រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនអេង កាំង ដែលធ្លាប់មានបញ្ហាចម្រុងចម្រាស់រឿងដីឈាបនដ្ឋានវត្តខ្ទរពេលនេះ ត្រូវបានក្រុមហ៊៊ុនប៊ុន ជេស្ន ចោទប្រកាន់ថា បានសាងសង់របងរំលោភយកដី ដោយចូលពីព្រំដីផ្នែកខាងមុខប្រវែង៣ម៉ែត្រ និងផ្នែកខាងក្រោយប្រវែងជាង១ម៉ែត្រ ព្រមទាំងបន្តសាងសង់របងទាំងបំពានទៀត ទោះបីហាមឃាត់ក៏មិនឈប់ដែរ ។
តំណាងក្រុមហ៊ុនប៊ុន ជេស្ឋ បានឱ្យដឹងថា ក្រុមហ៊ុន ប៊ុន ជេស្ឋ បានធ្វើការអភិវឌ្ឍន៍លើដីកម្មសិទ្ធិរបស់ខ្លួនទំហំ៥៣,៣៧២ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ជាប់ផ្លូវសម្តេចជាស៊ីម និងបានចាក់ដីធ្វើផ្លូវបេតុង ដោយឃ្លាតពីព្រំប្រមាណ៣ម៉ែត្រចាប់ពីផ្លូវសម្តេចជាស៊ីម និងខាងក្រោយប្រវែងជាង១ម៉ែត្រ ។ លុះក្រោយមកនៅឆ្នាំ២០១០ ក្រុមហ៊ុនអេង កាំង ដែលជាក្រុមហ៊ុនមួយមានសំណាងធំណាស់ដូចត្រូវឆ្នោត បានទិញយកដីសាលាកសិកម្មជាតិព្រែកលៀបប្រមាណជិត២០ហិកតា ក៏បានបូមដីចាក់និងបានធ្វើរបងរំលោភចូលពីព្រំដីរបស់ក្រុមហ៊ុនប៊ុន ជេស្ឋ តាំងពីមុខរហូតដល់ក្រោយប្រវែងជាង១០០ម៉ែត្រ ។
តាមតំណាងក្រុមហ៊ុនប៊ុន ជេស្ឋ បានឱ្យដឹងទៀតថា នៅពេលក្រុមហ៊ុនអេង កាំង សង់របងរំលោភនោះ ក្រុមហ៊ុនរបស់លោកបានប្តឹងទៅការិយាល័យរៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលខណ្ឌឫស្សីកែវ ឱ្យជួយអន្តរាគមន៍ ហើយខាងភូមិបាលបានអញ្ជើញភាគីទាំង២ជួបដើម្បីធ្វើការដោះស្រាយនៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០១៤ ។ ដោយភាគីខាងក្រុមហ៊ុនប៊ុន ជេស្ឋ មិនចង់បានអ្វីនោះទេ គឺចង់បានតែដីត្រឹមត្រូវតាមឯកសារតែប៉ុណ្ណោះ ព្រោះមានបង្គោលបេតុងបោះចំណាំព្រំដីរៀងៗខ្លួន ។ នៅព្រឹកនោះក្រុមការងារបានចុះវាស់វែង និងបាញ់ថ្នាំកំណត់ព្រំហើយព្រមទាំងណែនាំដល់ក្រុមហ៊ុនអេង កាំង ឱ្យបញ្ឈប់ការសាងសង់សិន លុះត្រាតែមានការឯកភាពពីក្រុមហ៊ុនប៊ុន ជេស្ឋ ។
តាមតំណាងរូបនោះបានបន្តទៀតថា ទោះបីមានការណែនាំយ៉ាងណាក៏ដោយ ក្រុមហ៊ុនអេងកាំង នៅតែបន្តសាងសង់របងដោយបំពាន ហើយនៅរសៀលថ្ងៃទី២៤ មីនា ក្រុមកម្មករបានចុះទៅរុះរើរបងនោះ ចេញក៏បង្កឱ្យមានផ្ទុះនូវបាតុភាពតែម្តង ។ គួរបញ្ចាក់ថា ក្រុមហ៊ុនអេង កាំង ជាក្រុមហ៊ុនដែលបានទិញដីសាលាកសិកម្មជាតិប្រមាណជិត២០ហិកតា លុះក្រោយមកបានរត់ការឃុបឃិតគ្នា សុំដោះដូរយកដីឈាបនដ្ឋានវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរបន្ថែមទៀត ដើម្បីពង្រីកដីរបស់ខ្លួនឱ្យកាន់តែធំមហាសាល ដោយប្រើរូបភាពយក«ផ្ទាំងដីដូរយកឆ្នាំងមាស»បង្កឱ្យផ្ទុះបាតុភាពដោយអ្នកភូមិចំណុះជើងវត្តចំនួនជាងមួយពាន់នាក់ បានផិ្តតមេដៃហាមដោះដូរ ។ បន្ទាប់ពីផ្ទុះការប្រឆាំងតវ៉ាក្រុមហ៊ុនបានព្យាយាមប្រើគ្រប់រូបភាព ដោយហៅតំណាងអ្នកតវ៉ាទៅសម្របសម្រួល ដើម្បីឱ្យបញ្ឈប់តវ៉ា តែអ្នកស្រុកមិនព្រម ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអេង កាំង បានជួលគ្រឿងចក្រទៅវាយកម្ចេចឈាបនដ្ឋានកណ្តាលយប់ថ្ងៃទី២ វិច្ឆិកា ឆ្នាំ២០១៣ ជាហេតុធ្វើឱ្យអ្នកស្រុកនាំគ្នាលើកគ្នាដុតកម្ចេចគ្រឿងចក្រទាំងយប់ និងបាននាំគ្នាតវ៉ាបិទផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០១៣ បណ្តាលឱ្យស្ទះចរាចរណ៍អស់១ព្រឹក ហើយត្រូវបានប្រមុខរាជរដ្ឋាភិបាលលុបចោល ស.ជ.ណ ប្រគល់ដីទុកជាគរុភណ្ឌរបស់វត្តវិញ ។ លុះមកដល់ពេលនេះ ត្រូវបានគេចោទថា បានធ្វើរបងរំលោភយកដីក្រុមហ៊ុនប៊ុន ជេស្ឋ ទៀត ។ ទោះជាយ៉ាងណា កោះសន្តិភាពពុំអាចទទួលការបំភ្លឺពីក្រុមហ៊ុនអេង កាំងទ្បើយ ព្រោះពុំមានលេខទូរស័ព្ទទាក់ទង ៕
ចែករំលែកព័តមាននេះ