ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ម៉ា​ឡេ​ស៊ី ចាប់ដៃ​សហការ​រឹង​មាំ ដើម្បីលើកកម្ពស់​សុខភាព​កុមារ​កម្ពុជា ​តាម​រយៈ​វេទិកា “International Paediatric Symposium 2026”

18 វិនាទី មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ម៉ា​ឡេ​ស៊ី ប្តេជ្ញា​លើកកម្ពស់​សុខភាព​កុមារ​រួម​គ្នា​តាម​រយៈ​កម្មវិធី “International Paediatric Symposium 2026” ក្រោម​ប្រធានបទ “Paediatrics…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ម៉ា​ឡេ​ស៊ី ប្តេជ្ញា​លើកកម្ពស់​សុខភាព​កុមារ​រួម​គ្នា​តាម​រយៈ​កម្មវិធី “International Paediatric Symposium 2026” ក្រោម​ប្រធានបទ “Paediatrics Without Borders” ដែល​រៀបចំ​ឡើង​ដោយ​មន្ទីរពេទ្យ Sunway Medical Centre អ្នកជំនាញ​វេជ្ជសាស្ត្រ​ទាំង​ពីរ​ប្រទេស បាន​រួម​គ្នា​ពង្រឹង​បណ្តាញ​សហការ និង​បច្ចេកវិទ្យា​ព្យាបាល​ទំនើប​ៗ ដើម្បី​សុវត្ថិភាព និង​អនាគត​កុមារ​កម្ពុជា ។

កាលពី​ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៦ កន្លង​មកនេះ នៅ​សណ្ឋាគារ Shangri-La លោក​ជំទាវ​សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បើក​កម្មវិធី International Paediatric Symposium 2026 ក្រោម​ប្រធានបទ “Paediatrics Without Borders” របស់​មន្ទីរពេទ្យ Sunway Medical Centre ក្រោម​ការ​សម្របសម្រួល​ពី​ស្ថានទូត​ម៉ា​ឡេ​ស៊ី ប្រចាំ​ប្រទេស​កម្ពុជា ។

កម្មវិធី​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​សាស្ត្រាចារ្យ សុខ ជួរ ទីប្រឹក្សា និង​ជា​អគ្គនាយករង​បច្ចេកទេស​សុខាភិបាល និង​តំណាង​នាយកដ្ឋាន​សេវា​សុខាភិបាល និង​បាន​ប្រមូលផ្តុំ​អ្នកជំនាញ​វេជ្ជសាស្ត្រ​កុមារ និង​ដៃគូ​វិស័យ​ឯកជន​កម្ពុជា​-​ម៉ា​ឡេ​ស៊ី ដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង បទ​ពិសោធន៍ និង​លើកកម្ពស់​សុខភាព​កុមារ តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​កម្រិត​តំបន់ ។

លោក​ជំទាវ​សាស្ត្រាចារ្យ រដ្ឋលេខាធិការ បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ភាព​ជា​ដៃគូ​សាធារណៈ និង​ឯកជន ដែល​រាជរដ្ឋាភិបាល​កម្ពុជា តែងតែ​យកចិត្តទុកដាក់​ជា​អាទិភាព ។ ក្រសួងសុខាភិបាល បាន​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​ជាតិ លើ​ការ​ពង្រឹងសមត្ថភាព​ប្រព័ន្ធ​សុខាភិបាល ការ​ផ្ទេរ​បច្ចេកវិទ្យា ក្នុង​ការ​លើកកម្ពស់​គុណភាព​សេវា​សុខាភិបាល ជា​ពិសេស​សុខភាព​មាតា ទារក និង​កុមារ ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​គ្របដណ្តប់​សុខភាព​សកល (Universal Health Coverage) ។

លោក​ជំទាវ បាន​លើកទឹកចិត្ត​ដល់​អ្នកជំនាញ​សុខាភិបាល​ទាំងអស់​ឱ្យ​បន្ត​ប្រកាន់ខ្ជាប់​នូវ ៖
១. ក្រមសីលធម៌​វិជ្ជាជីវៈ ៖ ប្រកាន់ខ្ជាប់​នូវ​ភាព​សុចរិត ការ​ទទួលខុសត្រូវ និង​ការ​គោរព​សិទ្ធិ​អ្នកជំងឺ ដោយ​តម្កល់​សុវត្ថិភាព​កុមារ​ជា​អាទិភាព​ចម្បង ។
២. ការ​អភិវឌ្ឍ​សមត្ថភាព ៖ បន្ត​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ជា​ប្រចាំ ដើម្បី​ដើរ​ឱ្យទាន់​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប និង​ស្តង់ដារ​អន្តរជាតិ ។
៣. ស្មារតី​ការងារ​ក្រុម ៖ ពង្រឹង​កិច្ចសហការ​ជិត​ស្និទ្ធ និង​ការ​ចែករំលែក​ចំណេះដឹង​រវាង​អ្នកជំនាញ​ឆ្លង​វិស័យ ដើម្បី​ប្រសិទ្ធភាព​នៃ​ការ​ថែទាំ ។
៤. មនុស្សធម៌ និង​ចិត្តមេត្តា ៖ បម្រើសេវា​ថែទាំ​ដោយ​ក្តី​អាណិត​ស្រឡាញ់ យល់ចិត្ត និង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ស្ថានភាព​ផ្លូវចិត្ត និង​សង្គម​របស់​កុមារ និង​គ្រួសារ ។

សូម​បញ្ជាក់​ថា កម្មវិធី​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ចែករំលែក​ចំណេះដឹង បច្ចេកវិទ្យា និង​ការ​ពង្រឹង​បណ្តាញ​សហការ​រវាង​ស្ថាប័ន​វេជ្ជសាស្ត្រ​កម្ពុជា និង​ម៉ា​ឡេ​ស៊ី ៕ អត្ថបទសហការ