ខេត្តកំពង់ឆ្នាំង ៖ លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា «គោលនយោបាយភូមិឃុំមានសុវត្ថិភាព គឺជាកត្តាចម្បងដែលនាំឲ្យ ប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន និងក្នុងមូលដ្ឋានមានសុខសន្តិភាព»។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅឃុំក្រងិល ស្រុកកំពង់លែង ដែលមានសមាជិកចូលរួមជាង៦០០នាក់ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ដើម្បីធានាបានសុខសន្តិភាពបានល្អប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចេះសហការគ្នាក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ កម្ចាត់ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា ដោយឡែក សម្រាប់ស្រុកកំពង់លែង រដូវនេះជារដូវទឹកកាន់តែឡើងខ្លាំង សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកូនចៅមិនត្រូវបណ្ដោយឱ្យនៅតែឯងនោះទេ និងមិនត្រូវបណ្ដោយឱ្យទៅណាមកណាដោយគ្មានមនុស្សចាស់ទៅជាមួយឡើយ ។ ចំណែកអាជ្ញាធរដែនដីត្រូវរៀបចំរកទីទួលមានសុវត្ថិភាព ត្រៀមសម្ភារៈ សម្រាប់ជួយដល់បងប្អូនមកទីទួលមានសុវត្ថិភាព និងត្រៀមមធ្យោបាយសម្រាប់ចម្លងប្រជាពលរដ្ឋទៅរកទីទួលសុវត្ថិភាព ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ