ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនប់​ធារាសាស្ត្រ​កប់​សេះ​បាន​ក្លាយ​ជាទី​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខែវស្សា

20 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ទំនប់​កប់​សេះ គឺជា​ទំនប់​មួយ​កសាង​ឡើង​ដើម្បី​ស្ទាក់​ទឹក​ទុក​សម្រាប់​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ ។ ទំនប់​នេះ មាន​តាំងពី​សម័យ​ខ្មែរក្រហម និង​មក​ដល់​រដ្ឋ​កម្ពុជា​ក៏​នៅ​តែ​បន្ត​ជួសជុល​ឡើង​វិញ សម្រាប់​ការងារ​កសិកម្ម ។…

ខេត្តកំពង់ឆ្នាំង ៖ ទំនប់​កប់​សេះ គឺជា​ទំនប់​មួយ​កសាង​ឡើង​ដើម្បី​ស្ទាក់​ទឹក​ទុក​សម្រាប់​បង្កបង្កើន​ផល​របស់​ប្រជា​កសិករ ។ ទំនប់​នេះ មាន​តាំងពី​សម័យ​ខ្មែរក្រហម និង​មក​ដល់​រដ្ឋ​កម្ពុជា​ក៏​នៅ​តែ​បន្ត​ជួសជុល​ឡើង​វិញ សម្រាប់​ការងារ​កសិកម្ម ។ ទំនប់​កប់​សេះ បាន​ក្លាយ​ជាទី​រមណីយដ្ឋាន​សម្រាប់​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​នៅ​រដូវ​ខែវស្សា​ផង​ដែរ ។ ទំនប់​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​២ គឺ​ឃុំ​ឈូកស និង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង​។

ជាក់ស្ដែង នៅ​ថ្ងៃអាទិត្យ​ទី​៦ កញ្ញា ឆ្នាំ​២០២៥ ដែល​ត្រូវ​នឹង​ថ្ងៃ​សែន​ក្បាលទឹក មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ទៅ​លេង​យ៉ាងច្រើន​រាប់រយ​នាក់ ដែល​ធ្វើ​ឲ្យ​ទីតាំង​មួយ​នេះ​មាន​មនុស្ស​ម្នា​អ៊ូរ​អ​ណែនណាន់តាន់តាប់ មាន​ទាំង​អ្នក​លក់ដូរ​ម្ហូបអាហារ​ភេសជ្ជៈ​មាន​អ្នកលេង​ទឹក និង​ខ្លះ​ជិះ​ម៉ូតូ​កាត់ទឹក​លើ​ខ្នង​ទំនប់​មួយ​នេះ​ផង​ដែរ ។

លោក វន ស៊ី​ផា អភិបាលស្រុក​កំពង់ត្រឡាច​បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ថា កាលពី ថ្ងៃអាទិត្យ​ទី​៦ ខែកញ្ញា ដែល​ត្រូវ​នឹង​ថ្ងៃ​សែន​ក្បាលទឹក​ម្សិលមិញ​នេះ មាន​ភ្ញៀវ​ទៅ​លេង​យ៉ាងច្រើន លោក​ក៏​បាន​ចាត់​ឱ្យ​កងកម្លាំង​នគរបាល​រួម និង​ប្រជា​ការពារ​ចូលរួម​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​បងប្អូន​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ផង​ដែរ ។

ដោយឡែក​លោក អឿ សា​រឿ​ន ប្រធាន​ស្ដីទី​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា ទំនប់​កប់​សេះ ថ្វីបើ​បាន​កសាង​ពី​សម័យ​ខ្មែរក្រហម​ពិតមែន ប៉ុន្តែ​បាន​តិចតួច​ប៉ុណ្ណោះ ។ ក្រោយ​ថ្ងៃ​រំដោះ​៧ មក​រា ១៩៧៩ ក្នុង​សម័យ​រដ្ឋ​កម្ពុជា ទំនប់​នេះ​ត្រូវ​បាន​ជួសជុល​ឡើង​វិញ ដោយ​ដំណាក់កាល​ទី​មួយ គឺ​កែន​ប្រជាពលរដ្ឋ​កូនសិស្ស​មន្ត្រីរាជការ​ទៅ​លើក​ទំនប់​នៅ​ទីនោះ​។

លុះ​ដំណាក់កាល​ទី​២ គឺ​សហគមន៍​អឺរ៉ុប​ដែល​ជំនាន់​នោះ​ហៅ​ថា ប្រា​សាក់ ក៏​បាន​ជួសជុល​កែ​លម្អ​ឡើង​វិញ និង​ក្រោយមក​ទៀត គឺ​បាន​កសាង​ជួសជុល​បន្ថែម​ដោយ​ស្បៀង​ពលកម្ម ដែល​កាលនោះ​ហៅ​ថា ធ្វើ​ពលកម្ម​ដូរ​អង្ករ ។ បច្ចុប្បន្ន ខែវស្សា​នៅ​ចំណុច​នោះ​ត្រង់​ទំនប់​ទឹក​បង្ហៀរ​គឺ​មានទឹក​ហូរ​ធ្លាក់​ពី​ទំនប់ ដែល​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​លេង​កម្សាន្ត និង​មិន​មាន​អ្វី​ទេ​នៅ​ខែប្រាំង​។ ប្រជា​ពល​រដ្ឋ​អាច​ទៅ​លេង​កម្សាន្ត​ផ្លូវ​ចូល​ត្រង់​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៥​ត្រង់​ចំណុច​ថ្នល់ទទឹង ក្នុង​ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ