រាជធានីភ្នំពេញ ៖ ក្នុងស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ក្រុមហ៊ុន ប៉េង ហួត គ្រុប (ដែលភាគច្រើនស្គាល់តាមរយៈ បុរី ប៉េង ហួត) បានឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារអាមេរិក ជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់ឆ្នាំ២០២៦ ។
ការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ដែលបានរួមចំណែកយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា អស់រយៈពេលជិត ២០ឆ្នាំ រហូតមកដល់ពេលនេះ ហើយការផ្តល់ថវិកាឧបត្ថម្ភនេះ ធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមមូលបទដ៏មានអត្ថន័យ ៖ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ។
រយៈពេលជិត ២០ឆ្នាំ នៃការចូលរួមចំណែកនេះ ស្តែងឱ្យឃើញពីគុណតម្លៃស្នូលរបស់ក្រុមហ៊ុនក្នុងការចែករំលែក និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងសកម្មភាពជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ និងការងារសង្គមនៅទូទាំងប្រទេស ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន បុរី ប៉េង ហួត ដែលបានឧបត្ថម្ភថវិកា ១០ម៉ឺនដុល្លារនេះ ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ការគាំទ្រយ៉ាងសកម្ម និងជាប់លាប់ពីវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ដែលអនុញ្ញាតឱ្យកាកបាទក្រហមកម្ពុជា អាចបន្តបេសកកម្មជួយសង្គ្រោះ និងផ្ដល់ក្ដីសង្ឃឹមដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតបានទាន់ពេលវេលា ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដែលមានបុត្រសម្ព័ន្ធលើវិស័យអចលនទ្រព្យ និងអាជីវកម្មចម្រុះជាច្រើនទៀត។ ក្រុមហ៊ុនតែងតែផ្សារភ្ជាប់អាជីវកម្មរបស់ខ្លួនទៅនឹងការទទួលខុសត្រូវសង្គម (CSR) ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព។ អត្ថបទសហការ ៕
ចែករំលែកព័តមាននេះ