ធនាគារកណ្តាលកូរ៉េខាងត្បូងនិយាយថា សេដ្ឋកិច្ចកូរ៉េខាងត្បូងកើនឡើង៣% កាលពីឆ្នាំ២០១៣ ពោលគឺល្អជាងការរំពឹងទុកកាលពីមុនដោយសារមានការជំរុញពីការនាំចេញ និងកំណើនវិស័យកម្មន្តសាល ។
តួលេខដែលបានកែប្រែឡើងវិញសម្រាប់ផលិតផលក្នុងស្រុកសរុប(GDP)គឺខ្ពស់ជាង២,៨% ដែលបានព្យាករកាលពីលើកមុន ហើយលើកនេះជាកំណើនឆាប់រហ័សបំផុតចាប់តាំងពីទទួលបានកំណើន៣,៧% កាលពីឆ្នាំ២០១១ ។
យ៉ាងណាក៏ដោយ ធនាគារកណ្តាលក៏បានកែប្រែទម្លាក់កំណើនត្រីមាសទី៤ពី៣,៩%មក៣,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ ។ ធនាគារបាននិយាយនៅក្នុងរបាយការណ៍ថា វិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធបានធ្លាក់ចុះ ប៉ុន្តែកំណើនការចំណាយរបស់អ្នកប្រើប្រាស់នៅទ្រឹង ហើយការនំាចេញបានជួយជំរុញកំណើនដែរ ។ ការនាំចេញដែលស្មើនឹងពាក់កណ្តាលនៃសេដ្ឋកិច្ចទាំងមូលបានកើនឡើង៤,៣% កាលពីឆ្នាំមុន ខណៈដែលផលិតកម្មកម្មន្តសាលបានកើនឡើង៣,៣% ។
ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី៤ នៅអាស៊ីមួយនេះរងផលប៉ះពាល់ខ្លាំងនៅក្នុងអំឡុងពេលនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ដែលបានធ្វើឲ្យតម្រូវការនាំចេញរបស់ខ្លួនដែលរួមមានរថយន្ត កាប៉ាល់ និងគ្រឿងអេឡិចត្រូនិក ធ្លាក់ចុះ ។ ប៉ុន្តែការនាំចេញទៅក្រៅប្រទេសកើនឡើងខ្ពស់ដល់ទៅ៥៥៩,៧២ពាន់លានដុល្លារកាលពីឆ្នាំ២០១៣ នៅពេលដែលតម្រូវការពិភពលោកកើនឡើង ។
ធនាគារកណ្តាលបានព្យាករថាកំណើនសេដ្ឋកិច្ចឆ្នាំ២០១៤ នឹងកើនឡើង៣,៨% ដោយសារការចំណាយរបស់រដ្ឋាភិបាល និងទីផ្សារក្រៅប្រទេសល្អប្រសើរ ៕
ចែករំលែកព័តមាននេះ