Reuters: រដ្ឋាភិបាលជប៉ុននឹងផ្លាស់ប្តូរការចំណាយការងារសាធារណៈនៅក្នុងឆ្នាំនេះ ដើម្បីទប់ទល់នឹងផលប៉ះពាល់នៃការដំឡើងពន្ធលក់នៅខែក្រោយនិងកំណត់ទិសដៅចំណាយយ៉ាងហោចណាស់១០លានលានយ៉េននាដំណាច់ខែកញ្ញា នេះបើយោងតាមប្រភពមួយដែលបានប្រាប់សារព័ត៌មានរ៉យទ័រ ។
តាមប្រភពដដែលនោះបានឲ្យដឹងថា ថវិកា ចំនួនប្រហែល១០លានលានយ៉េននៅក្នុងសាធារណការនឹងយកចេញពីថវិកា១៥,៤លានលានយ៉េនដែលបានកំណត់នៅក្នុងកញ្ចប់ថវិកា ជំរុញសេដ្ឋកិច្ច និងយកពីថវិកាឆ្នាំសារពើពន្ធ២០១៤ ។
ការសម្រេចនេះកើតមានឡើងចំពេលមានសញ្ញាថា គោលនយាបាយសេដ្ឋកិច្ចរបស់លោកនាយករដ្ឋមន្ត្រីស៊ិនហ្សូ អាបេ កំពុងបាត់បង់សន្ទុះ ។ ទន្ទឹមនឹងនេះក៏មានក្តីបារម្ភថា កង្វះខាតកម្លាំងពលកម្មនឹងធ្វើឲ្យលំបាកក្នុងការចំណាយថវិកាសារធារណការឲ្យបានឆាប់បំផុតដូចដែលរដ្ឋាភិបាលសង្ឃឹមទុក ។ រដ្ឋាភិបាលនឹងបង្កើនពន្ធលក់ពី៥%ដល់៨%នៅថ្ងៃទី១ មេសា ខាងមុខដើម្បីចំណាយសម្រាប់ថ្លៃសុខុមាលភាពដែលកើនឡើង ។
អ្នករៀបចំគោលនយោបាយបានសម្តែងក្តីបារម្ភពីការជំរុញកំណើន នៅគ្រាដែលសេដ្ឋកិច្ចត្រូវបានរំពឹងថានឹងធ្លាក់ចុះបណ្តោះអាសន្នបន្ទាប់ពីការដំឡើងពន្ធលក់ដោយសារការធ្លាក់ចុះការចំណាយរបស់អ្នកប្រើប្រាស់ ។
រដ្ឋាភិបាលលោកអាបេ បានអនុម័តកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច៥,៥លានលានយ៉េនរួចរាល់ហើយ ព្រមទាំងបានបង្កើនការចំណាយសាធារណការនៃថវិកាឆ្នាំសារពើពន្ធ២០១៤ ដើម្បីជំរុញតម្រូវការ ។ យ៉ាងណាក៏ដោយ អ្នករៀបចំគោលនយោបាយមួយចំនួន និងសេដ្ឋវិទូកំពុងចាប់ផ្តើមបារម្ភថា កំណើនសេដ្ឋកិច្ចនឹងធ្លាក់ចុះច្រើនជាងការរំពឹងទុក នៅក្នុងឆមាសទី២ឆ្នាំនេះនៅគ្រាដែលការនាំចេញរបស់ជប៉ុនថមថយ ។
តាមប្រភពដដែលបានបន្តថា រដ្ឋាភិបាលកំពុងកំណត់ទិសដៅប្រហែល១២លានលានយ៉េនសម្រាប់ការចំណាយលើសាធារណការ ពីថវិកាឆ្នាំសារពើពន្ធ២០១៤ និង៣,៤លានលានយ៉េនពីកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ៕
ចែករំលែកព័តមាននេះ