ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​! លោកយាយ​លើកដៃ​សំពះ​អង្វរ​ឱ្យ​អាជ្ញាធរ​ដោះ​លេង​ប្តី​ដែល​ចាស់ជរា​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​ប៉ៃលិន ៖ លោកយាយ​ចំណាស់​ម្នាក់​យំ​លើកដៃ​សំពះ​អង្វរ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អភិបាលខេត្ត​ប៉ៃលិន​មេត្តា​ជួយ​អន្តរាគមន៍​ដោះ​លែង​លោកតា​ជរា​ជា​ប្តី អាយុ​ជិត​៨០​ឆ្នាំ ឱ្យ​ចេញពី​ពន្ធនាគារ​វិញ ក្រោយ​ពី​នគរបាល​ចោទ​ថា រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ បន្ទាប់​ពី​ទិញ​ឈើ​បេង​២​ដើម ប្រហោង​ក្នុង​ពី​ចម្ការ​១​កន្លែង​យក​ទៅ​ធ្វើ​គ្រែ​ដេក…

ខេត្ត​ប៉ៃលិន ៖ លោកយាយ​ចំណាស់​ម្នាក់​យំ​លើកដៃ​សំពះ​អង្វរ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​អភិបាលខេត្ត​ប៉ៃលិន​មេត្តា​ជួយ​អន្តរាគមន៍​ដោះ​លែង​លោកតា​ជរា​ជា​ប្តី អាយុ​ជិត​៨០​ឆ្នាំ ឱ្យ​ចេញពី​ពន្ធនាគារ​វិញ ក្រោយ​ពី​នគរបាល​ចោទ​ថា រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ បន្ទាប់​ពី​ទិញ​ឈើ​បេង​២​ដើម ប្រហោង​ក្នុង​ពី​ចម្ការ​១​កន្លែង​យក​ទៅ​ធ្វើ​គ្រែ​ដេក ស្រាប់តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន បញ្ជូន​ទៅ​តុលាការខេត្ត​តែ​ម្តង ។

ចំណែក​អ្នក​ភូមិ​ក៏​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​នគរបាល​ចាប់​លោកតា​ជរា ដោយ​ចោទ​ពី​បទ​រកស៊ី​ឈើ​ខុសច្បាប់ ហើយ​ម្នាក់​ៗ​និយាយ​ទាំង​គក់​ទ្រូង និង​គ្រវីក្បាល ។ ហេតុការណ៍​នគរបាល​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បុរស​ជរា​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោកតា​ចំណាស់​ជរា​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ឈ្មោះ មឿង សែ​ម អាយុ​៧៦​ឆ្នាំ ពិការ​ដៃ​ឆ្វេង​១​ចំហៀង មាន​ប្រពន្ធ​ឈ្មោះ ហាង ចាន់ អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

បើ​តាម​ស្ត្រី​វ័យ​ចំណាស់​ត្រចៀកធ្ងន់​បន្តិច​ស្តាប់​មិនសូវ​ឮជា​ប្រពន្ធ បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ប៉ូលិស​១​ក្រុម​បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​គាត់ ហើយ​ចោទប្រកាន់​ថា ពួក​គាត់​អារឈើ​ស្តុក​ទុក​ខុសច្បាប់ តែ​គាត់​ប្រាប់​ថា ពួក​គាត់​មិន​ធ្លាប់​រកស៊ី​អារឈើ​លក់​អ្វី​នោះ​ទេ​ដោយ​ធ្វើ​តែ​ចម្ការ ដាំ​ម្ទេស ដាំ​ត្រប់ បេះ​លក់​រាល់ថ្ងៃ និង​ដាំ​ស្រូវ បន្តិចបន្តួច ដើម្បី​លក់​ផ្គត់ផ្គង់​ជីវិត​ប៉ុណ្ណោះ ។ ប៉ុន្តែ​គាត់​បាន​បញ្ជូន​កូនស្រី​ម្នាក់​ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ក៏​បាន​ផ្ញើ​ប្រាក់​ឱ្យ​ទិញ​ឈើ​ទាំង​អស់នេះ ដើម្បី​ធ្វើ​គ្រែ​ដេក មុន​ពេល​ពួក​គាត់​អស់​ជីវិត​លាចាក​ពី​ផែនដី លុះ​មួយសន្ទុះ​ក្រោយមក​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​ប្តី​ខ្លួន​បញ្ចូល​ក្នុង​រថយន្ត​ឆ្ពោះទៅ​កាន់​អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ ។

គាត់​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា ប្តី​ពិការ​របស់​ខ្លួន​មាន​ជំងឺ​រាគ​រុស​ថែម​ទៀត​ត្រូវ​គេ​ចាប់​វាយ​ខ្នោះ គាត់​មិនដឹង​ជា​គិត​យ៉ាងណា​នោះ​ទេ មាន​តែ​អង្គុយ​ស្រក់​ទឹកភ្នែក​ដោយ​អាណិតអាសូរ​ដល់​ប្តី​ជរា​ពន់ពេក ខណ​:​ត្រូវ​គេ​ចោទ​ពី​បទ​រកស៊ី​បទល្មើស​ព្រៃឈើ ។ គាត់​ក៏​សូម​លើកដៃ​អង្វរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី​គាត់​ផង​ព្រោះ​ពួក​គាត់​មិនមែន​ជា​មនុស្ស​រកស៊ី​ជួញដូរ​ឈើ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ជា​ពិសេស​សុំ​ឱ្យ​ឯកឧត្តម ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ស៊ើបអង្កេត​ករណី​ប្តី​របស់​គាត់​ឱ្យ​បាន​ច្បាស់លាស់​ផង មុន​នឹង​ធ្វើការ​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ។

បើ​តាម​បុរស​ម្នាក់​ឈ្មោះ យឹ​ម វឿ​ន អាយុ​៦៥​ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​បុរស​ខាងលើ​បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​ទិញ​ឈើ​ពី​បុរស​ម្នាក់​ឈ្មោះ សរ ចំណាន នៅ​ឯ​ចម្ការ​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​ទិញ​អស់​រយ​:​ពេល​៦​ថ្ងៃ​មក​ហើយ​ក្នុង​តម្លៃ​៦៥០​ដុល្លារ បម្រុង​នឹង​យក​ទៅ​ធ្វើ​គ្រែ​ដេក ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​ក៏​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​តែ​ម្តង ដោយ​ចោទ​ពី​បទ​រកស៊ី​កាប់​ឈើ​ខុសច្បាប់ ។

ចំណែក​បុរស​ម្នាក់​ឈ្មោះ សរ ចំណាន អាយុ​២៥​ឆ្នាំ ជា​គ្រូបង្រៀន និង​ជា​ម្ចាស់​ឈើ​ខាងលើ បានឱ្យ​ដឹង​ថា លោក​បាន​លក់​ឈើ​ចំនួន​២​ដុំ ជា​ប្រភេទ​ឈើ​បេង ក្នុង​តម្លៃ​៦៥០​ដុល្លារ មាន​ប្រហោង​ក្នុង​ទៅ​ឱ្យ​បុរស​ខាងលើ​ព្រោះ​គាត់​សុំ​ទិញ ដើម្បី​ដឹក​យក​ទៅ​ឱ្យ​ជាង​ច្នៃ​ធ្វើ​គ្រែ​ដេក ហើយ​គាត់​ក៏​ជួល​គេ​ទៅ​កាត់​ក្នុង​ចម្ការ នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ ទើប​ជួល​គោ​យន្ត​កន្ត្រៃ​ដឹក​យក​ទៅ​ទុក​ក្នុងផ្ទះ ។ លោក​បន្ត​ទៀត​ថា ឈើ​ទាំង​២​ដុំ​ខាងលើ​នេះ​ពិតជា​ដុះ​នៅ​លើ​ដីចម្ការ​របស់​ខ្លួន​ប្រាកដ​មែន ដោយ​ពួក​គាត់ មិន​បាន​លួច​ពី​នរណា​នោះ​ឡើយ ឬ​រកស៊ី​ជួញដូរ​អ្វី​នោះ​ដែរ ហើយ​លោក​លក់​ឈើ​បេង​ទាំង​២​ដើម​នេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ស្រឡះ​ដី រួច​ភ្ជួរ​ដាំពោត​តែ​ម្តង ។

ចំណែក​អ្នក​រស់នៅ​ក្នុងភូមិ​ខាងលើ​ជា​ច្រើន​នាក់​បាន​លើក​ឡើង​ថា ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​ជា​មនុស្ស​ល្អ​ទេ​នៅ​ក្នុងភូមិ ដោយ​ធ្លាប់តែ​រកស៊ី​ដាំ​បន្លែ​លក់​ចិញ្ចឹមជីវិត និង​ធ្វើស្រែ​បន្តិចបន្តួច ហើយ​រាល់ថ្ងៃ​គាត់​រស់​ដោយសារ​មានកូន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ រួច​ផ្ញើ​ប្រាក់​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ទិញ​ថ្នាំលេប ហើយ​ពួក​គាត់​មិន​ធ្លាប់​រកស៊ី​បទល្មើស​ព្រៃឈើ​អ្វី​ដូច​ការ​ចោទ​របស់​នគរបាល​នោះ​ឡើយ ហើយ​ឈើ​កំណាត់​តូច​ៗ និង​ឈើ​បេង​ប្រហោង​ក្នុង​ទាំង​អស់នោះ គឺ​គាត់​ទិញ​ផ្សំគ្នា​នៅ​តាម​ចម្ការ​ក្នុង​គោលបំណង​យក​ទៅ​ធ្វើ​គ្រែ​ដេក តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​បានឱ្យ​ដឹង​ថា ខាង​លោក​ចាប់​ឃាត់ខ្លួន​បុរស​ខាងលើ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ហើយ​សំនុំរឿង​នេះ​ខាង​លោក​ក៏​បាន​រៀបចំ និង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ ពោល គឺ​ផុត​ពី​ដៃ​របស់​លោក ។ លោក​បន្ត​ទៀត​ថា ពេល​នេះ​ខាង​លោក​កំពុង​ជាប់រវល់​ទទួល​ទូរស័ព្ទ​ពី​ខាង​អភិបាលស្រុក ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​ៗ​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ