រដ្ឋាភិបាលវេណេស៊ុយអេទ្បាបន្តនយោបាយបង្ក្រាបការតវ៉ា ដែលខ្លួនប្រឈមមុខចាប់តាំងពី៦សប្តាហ៍មកហើយ ជាមួយការចាប់ខ្លួនឧត្តមសេនីយ៍៣នាក់ កាលពីយប់ថ្ងៃទី២៤ មីនា ។ ឧត្តមសេនីយ៍ទាំង៣នាក់នេះ ត្រូវបានប្រធានាធិបតីលោក នីកូទ្បាស់ម៉ាឌូរ៉ូ ចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ចំណែកអភិបាលក្រុងម្នាក់ជាជនប្រឆាំង ត្រូវបានកាត់ទោសកាលពីថ្ងៃទី២៥ មីនា ដាក់គុក១ឆ្នាំ ។
នៅឯកិច្ចប្រជុំមួយរបស់រដ្ឋមន្ត្រីការបរទេសសហភាពបណ្តាប្រជាជាតិអាមេរិកខាងត្បូង UNASUR នៅក្រុងការ៉ាកាស់ លោកម៉ាឌូរ៉ូ អះអាងថា កាលពីយប់ថ្ងៃទី២៤ មីនា យើងបានចាប់ខ្លួនឧត្តមសេនីយ៍កងទ័ពអាកាស៣នាក់ ដែលជាប់ការស៊ើបអង្កេត ។ ឧត្តមសេនីយ៍ទាំង៣រូបនេះ មានបំណងបះបោរប្រឆាំាំងរដ្ឋាភិបាលស្របច្បាប់ ។ លោកបន្តថា ឧត្តមសេនីយ៍ទាំងនេះ មានទំនាក់ទំនងដោយផ្ទាល់ជាមួយពួកប្រឆាំងមួយចំនួន ។ ពួកគេត្រូវនាំទៅកាត់ទោសមុខតុលាការយោធាមួយពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារ ។ ការប៉ុនប៉ងបែបនេះ ត្រូវបានរាយការណ៍ ដោយបណ្តានាយទាហានដែលបដិសេធការអំពាវនាវឱ្យកាន់អាវុធផ្តួលរំលំរដ្ឋាភិបាល ៕
ចែករំលែកព័តមាននេះ