ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរាភវ​សូត្រ​សម្តែង​អំពី​វិនាស​ទាន់ហន់​ទាំង​១២កង

4 ឆ្នាំ មុន

ធម៌​បរាភវ​សូត្រ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បានដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស ហើយ​គួរ​ចៀសវាង​ដើម្បី​គេច​ឲ្យ​ផុត​ពី​សេចក្ដី​វិនាស តែ​បើសិនជា​គេ​មិន​បាន​ស្ដាប់ធម៌​បទ​នេះ​ទេ គេ​អាច​នឹង​មិនដឹង​ពី​ហេតុ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ នឹង​អាច​នាំ​ឱ្យ​គេ​ប្រព្រឹត្ត​ខុស​ដែល​ជា​ហេតុ​នាំ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សម្រាប់​ទ​ង្វើ​របស់​ខ្លួន . បរាភវ​សូត្រ​នេះ​កើត​ត្រឹម​គ្រា​ដែល​ព្រះ​បរមគ្រូ​នៃ​យើង​កាល​ទ្រង់​គង់នៅ​វត្ត​ជេតពន នា​វេលា​កណ្តាលអធ្រាត្រ មាន​ទេវតា​មួយ​អង្គ​បាន​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​អង្គ​ហើយ​សួរ​អំពី​សេចក្តី​វិនាស​របស់​មនុស្ស ក៏​ទ្រង់​សម្តែង​អំពី​សេចក្តី​វា​នា​សទាំង​១២​កង​ដូច​តទៅ​៖…

ធម៌​បរាភវ​សូត្រ​នឹង​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​បានដឹង​ច្បាស់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​វិនាស ហើយ​គួរ​ចៀសវាង​ដើម្បី​គេច​ឲ្យ​ផុត​ពី​សេចក្ដី​វិនាស តែ​បើសិនជា​គេ​មិន​បាន​ស្ដាប់ធម៌​បទ​នេះ​ទេ គេ​អាច​នឹង​មិនដឹង​ពី​ហេតុ​ដែល​នាំ​ឲ្យ​វិនាស​ឡើយ នឹង​អាច​នាំ​ឱ្យ​គេ​ប្រព្រឹត្ត​ខុស​ដែល​ជា​ហេតុ​នាំ​ឲ្យ​ដល់​នូវ​សេចក្តី​វិនាស​សម្រាប់​ទ​ង្វើ​របស់​ខ្លួន .

បរាភវ​សូត្រ​នេះ​កើត​ត្រឹម​គ្រា​ដែល​ព្រះ​បរមគ្រូ​នៃ​យើង​កាល​ទ្រង់​គង់នៅ​វត្ត​ជេតពន នា​វេលា​កណ្តាលអធ្រាត្រ មាន​ទេវតា​មួយ​អង្គ​បាន​ចូល​ទៅ​ថ្វាយបង្គំ​ព្រះ​អង្គ​ហើយ​សួរ​អំពី​សេចក្តី​វិនាស​របស់​មនុស្ស ក៏​ទ្រង់​សម្តែង​អំពី​សេចក្តី​វា​នា​សទាំង​១២​កង​ដូច​តទៅ​៖

វិនាស​ទី​១- បុគ្គល​ទ្រុស្ត​ធម៌ ចិត្តចោរ មិន​ស្គាល់​បាប បុណ្យ គុណ និង​ទោស​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​២- អ្នក​សេពគប់​ជន​ជា​អសប្បុរស បុគ្គល​ពាល និង​អ្នក​ដែល​មិន​ស្រឡាញ់​ខ្លួន​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៣- អ្នក​ដេក​ច្រើន និយាយ​ច្រើន អ្នក​ឥត​ព្រួយ​គិត​ប្រឹងប្រែង​ធ្វើការ អ្នក​ខ្ជិលច្រអូស ខឹង​ច្រើន ឥត​ខ្នះខ្នែង​ក្នុង​ការងារ​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៤- បុគ្គល​ណា​មាន​ទ្រព្យធន​តែ​មិន​បាន​ចិញ្ចឹម​ឪពុក​ម្តាយ​ដែល​ចាស់ជរា នឹង​ដល់​នូវ​សេចក្តី​វិនាស​អន្តរាយ ។

វិនាស​ទី​៥- ជន​បញ្ឆោត​គេ កេងប្រវ័ញ្ច​គេ រកស៊ី​បោក​បន្លំ​អ្នក​ដទៃ នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៦- អ្នកមាន​អាហារ​ច្រើន​ពោរ​ពាស​បរិភោគ​តែឯង និង​អ្នកមាន​ទ្រព្យធន​ច្រើន មាសប្រាក់​ច្រើន​ចាយវាយ តែ​មិន​ចេះ​ចែករម្លែក​ដល់​អ្នក​ក្រខ្សត់​ជាង​ខ្លួន​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៧- ការ​មើលងាយ​ផៅ​ញាតិ អាង​ខ្លួន​មានទ្រព្យ​ច្រើន មិន​រាប់រក​ញាតិសន្តាន​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៨- ពួក​ជន​ដែល​ប្រព្រឹត្ត​អបាយមុខ​ទាំង​បី មាន​ស្រី ស្រា​គ្រឿងញៀន និង​ល្បែងស៊ីសង​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​៩- គឺ​បុរស​ដែល​មាន​ភរិយា​ហើយ មិន​រីករាយ​នឹង​ប្រពន្ធ​ខ្លួន បែរជា​ទៅ​ជាប់ជំពាក់​នឹង​ស្រីពេស្យា ស្រី​កំណាន់​ក្រៅ​ផ្ទះ មានចិត្ត​ក្បត់​នឹង​កូន​ប្រពន្ធ​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​១០- បុរស​មាន​វ័យចាស់​ពេក ហើយ​មាន​តម្រេក​ដោយ​ក្តី​តណ្ហា នាំ​យក​ស្រី​ក្មេង​មក​ធ្វើ​ជា​ភរិយា ចិត្ត​គិត​ពា​លា ឃ្លាត​ចាក​សុខុម ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​១១- បុគ្គល​ដែល​ចាយវាយ​ខ្ជះខ្ជាយ​មិន​ចេះ​គិត ទាំង​បុរស និង​ស្ត្រី​ប្រាកដជា​ដល់​នូវ​សេចក្តី​វិនាស ។

វិនាស​ទី​១២- បុគ្គល​ដែល​ក្ស​ត់​ទ្រព្យសម្បត្តិ ហើយ​ចង់ទៅ​ធ្វើ​ជា​អ្នកដឹកនាំ ឬ​ជា​ប្រធាន​ប្រាកដជា​នឹង​ជួប​នូវ​សេចក្តី​វិនាស ។

ជា​រួម​មក​គ្មាន​ផល​ឯណា​ដែល​កើតឡើង​ដោយ​ប្រាសចាក​ហេតុ​នោះ​ទេ​។ ខ្លឹមសារ​នៃ​សេចក្តី​វា​នា​សទាំង​១២​កង នេះ​ពិតជា​មាន​ន័យ​យ៉ាង​ជ្រាលជ្រៅ​ណាស់​សម្រាប់​មនុស្ស​ទូទៅ​គួរ​យក​ជា​គតិ ហើយ​ត្រូវ​ប្រព្រឹត្ត​ចាក​ឆ្ងាយ​ពី​ហេតុ​ដែល​នាំ​មក​នូវ​សេចក្តី​វិនាស​ទាំងនោះ ទើប​នាំ​មក​នូវ​សុខ​ចម្រើន​តរៀង​ទៅ ៕ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ