ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៥ មីនា បានសន្យាថា ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដើម្បីតាមរកបំណែកយន្តហោះបាត់ដាន ជើងហោះហើរ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ។
ក្នុងសន្និសីទសារព័ត៌មានមួយ លោក ហុីសាមមូដឌីន ហ៊ូសេន រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី និយាយថា ខណៈការតាមរកយន្តហោះនោះនៅបន្ត យើងផ្តោតលើការកាត់បន្ថយទំហំតំបន់តាមរក ។
លោកបន្តថា គ្មានដែនដីណានៅក្បែរតំបន់ហោះហើររបស់យន្តហោះ នាភាគខាងត្បូងមហាសមុទ្រឥណ្ឌាឡើយ និងថាពេលនោះយន្តហោះសល់ប្រេងតិចបំផុត ដូច្នេះក្តីសង្ឃឹមថាអាចមានអ្នកនៅរស់រានមានជីវិត ពិតជាតិចតួចខ្លាំងណាស់ ។ ចំណែកនាយករដ្ឋមន្ត្រីចិនលោក Li Keqiang កាលពីថ្ងៃទី២៥ មីនា បានចេញបញ្ជាដល់បណ្តាផ្នែកដែលទាក់ទិន ឱ្យស្នើដល់ភាគីម៉ាឡេស៊ីផ្តល់ព័ត៌មានលម្អិត និងច្បាស់លាស់នានាពីយន្តហោះបាត់ដាននោះ ។
ក្នុងសន្និសីទមួយរបស់រដ្ឋាភិបាលចិនលោក Li គូសបញ្ជាក់ថា ភាគីម៉ាឡេស៊ី ត្រូវបញ្ចេញប្រតិកម្មដោយត្រឹមត្រូវបំផុត យោងតាមអនុសញ្ញាអន្តរជាតិ បន្តរួមសហការតាមរុករករបស់អន្តរជាតិ ហើយបញ្ចូលបណ្តាអ្នកជំនាញការចិនក្នុងការស៊ើបអង្កេតដោយស៊ីជម្រៅមួយ ។
រីឯនាវារំលាយទឹកកកចិនឈ្មោះ Xuelong កាលពីថ្ងៃទី២៦ មីនា បានទៅដល់តំបន់ដែលយន្តហោះចិនប្រទះឃើញ កាលពីថ្ងៃទី២៤ មីនា នូវរបស់នានាដែលអាចទាក់ទងនឹងយន្តហោះបាត់ដាន ។ ចំណែកយន្តហោះចិន១គ្រឿងធុន IL-76 នាព្រឹកថ្ងៃទី២៦ មីនា នោះក៏បានទៅដល់តំបន់គោលដៅរុករកពិសេស នាភាគខាងត្បូងមហាសមុទ្រឥណ្ឌាដែរ រួចចាប់ផ្តើមតាមរក ៕
ចែករំលែកព័តមាននេះ