រាជធានីភ្នំពេញ ៖ ក្រោយជំនួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបេឡារូស លោកវ្លាឌីមៀរម៉ាកេ កាលពីថ្ងៃទី២៦ មីនា ២០១៤ នៅទីស្តីការក្រសួង លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស បានសម្តែងនូវក្តីរំពឹងថា នាពេលខាងមុខអ្នកវិនិយោគនៃសាធារណរដ្ឋបេឡារូសនឹងមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជាសំខាន់លើវិស័យកសិកម្ម។
លោកហោ ណាំហុង បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជាមានសក្តានុពលលើវិស័យកសិកម្ម ហើយប្រទេសបេឡារូសមានសមត្ថភាពជំនាញលើការផលិតសម្ភារកសិកម្មនោះ ដូច្នេះរវាងប្រទេសទាំង២ គឺសក្តិសមណាស់ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជា។
លោកហោ ណាំហុង បានបញ្ជាក់ថា ដើម្បីរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បេឡារូសនាពេលឆាប់ៗខាងមុខនេះ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបេឡារូសតបតាមការអញ្ជើញរបស់ប្រធានាធិបតីបេឡារូស ហើយអំឡុងពេលទស្សនកិច្ចនោះនឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនរវាងប្រទេសទាំង២ផងដែរ ដូច្នេះលោកសង្ឃឹមថា ចាប់ពីពេលនេះទៅកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-បេឡារូសកាន់តែរឹងមាំជាបន្តបន្ទាប់។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកវ្លាឌីមៀរម៉ាកេ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋបេឡារូសនៅកម្ពុជាមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ទី២៩ មីនា ២០១៤ ហើយនេះក៏ជាលើកទី១ផងដែរសម្រាប់ដំណើរទស្សនកិច្ចនៃរដ្ឋមន្ត្រីការបរទេសបេឡារូសនៅកម្ពុជា៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ