ខេត្តពោធិ៍សាត់៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៏ថា ប្រសិនបើបក្សប្រឆាំងបន្តធ្វើបាតុកម្មទៀត ហើយមិនគោរពតាមច្បាប់ និងការណែនំារបស់អាជ្ញាធរដែនដីទេនោះ រាជរដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការអនុវត្តតាមច្បាប់ ។
ការព្រមានជាសាធារណៈរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បែបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ មីនា ២០១៤ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវវារីអគ្គិសនីស្ទឹងអាតៃមានកម្លំាង១២០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ ។
ការព្រមានរបស់សម្តេចតេជោនេះដែរ បានធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២៦មីនាម្សិលមិញ បានមានប្រសាសន៏ថា គណបក្សសង្គ្រោះជាតិ នឹងធ្វើសមាជប្រជាជននៅថ្ងៃទី៣០ មីនា ២០១៤ ពោលគឺក្រោយបញ្ចប់ពិធីគោរពវិញ្ញាណក្ខន្ឋរំលឹកខួបឆ្នាំទី១៧ នៃការគប់គ្រាប់បែកដៃចូលក្រុមបាតុករនៅមុខមន្ទីររដ្ឋសភាចាស់កាលពីថ្ងៃទី៣០ មីនា ១៩៩៧ ។ ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិនឹងសួរយោបល់ប្រជាពលរដ្ឋអំពីការធ្វើបាតុកម្មជាថ្មីទៀត ។
បើតាមលោក សម រង្ស៊ី សមាជនោះនឹងបា្ររព្ឋធ្វើនៅទីលានប្រជាធិបតេយ្យ ស្ថិតនៅខាងក្រោយស្ថានទូតអាមេរិកប្រចំាកម្ពុជា ដោយមានមនុស្សចូលរួមប្រមាណ៥ពាន់នាក់ ។
ចំណែក លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនោះវិញ កាលពីពេលថ្មីៗនេះបានមានប្រសាសន៏ហើយថា ទីលានប្រជាធិបតេយ្យ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យមានការប្រមូលផ្តុំគ្នាតវ៉ាទៀតឡើយ រហូតដល់ការស៊ើបអង្កេតករណីហិង្សានៅផ្លូវវេងស្រេងបានត្រូវបិទបញ្ជប់ ៕
ចែករំលែកព័តមាននេះ