ័យបានមានប្រសាសន៍ថា ការផ្តល់វិញ្ញាបនបត្រសំគាល់អចលនវត្ថុដល់ប្រជាពលរដ្ឋក្នុងឱកាសនេះមានចំនួន១.៤៧០ក្បាលដី។
លោកថ្លែងបន្តថា ការធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺក្រោមគំនិតរបស់សាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងឱកាសនោះ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យបានបញ្ជាក់ថា ប័ណ្ណសម្គាល់អចលនវត្ថុរបស់បងប្អូនប្រជាពលរដ្ឋពិតជាមានសារសំខាន់ណាស់ក្នុងការដោះដូរ ឬប្រកបមុខរបរផ្សេងៗ។ ជាងនេះទៀតការផ្តល់ប័ណ្ណកម្មសិទ្ធិ គឺកាត់បន្ថយបាននូវបាតុភាពផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងបញ្ហាគ្រប់គ្រងដីធ្លី ហើយសកម្មភាពនេះគឺជាគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល៕
ចែករំលែកព័តមាននេះ