គណៈកម្មាធិការនៃបណ្តាប្រមុខសេនាធិការដ្ឋានកងទ័ពកូរ៉េខាងត្បូងរាយការណ៍ថា កងទ័ពកូរ៉េខាងជើង កាលពីព្រឹកថ្ងៃទី២៦ មីនា បានធ្វើសមយុទ្ធយោធាមួយ ដោយក្នុងសមយុទ្ធនោះ មីស៊ីលបាលីស្ទិករយៈមធ្យម២គ្រាប់ ត្រូវបានបាញ់ចេញទៅកាន់សមុទ្រខាងកើត ។
គណៈកម្មាធិការនោះបញ្ជាក់ថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិក១គ្រាប់ នាវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ហើយមីស៊ីលមួយទៀតបាញ់នាវេលាម៉ោង២និង៤៥នាទី ចេញពីតំបន់ Sukchon ភាគខាងជើងក្រុងព្យុងយ៉ាងទៅកាន់សមុទ្រខាងកើត ។
បើព័ត៌មាននោះជាការពិត ការបាញ់មីស៊ីលទាំងនោះគឺជាលើកដំបូងពុំធ្លាប់មានចាប់តាំងពី៥ឆ្នាំមកហើយ ។ កូរ៉េខាងជើងធ្លាប់បាញ់មីស៊ីល ធុន Nodong កាលពីថ្ងៃទី៥ កក្កដា ឆ្នាំ២០០៦ ហើយមីស៊ីលធុននោះមួយទៀតបាញ់កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០០៩ ។ យោងតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប របបកូរ៉េខាងជើងមិនអាចបាញ់មីសុីលបាលីស្ទិកណាមួយឡើយ ។
ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា បានទទួលរបាយការណ៍នានាពីការបាញ់មីស៊ីលទាំងនោះរបស់កូរ៉េខាងជើង ។ មន្ត្រីម្នាក់នៃមន្ទីរប៉ង់តាហ្គោន គូសបញ្ជាក់ថា យើងតាមដានសភាពការណ៍នៅឧបទ្វីបកូរ៉េ ។ យើងបន្តស្នើដល់កូរ៉េខាងជើងឱ្យមានការអត់ធ្មត់ ហើយចាត់វិធានការនានា ដើម្បីកែលម្អទំនាក់ទំនងជាមួយបណ្តាប្រទេសជិតខាង ។ មន្ត្រីរូបនោះស្នើដល់កូរ៉េខាងជើង កុំឱ្យបង្កហេតុ ៕
ចែករំលែកព័តមាននេះ