ក្រោយការបាញ់មីសីុលរយៈមធ្យម២គ្រាប់របស់កូរ៉េខាងជើង ដែលមីសីុលទាំងនោះប្រហែលជាធុន NODONG អាចបាញ់បានចម្ងាយពី១០០០ទៅ១៥០០គ.ម សហរដ្ឋអាមេរិកបានធ្វើការរិះគន់យ៉ាងខ្លាំងដោយចាត់ទុកថា នោះជាការបង្កើនការបង្កហេតុមួយ ។
ការបាញ់មីសីុលទាំងនោះ ធ្វើឡើងបន្ទាប់ពីការជួបគ្នាកំពូលរវាងប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី PARK GEUN HEY និងនាយករដ្ឋមន្ត្រីជប៉ុន លោក សីុនហ្សូអាបេ នៅក្រុងឡាអេ កាលពីថ្ងៃទី២៥ មីនា ដោយមេដឹកនាំទាំង៣ គូសបញ្ជាក់ពីសារសំខាន់នៃការរួបរួមគ្នាត្រីភាគីប្រឈមមុខនឹងកូរ៉េខាងជើង ។
នាឱកាសនោះ លោក អូបាម៉ា បានសន្យាពីការគាំទ្រដោយគ្មានលក្ខខណ្ឌចំពោះកូរ៉េខាងត្បូង និងជប៉ុនប្រឈមមុខនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង ។ លោកមានប្រសាសន៍ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ការរួមសហការគ្នាយា៉ងជិតស្និទ្ធរបស់ប្រទេសយើងទាំង៣ អាចធ្វើឱ្យមានការផ្លាស់ប្តូរគួរសមជាមួយកូរ៉េខាងជើង។ កិច្ចសហប្រតិបត្តិការត្រីភាគីរបស់យើងបានបញ្ជូនសារខ្លាំងមួយចំពោះក្រុងព្យុងយ៉ាងគឺថា ការឆ្លើយតបចំពោះការបង្កហេតុ និងការគំរាមកំហែងទាំងឡាយរបស់គេនឹងធ្វើដោយសំឡេងតែមួយ ៕
ចែករំលែកព័តមាននេះ