ខេត្តប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន២ករណីបានកើតឡើងដោយខុសគ្នាតែកន្លះម៉ោង ក្នុងថ្ងៃតែមួយបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៤នាក់ទៀតរបួសស្រាល ចំណែកម៉ូតូខូចខាតធ្ងន់មួយគ្រឿង និងស្រាលចំនួន២គ្រឿង។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ មីនា ២០១៤ នៅលើដងផ្លូវជាតិលេខ៥៧ ភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ករណីទី១ ម៉ូតូមួយគ្រឿងម៉ាកឌ្រីមពណ៌ខ្មៅបើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៥៧ លុះដល់ចំណុចកើតហេតុក៏ស៊ីញ៉ូភ្លើងបត់ឆ្វេងបម្រុងឆ្លងផ្លូវក្នុងទិសដៅទៅលិចក៏ត្រូវម៉ូតូមួយគ្រឿងទៀតម៉ាកវ៉េវបើកក្នុងល្បឿនយ៉ាងលឿនមកដល់បុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យដួលរងរបួសស្រាលទាំងអស់គ្នា និងខូចខាតម៉ូតូស្រាល១គ្រឿង ធ្ងន់១គ្រឿង។
ករណីទី២ បុរសម្នាក់ជិះម៉ូតូតែម្នាក់ឯងក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវកែងបានរេចង្កូតបុកខឿនចែកទ្រូងផ្លូវយ៉ាងពេញទំហឹងដួលបោកក្បាលទៅនឹងខឿនចែកទ្រូងផ្លូវបណ្តាលឱ្យស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកម៉ូតូរងការខូចខាតស្រាល។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ