ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ៖ ការវាយប្រហារដោយដ្រូនមួយរបស់ពួកឧទ្ទាមយេម៉ែនហ៊ូធី កាលពីថ្ងៃទី១៤កញ្ញានាំឲ្យមានភ្លើងឆាបឆេះក្នុងទីតាំងប្រេងកាត២ របស់ក្រុមហ៊ុនប្រេងយក្សARAMCOអារ៉ាប៊ីសាអ៊ូឌីត ដែលជាការវាយប្រហារបែបនេះលើកទី៣ហើយ ក្នុងរយៈពេល៥ខែ ប្រឆាំងបណ្ដាហេដ្ឋារចនាសម្ព័ន្ធប្រេងកាតរបស់ប្រទេសនាំប្រេងចេញធំទី១លើពិភពលោកនោះ។
ពួកឧទ្ទាមហ៊ូធីធ្លាប់ប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារ២លើកមុន កាលពីខែឧសភានិងខែសីហា លើបណ្ដាទីតាំងប្រេងរបស់ក្រុមហ៊ុនARAMCOនៅអារ៉ាប៊ីសាអូឌីត ជាប្រទេសចូលរួមធ្វើអន្តរាគមន៍ជួយកងទ័ពរដ្ឋាភិបាល ប្រឆាំងពួកឧទ្ទាមនេះ។
ក្រសួងមហាផ្ទៃអារ៉ាប៊ីសាអូឌីតគូសបញ្ជាក់ថា នាវេលាម៉ោង៤ទៀបភ្លឺម៉ោងក្នុងស្រុក បណ្ដាក្រុមការពារសន្តិសុខរបស់ARAMCO បានធ្វើអន្តរាគមន៍ ដើម្បីពន្លត់ភ្លើងក្នុងទីតាំងប្រេងកាត២កន្លែងដែលរងការវាយប្រហារដោយបណ្ដាដ្រូន នៅABQAIQ និងKHURAIS។ ភ្លើងឆេះទាំង២កន្លែងនោះត្រូវបានពន្លត់តែគេមិនបានបញ្ជាក់ថា តើដ្រូនទាំងនេះហោះមកពីណាឡើយ។ គេក៏មិនបានបញ្ជាក់ដែរពីបណ្ដាអ្នករងគ្រោះ ឬថាតើការវាយប្រហារនេះនាំឲ្យមានការផ្អាកប្រតិបត្តិការអាជីវកម្មប្រេងក្នុងទីតាំងទាំង២នោះឬយ៉ាងណាឡើយ។ ការស៊ើបអង្កេតមួយកំពុងតែធ្វើ។
អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានពង្រឹងសន្តិសុខនៅជុំវិញទីតាំងប្រេងរងការវាយប្រហារទាំង២កន្លែងនោះ ដោយរារាំងពួកអ្នកកាសែតមិនឲ្យទៅក្បែរដើម្បីតាមដានលើការខូចខាត។ ពពកផ្សែងបានហុយពីលើទីតាំងប្រេងទាំង២។
ក្នុងសេចក្ដីប្រកាសមួយចេញផ្សាយតាមទូរទស្សន៍ AL MASSIRAHពួកហ៊ូធីរៀបរាប់ពីប្រតិបត្តិការវាយប្រហារសងសឹកមួយ ប្រឆាំងបណ្ដារោងចក្រចម្រាញ់ប្រេងកាតនៅABQAIQ និងKHURAIS។
ទីតាំងABQAIQស្ថិតនៅចម្ងាយ៦០គីឡូម៉ែត្រភាគនិរតីក្រុងDAHRAN មានទីស្នាក់ការធំរបស់ក្រុមហ៊ុនប្រេងនោះ ហើយមានរោងចក្រចម្រាញ់ប្រេងកាតធំជាងគេ របស់ក្រុមហ៊ុនARAMCO។ ចំណែកទីតាំងKHURAISចម្ងាយ២៥០គីឡូម៉ែតពីក្រុងDAHRANមានចម្ការប្រេងធំមួយរបស់ARAMCO។
ពួកឧទ្ទាមហ៊ូធីនិយាយថាពួកគេវាយប្រហារជាការសងសឹកចំពោះការវាយប្រហារតាមអាកាសនានា របស់ក្រុមចម្រុះនាំមុខដោយអារ៉ាប៊ីសាអូឌីត ដែលធ្វើអន្តរាគមន៍នៅយេម៉ែនពីឆ្នាំ២០១៥មក ក្នុងសង្គ្រាមនៅយេម៉ែន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ