ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមឆ្នាំ ​២០២៦ ​នេះ ក្រសួង​ការងារ​ ជំរុញ​ឱ្យយុវជន ប្រជាពលរដ្ឋ និង​អតីត​ពលករ​មក​ពី​ប្រទេស​ថៃ ​សិក្សា​ជំនាញ​ខ្លី​ ​ដើម្បី​ទទួល​បាន​ចំណូល

3 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ដើមឆ្នាំ​ ២០២៦ ​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ…

រាជធានីភ្នំពេញ ៖ ដើមឆ្នាំ​ ២០២៦ ​នេះ លោក ស៊ុន មេ​សា អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​អំពាវនាវ​ដល់​យុវជន ប្រជាពលរដ្ឋ និង​បងប្អូន​អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ឱ្យមក​ចុះ​ឈ្មោះ​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​ជំនាញ​ខ្លី​រយៈពេល​ត្រឹម ៤​ខែ ដើម្បី​ទទួល​បាន​ជំនាញ​បច្ចេកទេស​ជាក់ស្តែង និង​បង្កើន​ឱកាស​រក​ចំណូល​កាន់តែ​ប្រសើរ​ ។ លោក ស៊ុន មេ​សា បញ្ជាក់​ថា វគ្គ​សិក្សា​រយៈពេល​ខ្លី ៤​ខែ គឺជា​ជម្រើស​សម​ស្រប​សម្រាប់​យុវជន និង​អតីត​ពលករ ដែល​ចង់​មាន​ជំនាញ​សម​ស្រប​នឹង​តម្រូវការ​ទីផ្សារ​ក្នុងស្រុក ដោយ​មិន​ចាំបាច់​ចំណាយពេល​យូរ ប៉ុន្តែ​អាច​ទទួល​បាន​ជំនាញ​ជាក់ស្តែង និង​ឱកាស​ការងារ​បាន​ឆាប់រហ័ស ​។

សូម​រំលឹក​ថា កម្មវិធី TVET 1.5M ផ្តល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​ចំនួន ១០ ជាមួយ ៤៥ ជំនាញ រួម​មាន វិស័យ​សំណង់​, អគ្គិសនី និង​ថាមពល​, អេ​ឡិច​ត្រូ​និក​, កម្មន្ដសាល​, មេកានិច​ទូទៅ​/​មេកានិច​រថយន្ដ​, ធុរកិច្ច និង​ព័ត៌មានវិទ្យា​, សេវាកម្ម​, បរិក្ខារ​ត្រជាក់ និង​កម្ដៅ​, ទេសចរណ៍ និង​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម ដែល​រៀបចំ​ឡើង​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ជាក់ស្តែង និង​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ​។

គិត​ត្រឹម​ខែមករា ឆ្នាំ​ ២០២៦ មាន​សិស្ស​ស្នើ​ចុះ​ឈ្មោះ​សរុប ១៥៦,៤៧០ នាក់ ក្នុង​នោះ​អ្នកមាន​បណ្ណសម​ធម៌​ចំនួន ៦៦,៨៣០ នាក់​។ សិស្ស​ដែល​កំពុង​រៀន និង​បាន​បញ្ចប់​ការ​សិក្សា​សរុប​មាន ៩៤,៥១៣ នាក់ ក្នុង​នោះ ៤៥,៩២៦ នាក់​ជា​អ្នកមាន​បណ្ណសម​ធម៌​។ ក្នុង​ចំណោម​អ្នក​បញ្ចប់​ការ​សិក្សា​មាន​ចំនួន ៥៤,៣៣០ នាក់ ទទួល​បានការ​ងារ​ធ្វើ​រួច​ហើយ​ដែល​ក្នុង​នោះ​មាន​សិស្ស​ចំនួន ២៨,៣៨៣ នាក់​ជា​មាន​បណ្ណ​សមធម៌ ​។

អ្នកនាំពាក្យ​រូប​នេះ​ក៏​បាន​បន្ត​អំពាវនាវ​ឱ្យ​យុវជន និង​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​មាន​ជំនាញ​បច្ចេកទេស ឬ​ចង់​បង្កើន​ជំនាញ​បន្ថែម រួសរាន់​ចុះ​ឈ្មោះ​សិក្សា ដើម្បី​បង្កើន​សមត្ថភាព និង​ធានា​បាន​នូវ​ចំណូល​ប្រកបដោយ​ស្ថិរភាព​ក្នុង​អនាគត​ ។

គួរ​រម្លឹក​ថា កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ក្រុម​គោលដៅ​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅ​ទូ​ទាំង​ប្រទេស​ចំនួន​ប្រមាណ​១,៥​លាន​នាក់ ក្នុង​កម្រិត​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុង​ឆ្នាំ​២០២៣ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី​ ១៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ៕ អត្ថបទសហការ