ម៉ាឡេស៊ីគឺជាទីតាំងផលិតកម្មកំពូលនៅលើពិភពលោក នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនអចលនទ្រព្យពិភពលោកCushman & Wakefield (C&W) ។ បន្ទាប់ពីប្រទេសម៉ាឡេស៊ី មានកោះតៃវ៉ាន់ជាប់លេខ២ កូរ៉េខាងត្បូងជាប់លេខ៣ និងថៃជាប់លេខ៤ ។ ចំណែកប្រទេសចិនដែលជាប្រទេសផលិតកម្មធំបំផុតនៅលើពិភពលោកជាប់ចំណាត់ថ្នាក់ទី៥ បើទោះបីជាដំណើរការខ្លាំងបើគិតពីតម្លៃក៏ដោយ ។ ប្រទេសចិនបានរបូតចេញពីតំណែងកំពូលដោយសារពិន្ទុខ្សោយរបស់ខ្លួននៅក្នុងផ្នែកហានិភ័យ ។
ចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីសប្តាហ៍មុនក្រុមហ៊ុនC&Wនិយាយថា សន្ទស្សន៍ផលិតកម្មឆ្នាំ២០១៤បង្ហាញថា ម៉ាឡេស៊ីបានទទួលពិន្ទុល្អជាពិសេសនៅក្នុងផ្នែកតម្លៃ និងហានិភ័យ ជាហេតុធ្វើឲ្យប្រទេសនេះស័ក្ដិសមទទួលបានតំណែងកំពូល ។
ជាការកត់សម្គាល់ គេសង្កេតឃើញថា ប្រទេសដែលជាប់ចំណាត់ថ្នាក់កំពូលទាំង៥នៅក្នុងសន្ទស្សន៍វាស់វែងនេះគឺភាគច្រើនជាប្រទេសមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក ។
នាយកប្រតិបត្តិក្រុមហ៊ុនC & W ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលោក Richard Middletonនិយាយថា តំបន់អាស៊ីប៉ាស៊ីហ្វិកបន្តក្លាយជាទីតាំងគួរឲ្យកត់សម្គាល់បំផុតនៃវិស័យផលិតកម្មឬកម្មន្តសាលនៅលើពិភពលោក ហើយរឿងនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈប្រទេសកំពូលទាំង៥នៅក្នុងសន្ទស្សន៍ ។ បន្ថែមលើនេះទីតាំងមួយចំនួនទៀតដូចជា វៀតណាម និងហ្វ៊ីលីពីនក៏ត្រូវបានព្យាករថានឹងផុសឡើងនៅក្នុងអំឡុងពេលពីរបីឆ្នាំខាងមុខក្នុងនាមជាគោលដៅផលិតកម្មគួរឲ្យកត់សម្គាល់ ។
យោងតាមក្រុមហ៊ុនបានឲ្យដឹងទៀតថា សន្ទស្សន៍ផលិតកម្មឆ្នាំ២០១៤ បានវាយតម្លៃកត្តាជាច្រើនដែលទំនងជានឹងប៉ះពាល់ដល់ប្រតិបត្តិការជោគជ័យនៃទីតាំងផលិតកម្មនៅក្នុងប្រទេសទាំង៣០ដែលមានទិន្នផលផលិតកម្មខ្ពស់បំផុត ដូចដែលបានកំណត់ដោយអង្គការពាណិជ្ជកម្ម និងវិនិយោគសហប្រជាជាតិ(UNCTAD) ។
គួរបញ្ជាក់ថា មានវិស័យគ្រឹះ៣យ៉ាងដែលត្រូវយកមកវិភាគនៅក្នុងរបាយការណ៍វាយតម្លៃនេះ មានដូចជា តម្លៃ ហានិភ័យ និងលក្ខខណ្ឌ ហើយត្រូវបានបែងចែកទៅជាប្រភេទតូចៗជាង៣០ទៀត ៕
ចែករំលែកព័តមាននេះ