ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ឡើង​វិញ​បន្ទាប់​ម្ចាស់​អាជីវកម្ម​ត្អូញត្អែរ​ខ្លាំង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​ខ្លាំង​រហូត​ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ជា​ច្រើន​ត្អូញត្អែរ​ពី​ការ​បាត់​ចំណូល​មួយ​ផ្នែក​និង​ព្រួយ​បារ​ម្ភ​ពី​ផល​បះ​ពាល់​ជីវភាព​បាន​សំណូម​អោយ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងទេសចរណ៍​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កាន់​ទឹកដី​អង្គរ​ឡើង​វិញ ។ ​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​រដូវវស្សា​គឺជា​រឿង​ដែល​តែងតែ​កើត​មាន ព្រោះ​រដូវវស្សា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រដូវ​ដែល​មាន​ទេសចរ​ទាប (Low season) ។…

រាជធានី​ភ្នំពេញ ៖ ខណៈ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​ខ្លាំង​រហូត​ម្ចាស់​អាជីវកម្ម​តូច​-​ធំ​ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ជា​ច្រើន​ត្អូញត្អែរ​ពី​ការ​បាត់​ចំណូល​មួយ​ផ្នែក​និង​ព្រួយ​បារ​ម្ភ​ពី​ផល​បះ​ពាល់​ជីវភាព​បាន​សំណូម​អោយ​ក្រសួង​ពាក់ព័ន្ធ ជា​ពិសេស​ក្រសួងទេសចរណ៍​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​កាន់​ទឹកដី​អង្គរ​ឡើង​វិញ ។

​យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​រដូវវស្សា​គឺជា​រឿង​ដែល​តែងតែ​កើត​មាន ព្រោះ​រដូវវស្សា​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​រដូវ​ដែល​មាន​ទេសចរ​ទាប (Low season) ។ ក៏​ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​តេស​ចរណ៍​បាន​អះអាង​ថា​ក្រសួង​ក៏​បាន​និង​កំពុង​ដាក់​ផែនការ​ដើម្បី​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​សៀមរាប​ឡើង​វិញ ។ ​

លោក ច្រឡឹង សុមេធា អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បានអោយ​ដឹង​ថា «​យើង​ទទួលស្គាល់​ថា​ទេសចរ​នៅ​ខេត្តសៀមរាប​បាន​ធ្លាក់​ចុះ​ពិតមែន ក៏​ប៉ុន្តែ​វា​អត់​មានអី​ចម្លែក​ទេ ព្រោះ​រដូវ​នេះ ជា​រដូវ​ខ្សត់​ភ្ញៀវ​ដែល​ហៅ​ថា​រដូវ Low Season ។ ថ្វី​ត្បិត​តែ​នៅ​បណ្ដា​ប្រទេស​ប៉ែក​អឺរ៉ុប ជា​វិស្សមកាល​រដូវក្ដៅ​របស់​គេ​ក្ដៅ តែ​សម្រាប់​កម្ពុជា គឺជា​រដូវភ្លៀង ដែល​ភ្ញៀវ​អឺរ៉ុប ពិបាក​ក្នុង​ការ​ដើរ​ទស្សនា​នៅ​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា​» ។ លោក​បាន​បន្ត​ថា «​យើង​ក៏​ទទួលស្គាល់​ដែរ ថា​ភ្ញៀវ​វា​ធ្លាក់​ជាង​ឆ្នាំ​មុន​ៗ ដូច្នេះ​ក្រសួង​ក៏​បាន​រៀបចំ​នូវ​ផែនការ​មួយ​ចំនួន ដើម្បី​ស្ដារ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្តសៀមរាប​ឡើង​វិញ​» ។ លោក​បាន​បន្ថែម​ថា ក្រសួងទេសចរណ៍ បាន​ធ្វើ​ការងារ​ច្រើន ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍ នៅ​ខេត្តសៀមរាប​ឡើង​វិញ ក្នុង​នោះ ក្រសួង​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍ កែ​លំអ​គុណភាព​សេវាកម្ម​ទេសចរណ៍ ដោយ​ត្រូវ​បណ្ដុះបណ្ដាល​បន្ថែម​នូវ​ធនធានមនុស្ស​ក្នុង​វិស័័យ​នេះ ពិសេស​ខាង​វិស័យ​ម្ហូបអាហារ​និង​ភេសជ្ជៈ ។

ក្រៅពី​នេះ​ក្រសួងទេសចរណ៍ ក៏​មាន​គោលការណ៍​មួយទៀត គឺ​ជំរុញ​ឱ្យ​មន្ត្រី ទេសចរណ៍​នៅ​ច្រក​ទ្វារ​អន្តរជាតិ ត្រូវ​បង្កើន​នូវ​ការ​ធ្វើ​បដិសណ្ឋារកិច្ច​អោយ​បាន​ល្អ ដើម្បី​ទទួល​រាក់ទាក់​ភ្ញៀវ​ទេសចរណ៍ ដែល​ចូល​តាម​ផ្លូវគោក ដោយ​ក្រសួង​បាន​បណ្ដុះបណ្ដាល​មន្ត្រី​ប្រចាំ​ច្រក​ទ្វារ ពី​របៀប​ធ្វើ​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវ ។ ​លោក​បាន​គូសបញ្ជាក់​ថា ជាមួយនឹង​គោលការណ៍ ដែល​ក្រសួង​បាន​កំណត់​និង​កំពុង​ធ្វើ​នៅ​ពេល​នេះ យើង​រំពឹង​ថា នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទស្សនា​នៅ​ខេត្តសៀមរាប​ឡើង​វិញ ។ យ៉ាងណាមិញ រដូវភ្លៀង​ក៏​ជិត​ផុត​ហើយ​ដែរ ដូច្នេះ ចូល​ដល់​រដូវ​ក្រោយ​ភ្ញៀវ​នឹង​មក​កាន់​កម្ពុជា ជា​ពិសេស​នៅ​ខេត្តសៀមរាប​ឡើង​វិញ ។

បើ​តាម​លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ធ្លាប់​បាន​លើក​ឡើង​ថា ដើម្បី​អោយ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាន់តែ​ច្រើន​នោះ «​អាជ្ញាធរ​គួរ​បង្កើត​តំបន់​ទេសចរណ៍​ថ្មី​ៗ​បន្ថែម​ទៀត និង​ធ្វើ​អោយ​ភ្ញៀវ​ស្នាក់​នៅ​កម្ពុជា កាន់តែ​បាន​យូរ ។ កន្លង​មក​ភ្ញៀវ​ទេសចរ​បរទេស​មួយ​ចំនួន គ្រាន់តែ​ទិញ​សំបុត្រ​ជិះ​យន្តហោះ មក​មើល​អង្គរវត្ត​និង​ស្នាក់​នៅ​សៀមរាប​ពីរ​បី​ថ្ងៃ​ក៏​ត្រលប់​ទៅ​វិញ ដោយ​មិន​ទៅ​លេង​តំបន់ផ្សេង​ៗ ដូច្នេះ​បើសិនជា​កម្ពុជា មាន​តំបន់​ទេសចរណ៍​ល្បី​ៗ​ផ្សព្វផ្សាយ​អោយ​បាន​ទូលំទូលាយ នោះ​ភ្ញៀវ​ទេសចរ​នឹង​អាច​ចង់ទៅ​លេង និង​ស្នាក់​នៅ​ក្នុង​ប្រទេស​យើង​កាន់តែ​បាន​យូរ ហើយ​ចំណូល​ក៏​កាន់តែ​ច្រើន​ដែរ​»​។

ចំណែក​លោកស្រី ក្លេ​ខៃ​ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា បាន​និយាយ​ផង​ដែរ​ថា កម្ពុជា​គួរតែ​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​បន់​ទេសចរណ៍​ទៅ​កាន់​ពិភពលោក​បន្ថែម​ទៀត នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ល្បី​ៗ​លើ​ពិភពលោក ធ្វ​យ៉ាងណា​អោយ​ភ្ញៀវ​ទេសចរ​នៅ​លើ​ពិភពលោក​បាន​ស្គាល់​ពី​កម្ពុជា និង​តំបន់​ទេសចរណ៍​ល្បី​ៗ​ទាំងនោះ ។

យោង តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ដែល​ជា​អ្នកលក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទស្សនា​តំបន់​អង្គរ បានអោយ​ដឹង​ថា ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ ២០១៩​នេះ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​មាន​ចំនួន ១,៥៥​លាន​នាក់ ហើយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​មានការ​ថយ​ចុះ​ប្រមាណ​១១,០៥​ភាគរយ ។​ដោយឡែក​ក្នុង​ខែសីហា ឆ្នាំ​២០១៩​នេះ​ដែរ ភ្ញៀវ​ទេសចរ​បរទេស​ទិញ​សំបុត្រ​ទស្សនា​អង្គរ​ក៏​បាន​ធ្លាក់​ចុះ​ប្រមាណ ២១,៦៧​ភាគរយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ