ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីសតិមិនប្រក្រតីម្នាក់អាយុ១៥ឆ្នាំ បានត្រូវជនម្នាក់រស់នៅក្នុងភូមិជាមួយគ្នា ល្បួងចាប់រំលោភនៅក្នុងព្រៃរហូតបានសម្រេច តែជននេះក៏ត្រូវចាប់ខ្លួនដែរ ក្រោយពីធ្វើសកម្មភាពបានប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ករណីចាប់រំលោភនេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២២ មីនា នៅចំណុចព្រៃរបោះក្រោយភូមិ ស្ថិតក្នុងឃុំចាន់សែន ស្រុកឧដុង្គ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា តាមចម្លើយសារភាពរបស់ជនឈ្មោះ ហៀង ក្រឹម អាយុ២៥ឆ្នាំ បានឆ្លើយថា ដោយខ្លួនមានចំណង់ផ្លូវភេទ ក៏ល្បួងក្មេងស្រីពីក្នុងភូមិយកមកដល់ទួលព្រៃរបោះក្រោយភូមិ រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេចតែម្តង ។ ក្រោយពីធ្វើសកម្មភាពហើយ ជនឈ្មោះ ហៀង ក្រឹម មិនបានរត់ទៅណាទេ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកឧដុង្គ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ត ។
ជនឈ្មោះ ហៀង ក្រឹម ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ប្រភពក្រៅផ្លូវការមួយឱ្យដឹងថា ពេលនេះជនឈ្មោះ ហៀង ក្រឹម កំពុងមានបងប្អូនរត់ការជាមួយតុលាការ ដើម្បីបានមានសេរីភាពឡើងវិញ ។ ទោះបីជាបែបណា គេរង់ចាំមើលថា តើព័ត៌មាននេះពិត ឬមិនពិត ហើយបើសិនជាមានការដោះលែងមែន គ្រួសារក្មេងស្រីនឹងមិនសុខចិត្តឡើយ ៕
ចែករំលែកព័តមាននេះ