រាជធានីភ្នំពេញ ៖ រយៈពេល៧ខែដំបូងនៃឆ្នាំ២០២៥ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរ អន្តរ ជាតិចំនួន៣លាន៧សែន១ម៉ឺននាក់ ដោយក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២% ។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

ថ្លែងក្នុងកម្មវិធី «ស្លាបសន្តិភាព» ការសម្ដែង សិល្បៈ សន្តិភាព កម្ពុជា-ចិន ដែលសហការ រៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិននៅរាត្រីថ្ងៃទី១៨ ខែសីហា នៅរាជធានី ភ្នំពេញ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ ។ ប្រជាជនកម្ពុជាស្រឡាញ់ និងការពារសន្តិភាព និងឱ្យតម្លៃកាលានុវត្តភាព អភិវឌ្ឍន៍ ដែលនាំមកដោយសន្តិភាព ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍ អន្តរជាតិមួយ ដែលប្រកបដោយសុវត្ថិភាពមេត្រីភាពនិងមានភាពទាក់ទាញ ។ ជាក់ស្តែង រយៈពេល៧ខែដំបូង នៃឆ្នាំ ២០២៥ ប្រទេសកម្ពុជា បានទទួលភ្ញៀវទេសចរ អន្តរជាតិ ចំនួន៣លាន ៧សែន ១ម៉ឺននាក់ដោយក្នុងនោះ ភ្ញៀវទេសចរចិនមានប្រមាណ៦៩ម៉ឺននាក់ កើនឡើង៤៨.២% ។

ឯកឧត្តមបានបន្ថែមថា ប្រទេសកម្ពុជាត្រដាង «ស្លាបសន្តិភាព» អញ្ជើញមិត្តភក្តិចិនកាន់តែច្រើន មកទស្សនាប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានលើកឡើងថាកម្មវិធីនេះថា ឆ្នាំនេះជាខួបលើកទី៦៧ នៃទំនាក់ទំនងការទូតកម្ពុជា-ចិន ហើយទំនាក់ទំនងរវាង ប្រទេសទាំងពីរមានភាពរឹងមាំ និងស្ថិតស្ថេរយូរអង្វែង ហើយមនោសញ្ចេតនារវាងប្រជាជនក៏មានភាពស៊ីជម្រៅ ។
វប្បធម៌និង សិល្បៈ គឺជាស្ពានមួយដែលដែលអាចឆ្លងផុតព្រំដែន យើងបានរៀបចំកម្មវិធីសម្ដែងសិល្បៈនេះ ដើម្បីផ្សព្វផ្សាយទស្សនៈសន្តិភាព និងបង្ហាញពីស្មារតីប្រឆាំងសង្គ្រាម ដែល នេះមិនត្រឹមតែជាការរំលឹកដល់ប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាការបន្ត និងពង្រឹងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរព្រមទាំងជាសេចក្តីប្រកាសដ៏ម៉ឹងម៉ាត់អំពីតម្លៃសន្តិភាពដែលប្រជាជនប្រទេសទាំងពីររួមគ្នាការពារផងដែរ ។

ឯកឧត្តមបានលើកឡើងថា «សន្តិភាព គឺជាបំណងប្រាថ្នាដ៏យូរអង្វែងបំផុតរបស់មនុស្សជាតិ» ។ ក្រោមការដឹកនាំរបស់ពិធីករ កម្មវិធី «ស្លាបសន្តិភាព» ដែលបណ្ដាក់គ្នានូវ កាយវិការដៃទូទាំងពិភពលោក ត្រូវបានចាប់ផ្តើមនៅទីតាំងនេះ។ ភ្ញៀវកិត្តិយសជាង២០០នាក់ដែលបានចូលរួមក្នុងកម្មវិធី បានធ្វើកាយវិការដៃ «ស្លាបសន្តិភាព» នេះរួមគ្នា ដើម្បីបង្ហាញនូវ«ការរលាស់ស្លាប» ដែលជានិមិត្តរូបនៃសន្តិភាព ហើយក៏បានបម្លែងខ្លឹមសារសំខាន់នៃ «ការអំពាវនាវរកសន្តិភាព និងការបួងសួងសុំសន្តិភាព» ទៅជាសេចក្តីប្រកាសដែលមើលឃើញឆ្លងផុតរបាំងភាសា។
ទំនាក់ទំនងរវាងប្រទេស នឹងរឹងមាំនៅពេល ដែលប្រជាជនមានភាពស្និទ្ធស្នាល ហើយភាពស្និទ្ធស្នាលរវាងប្រជាជនកើតចេញពីការយល់ចិត្តគ្នា។ កម្មវិធីនេះមិន ត្រឹមតែជាកម្មវិធីសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំង ពីបេះដូងរួមគ្នាផងដែរ ។ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញនូវក្តីស្រឡាញ់ចំពោះសន្តិភាព និង ក្តីរំពឹងចំពោះអនាគតដ៏ស្រស់បំព្រងតាមរយៈតន្ត្រីនិងរបាំ ។

ភ្ញៀវកិត្តិយស និងទស្សនិកជនបានលើកឡើងថាកម្មវិធីសម្ដែងសិល្បៈ «ស្លាបសន្តិភាព» មិន ត្រឹមតែ បង្ហាញពីការផ្លាស់ប្តូរ និងរៀនសូត្រវប្បធម៌ទៅវិញទៅមក នៃប្រទេសទាំងពីរ ប៉ុណ្ណោះទេ ប៉ុន្តែក៏ បានបង្ហាញពីជំនឿចិត្តដ៏រឹងមាំក្នុងការរួមគ្នា កសាងសន្តិភាព និងមិត្តភាពផងដែរ ។
សូមជម្រាបថា ឆ្នាំនេះ គឺជាខួបលើកទី៨០នៃជ័យ ជម្នះសង្គ្រាម ប្រឆាំងហ្វាស៊ីសនិយម ពិភពលោក ក៏ដូចជាខួបលើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និង «ឆ្នាំ ទេសចរណ៍កម្ពុជា-ចិន» ផងដែរ។

ភាគីទាំងពីរបានប្រើប្រាស់ទម្រង់នៃការសម្តែងសិល្បៈ និងវប្បធម៌ ដើម្បីបង្ហាញពីទស្សនៈសន្តិភាពពង្រឹងចំណង មិត្តភាពរវាងប្រជាជនទាំងពីរ និងបន្ត ពង្រឹងមូលដ្ឋានគ្រឹះនៃសាធារណៈមតិ សម្រាប់សហគមន៍វាសនារួមកម្ពុជា-ចិន ។
កម្មវិធីសម្តែងបានចាប់ផ្តើមជាមួយនឹងរបាំអប្សរា«អ្នកនាំសារសន្តិភាព» ដែលសម្តែងដោយសិស្ស សាលារបាំនរោត្តមបុប្ផាទេវី ដែលកាយវិការរាំដ៏ស្រស់ស្អាត បានបង្ហាញពីតម្លៃដ៏វិសេសវិសាល និងក្តីប្រាថ្នាចំពោះសន្តិភាព ៕


ចែករំលែកព័តមាននេះ