ពិធីបង្ហាញម្ហូបអាហារខ្មែរ ដែលជាកម្មវិធីរាត្រីសប្បុរសធម៌របស់អង្គការស្នាមញញឹមនៃកុមារ ដែលហៅកាត់ថា PSE នឹងរៀបចំឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៨ និង២៩ មីនា ២០១៤ នេះ ចាប់ពីម៉ោង៥ល្ងាច រហូតដល់យប់ជ្រៅ។
ពិធីបង្ហាញម្ហូបអហារខ្មែរ បានប្រមូលផ្តុំនូវចុងភៅជំនាញពីគ្រប់ខេត្ត-ក្រុង ដែលអាចឲ្យអ្នកចូលរួមទាំងអស់អាចភ្លក់បាននូវរសជាតិពិសេសៗប្រចាំតំបន់នីមួយៗ នៅក្នុងតម្លៃសមរម្យទៀតផង។ អ្នកចូលរួមដែលបានទិញសំបុត្រចូលទស្សនា និងមានឱកាសឈ្នះរង្វាន់ ក៏ដូចជាបានចូលរួមនឹងការកម្សាន្តផ្សេងៗជាច្រើននៅក្នុងកម្មវិធី។ ថ្វីបើកម្មវិធីមិនទាន់ចាប់ផ្តើម កម្មវិធីនេះបានក្លាយជាកម្មវិធីដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដែលជាហេតុធ្វើឲ្យមានការគាំទ្រយ៉ាងខ្លាំងពីបណ្តាម្ចាស់ជំនួយ និងអ្នកគាំទ្រជាច្រើននៅក្នុងប្រទេស។
ស្របគ្នានេះដែរ ក្រុមហ៊ុនឌីជីអ៊ីនធើរណេត បានបង្ហាញពីទស្សនៈស្ញប់ស្ញែងចំពោះអង្គការ PSE អំពីគំនិតផ្តួចផ្តើម ដ៏មានតម្លៃ និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ចំពោះកុមារក្រីក្រដែលកំពុងសិក្សានៅក្នុងអង្គការមួយនេះ។ ហើយចំពោះការសហការនៅក្នុងកម្មវិធីនេះដែរ ឌីជីបានបង្ហាញពីភាពរីករាយ និងមោទនភាពយ៉ាងខ្លាំងចំពោះអង្គការស្នាមញញឹមនៃកុមារ ដែលបង្កើតកម្មវិធីបង្ហាញម្ហូបអាហារខ្មែរឡើង ព្រោះកម្មវិធីនេះ មិនត្រឹមតែជាកម្មវិធីសប្បុរសធម៌ប៉ុណ្ណោះទេ តែជាការលើកកម្ពស់នូវអត្តសញ្ញាណជាតិដែលកន្លងមក ពុំមានការរៀបចំឡើងជាទ្រង់ទ្រាយធំ ដូចនេះក្រៅពីអង្គការនេះឡើយ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនអ៊ីនធើរណេតក្នុងស្រុកមួយនេះ ក៏បានបង្ហាញនូវគោលជំហររបស់ខ្លួន ដែលតែងតែបាន នឹងតាំងចិត្តបន្តគាំទ្រនូវការបង្កើតឡើងនូវសមិទ្ធផលថ្មីៗ ក៏ដូចជាកម្មវិធីរបស់ខ្មែរនាពេលកន្លងមក ក៏ដូចជានាពេលអនាគត។ ជាចុងក្រោយ ដើម្បីជាការរួមចំណែកនៅក្នុងការងារដ៏មានតម្លៃនេះ ក្រុមហ៊ុនឌីជីអ៊ីនធើរណេតបានបង្ហាញពីសេចក្តីគាំទ្រ និងសូមគោរពអំពាវនាវដល់កូនខ្មែរគ្រប់រូបឲ្យចូលរួមឲ្យបានច្រើនកុះករទាំងអស់គ្នា ដើម្បីទទួលនូវភាពរីករាយ និងជាការរួមចំណែកដល់ការជម្រុញការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈដល់កុមារក្រីក្រ ក៏ដូចជាការគាំពាររក្សា ព្រមទាំងលើកតម្កើងអត្តសញ្ញាណវប្បធម៌ជាតិ ។
ចែករំលែកព័តមាននេះ