ខេត្តត្បូងឃ្មុំ ៖ ពិធីចាប់ត្រីបែបប្រពៃណីពីបុរាណ ត្រូវបានរក្សារហូតមកដល់សព្វថ្ងៃនេះ មានរាប់រយឆ្នាំមកហើយ ។ជាក់ស្ដែង នៅត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានកំណត់ពេលវេលាចាប់ត្រីដោយធ្វើឡើងម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២៦ នេះ។

គេសង្កេតឃើញមនុស្សម្នា ក្មេង ចាស់ ប្រុស ស្រី មកពីគ្រប់ទិសទី មានរហូតដល់រាប់ពាន់នាក់ ចុះចាប់ត្រី ដោយទឹកមុខស្រស់ញញឹមសប្បាយរីករាយ ជាមួយនោះ កម្លាំងសមត្ថកិច្ចមាននគរបាលអាវុធហត្ថ ត្រូវបានដាក់ពង្រាយតាមគោលដៅ ដើម្បីពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដល់បងប្អូនមកកម្សាន្តលេងផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងរដូវវស្សាកន្លងទៅ ឯកឧត្តមទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រួមទាំងមន្ត្រីជំនាញក្រោមឱវាទ បានយកកូនត្រីចម្រុះចំនួន៥ម៉ឺនកូនលែងនៅតំបន់ត្រពាំងក្រម ប្រយោជន៍ដើម្បីឲ្យពពួកមច្ឆាទាំងនោះ បានពងកូនសំបូរបែបនៅពេលមានកម្មវិធីប្រតិ្តការណ៍ចាប់ត្រី ។

ក្នុងទិដ្ឋភាពនោះ ការដឹកនាំចាប់ត្រីសប្បាយលេងគឺមានការចូលរួមពីសំណាក់ឯកឧត្តម ប៉ែន
កុសល្យ អភិបាលខេត្ត ព្រមទាំងអភិបាលរងខេត្ត អមដោយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ។

លោកប្រធានមន្ទីរកសិកម្មខេត្តមមានប្រសាសន៍បន្តឲ្យដឹងទៀតថា ចំពោះលក្ខខណ្ឌឧបករណ៍នេសាទបែបបុរាណ ដែលតម្រូវឲ្យចុះចាប់ត្រី គឺមានអង្រុត និងឈ្នាង គ្រាន់តែដល់ម៉ោងគឺម្នាក់ៗបានត្រៀមលក្ខណៈសម្បត្តិចុះចាប់ដោយព្រមៗគ្នាតែម្ដង គឺមនុស្សក្មេងចាស់ប្រុសស្រីចុះចាប់ឡើងណែនពេញត្រពាំងក្រម ដែលអាចដល់ខ្ទង់ម៉ឺននាក់ ។

អ្នកខ្លះចាប់បានត្រីកំផ្លៀញ ត្រីឆ្លាំង ត្រីរ៉ស់ ត្រីឡាត មានតូចមានធំ ដោយមានឧបករណ៍ស្ពាយសម្រាប់ដាក់ត្រីពេលពិនិត្យមើលថា សមល្មមហើយមានអ្នកខ្លះបានឡើងមកលើគោកដោយបង្កាត់ភ្លើងអាំងត្រីនៅក្រោមម្លប់ឈើ ជួបជុំមិត្តភក្តិ ក្រុមគ្រួសារ ទទួលទានអាហារសប្បាយលេង ដែលមួយឆ្នាំមានតែម្ដង ។

ការចុះចាប់នេះ ទឹកក្រោមចង្កេះ មនុស្សចាស់ មានបងប្អូន ៤ទៅ៥នាក់ មកពីស្រុកតំបែរ បានចាប់ត្រីបានរហូតដល់ជាង៣០គីឡូ ។ ជាមួយនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្តផ្ដល់ប័ណ្ណសរសើរអ្នកដែលទទួលបានជ័យលាភីចាប់ត្រីច្រើនជាងគេ ។

សូមបញ្ជាក់ថា ដើម្បីថែរក្សាអភិរក្សត្រីឲ្យគង់វង្សនៅត្រពាំងក្រម គឺមន្ទីរកសិកម្មខេត្តបានបង្កើតឲ្យមានសហគមន៍ដោយមានដាំដើមឈើបន្ថែម សម្រាប់ជាម្លប់ពេលដែលរដូវកម្មវិធីចាប់ត្រីបែបបុរាណឈានចូលមកដល់ ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ថា ចំពោះទិដ្ឋភាពជារួមមនុស្សដែលមកចាប់ត្រីនៅឆ្នាំនេះ គឺមានចំនួនច្រើនជាងឆ្នាំកន្លងទៅ ។ ហើយត្រីដែលបងប្អូនប្រជាពលរដ្ឋចុះចាប់ដោយប្រើឧបករណ៍អង្រុត និងឈ្នាង គឺទិន្នផលមានការកើនឡើង ដោយសារតែមានការយកចិត្តទុកដាក់ពីក្រសួងកសិកម្មក៏ដូចជាអាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្តដល់មូលដ្ឋាន។

មុនពេលពិធីចាប់ត្រី គឺគេបានដាក់កម្លាំងយាមប្រចាំការទាំងយប់ទាំងថ្ងៃ ដោយមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋណាម្នាក់ចូលទៅនេសាទនៅចំណុចត្រពាំងក្រម ដោយខុសច្បាប់នោះទេ។ សកម្មភាពចាប់ត្រីដែលរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ គឺបានទាក់ទាញមនុស្សមកពីតាមបណ្ដាខេត្តនានា ជុំវិញខេត្តត្បូងឃ្មុំមកលេងកម្សាន្តច្រើនកុះករដល់រាប់ម៉ឺននាក់ឯណោះ ។

ដើម្បីបង្កើតនូវភាពសប្បាយរីករាយ ក៏មានការប្រគំតន្ត្រីខ្នាតធំ ដែលបានធ្វើឡើងនាយយប់ថ្ងៃទី១៤ កុម្ភៈ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់ ក្រៅពីប្រជាពលរដ្ឋកម្ពុជា ក៏មានបងប្អូនវៀតណាមបានមកចូលរួមចាប់ត្រីបង្កើតភាពសប្បាយរីករាយក្នុងទឹកមុខស្រស់ញញឹមជាអ្នកធំផងរបងជាមួយ ។

ចែករំលែកព័តមាននេះ