រន្ធត់​! ស្ត្រី​ម្នាក់​ដើរ​ឆ្លងស្ពាន ស្រាប់តែ​រអិល​ជើង​… ផ្អើល​អាហារ​ដ្ឋា​ន «​បឹង​ត្រជាក់​ចិត្ត​»


ខេត្តបាត់ដំបង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​បំរើ​ការ​នៅ​ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង​ដែល​មាន​សង់​ខ្យូ​ស​នៅ​លើ​ទឹក បាន​រអិល​ជើង​ធ្លាក់ទឹក បណ្ដាល​ឲ្យ​លង់​ស្លាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​ជិត​៦​ល្ងាច ថ្ងៃ​ទី​១៤ ខែកញ្ញា ស្ថិត​នៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខណ​:​ដែល​ស្ត្រី​រូប​នេះ​ដើរ​លើ​ស្ពាន​ទៅ​កាន់​ខ្យូ​ស​លើ​ទឹក​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ សឺ​ន ប៉ន ហៅ​មុំ អាយុ​៣៧​ឆ្នាំ ជា​អ្នកបំរើ​ការ​នៅ​អាហារ​ដ្ឋា​ន​ខាងលើ ហើយ​ក៏​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​ដែរ​។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា អាហារ​ដ្ឋា​ន​នោះ​យីហោ «​បឹង​ត្រជាក់ចិត្ត​» ដែល​មាន​សាងសង់​ខ្យូ​ស​ជា​ច្រើន​នៅ​មាត់ទឹក និង​បណ្ដែត​លើ​ទឹក​មាន​ជម្រៅ​ជិត​២០​ម៉ែត្រ​។ ចំណែក​ស្ត្រី​រង​គ្រោះ​បាន រអិល​ជើង​ធ្លាក់​ចូល​ទឹក ពេល​ដើរ​លើ​ស្ពាន​ទៅ​កាន់​ខ្យូ​ស​លើ​ទឹក​នោះ ដើម្បី​សំអាត​កន្លែង ហើយ​នៅ​ម៉ោង​៨​យប់ ទើប​អ្នក​ភូមិ និង​ក្រុម​គ្រួសារ​រាវរក​ឃើញ​សាកសព​។

បើ​តាម​សាក្សី​ម្នាក់​បំរើ​ការ​នៅ​អាហារ​ដ្ឋា​ន​នោះ​ដែរ​ឈ្មោះ​ហន ស្រី​ភ័​ក្រ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ និយាយ​​ថា គាត់​បាន​ដើរ​ពីក្រោយ​ស្ត្រី​រង​គ្រោះ​ដើម្បី​ទៅ​ជញ្ជូន​សម្ភារ​:​កែវ​ចាន​ដែល​ភ្ញៀវ​រៀបចំ​ចាក​ចេញពី​ខ្យូ​ស​នោះ​។ ពេល​នោះ​គាត់​បានឃើញ​ស្ត្រី​រង​គ្រោះ ទើប​ដើរ​ឡើង​លើ​ស្ពាន​បាន​ប្រហែល​៥​ម៉ែត្រ ស្រាប់តែ​ឃើញ​ស្ត្រី​រង​គ្រោះ​ហាក់​មាន​អារម្មណ៍មិនល្អ ហើយ​ដើរ​ងាក​ទៅ​ខាង​ឆ្វេង​ដៃ ស្រាប់តែ​រអិល​ធ្លាក់​ពីលើ​ស្ពាន​ចូល​ទឹក​បាត់​ឈឹង​តែ​ម្ដង ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ ទាំង​ភ្ញៀវ​ទាំង​អ្នក​ភូមិ​បាន​នាំ​គ្នា​លោត​ចុះ​ទឹក​ជួយ​រាវរក រហូត​ដល់​យប់​ទើប​រក​ឃើញ​សព​ជន​រង​គ្រោះ​។

ទោះ​យ៉ាងណា ជុំវិញ​ករណី​លង់ទឹក​ស្លាប់​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ទាំង​យប់​ផង​ដែរ ដើម្បី​សាកសួរ​អំពី​ដំណើររឿង និង​ធ្វើ​កំណត់ហេតុ​។ ហើយ​សមត្ថកិច្ច​និយាយ​ថា កន្លែង​ដែល​កើតហេតុ​នោះ ទឹក​មិនសូវ​ជ្រៅ​ប៉ុន្មាន​ទេ ប៉ុន្តែ​យ៉ាងណា​អ្នកបំរើ​ការ​នៅ​ទីនោះ ឬ​ភ្ញៀវ​ដែល​ទៅ​អង្គុយ​លើ​ខ្យូ​ស​មាត់ទឹក​ទាំងនោះ គួរតែ​មានការ​ប្រុង​ប្រយ័ត្ន ព្រោះ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​ខ្លាំង​ណាស់​។

សូម​រំលឹក​ថា នេះ​មិនមែន​មែន​លើក​ទី​១​ទេ ដែល​មាន​មនុស្ស​លង់ទឹក​ស្លាប់​នៅ​អាហារ​ដ្ឋា​ន «​បឹង​ត្រជាក់ចិត្ត​! ខាងលើ​នេះ​។ កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ភ្ញៀវ​ម្នាក់​បាន​លង់ទឹក​បឹង​នេះ​ស្លាប់ ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នកគ្រប់គ្រង មិន​បាន​ណែនាំ​ភ្ញៀវ​ពេល​ភ្ញៀវ​ចុះ​ហែល​លេង​។ តាម​ពិត​បឹង​ត្រជាក់ចិត្ត​នេះ ជា​រណ្ដៅ​ដី​ដែល​ក្រុមហ៊ុន​កាយ​យក​អាចម៍ដី​លក់​មាន​ជម្រៅ​រហូត​ដល់​ទៅ​ជិត​២០​ម៉ែត្រ និង​មាន​ទំហំ​ធំ​ល្វឹងល្វើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ