ហេតុ​អ្វី​​ឡានដែលគ្មាន​ឯកសារ​គ្រប់​គ្រាន់​ផង នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍​​បាន?


ខេត្តបាត់ដំបង​ ៖ មនុស្ស​ជា​ច្រើន​នៅ​តែ​ជ្រួញ​​ចិញ្ចើម​ឆ្ងល់​គ្រប់​ៗ​គ្នា​ថា តើ​ហេតុ​អ្វី​បានជា​រថយន្ត​ដដែល​ៗ មាន​កំហុស​ដដែល​ៗ (​គ្មាន​ឯកសារ និង​កែ​ច្នៃ​ខុស​បច្ចេកទេស​) នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍​បាន​នៅ​លើ​ដងផ្លូវ​ជាតិ​នានា​យ៉ាង​ព្រោងព្រាត​រាល់ថ្ងៃ បើ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ច្បាប់​រឹត​បន្ដឹង​ស្ទើរ​គ្រប់​តាម​ដងផ្លូវ​ច្រើន​ស្អេក​ស្កះ​ម្លឹ​ង​ៗ​? ប៉ុន្តែ​ច​ម្ង​ល់​នេះ​ ទំនង​គ្មាន​ចម្លើយ​ពី​មន្ត្រី​អនុវត្ត​ច្បាប់​នៅ​អង្គភាព​ណាមួយឱ្យ​ប្រាកដ​ទេ​ ។ ផ្ទុយ​ទៅ​វិញ​ បែប​មាន​តែ​របាយ​ការ​ណ៍​ភូត​កុហក់​ដាក់​ជូន​ថ្នាក់លើ​តែ​ប៉ុណ្ណោះ ​។​

គេ​មិនឃើញ​មាន​របាយ​ការ​ណ៍ប្រចាំ​ថ្ងៃ​របស់​មន្ត្រី​ជំនាញ​ ដែល​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍នៅ​លើក​ណាមួយ​ដែល​បង្ហាញ​ពី​ការ​ថមថយ​នូវ​រថយន្ត​ ដែល​មាន​កំហុស​នោះ​ទេ​ ។ ពោល​គឺ​រថយន្ត​ដែល​មាន​កំហុស​បច្ចេក ទេស រថយន្ត​ដែល​គ្មាន​ឯកសារ ឬ​អ្នកបើកបរ​គ្មាន​ប័ណ្ណ នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍ ​ដោយ​សេរី​លើ​ដងផ្លូវ​បាន​យ៉ាង​ស្រូល​ដដែល បើ​ទោះជា​ធ្លាប់​ត្រូវ​បាន​ធ្វើការ​ផាកពិន័យ​ច្រើន​លើក​ច្រើន​សារ​ក្ដី​ ។

បើ​ពិនិត្យ​លើ​របាយ​ការ​ណ៍​​ប្រចាំ​ថ្ងៃ​របស់​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដែល​ដឹកនាំ​ដោយ​មន្ត្រី​នៃ​មន្ទីរ​សាធា​រណៈ​ការ និង​ដឹក​ជញ្ជូន​ខេត្ត គេ​អាច​កត់សម្គាល់​​បាន​ថា រថយន្ត​ដែល​មាន​កំហុស«​គ្មាន​ឯកសារ​គ្រប់គ្រាន់ និង​រថ យន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​» ស្ទើរ​ជិត​ពាក់កណ្ដាល​នៃ​ចំនួន​រថយន្ត​ដែល​ត្រូវ​បាន​ត្រួតពិនិត្យ​ប្រចាំ​ថ្ងៃ​ ។

មិនតែប៉ុណ្ណោះ រថយន្ត​ដែល​មាន​កំហុស​ទាំងនោះ ​ត្រូវ​គេ​ពិនិត្យ​ឃើញ​ថា នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍បាន​យ៉ាង​រលូន​លើ​ដងផ្លូវ​សាធារណៈ​ទៀត​ផង​ ។ ដូច្នេះ​បាន​ន័យ​ថា ម្ចាស់​រថយន្ត និង​មន្ត្រី​អនុវត្ត​ច្បាប់​លើ​ដងផ្លូវ​អាច​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា ទើប​រថយន្ត​ទាំងនោះ​អាច​ធ្វើ​ចរាចរ​ណ៍​ដឹក​ទំនិញ​ឆ្លងកាត់​ទីតាំង​ត្រូវ​ពិនិត្យ​របស់​មន្ត្រី​ជំនាញ​បាន​រាល់ថ្ងៃ​បែប​នេះ​ ។

ជាក់ស្ដែង​ នៅ​ក្នុង​របាយ​ការ​ណ៍​​ត្រួត​ពិនិត្យ​ប្រចាំ​ថ្ងៃ​របស់​កម្លាំង​ចម្រុះ​នេះ ដែល​បាន​បោះទីតាំង​ត្រួត​​ពិនិត្យ​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ដំបូក​ខ្ពស់ ឃុំ​អន្លង់​វិល ស្រុក​សង្កែ កាលពី​ថ្ងៃ​ទី​១៣ កញ្ញា មន្ត្រី​ជំនាញ​បាន​ត្រួត​ពិនិត្យ​លើ​យានយន្ត​គ្រប់​ប្រភេទ​ សរុប​ប្រមាណ​ជាង​១៣០​គ្រឿង គឺ​បាន​រក​ឃើញ​រថយន្ត​ប្រមាណ​ជាង​៦០​គ្រឿង​មាន​«​កំហុស​»​។ បាន​ន័យ​ថា ជិត​ពាក់កណ្ដាល​នៃ​រថយន្ត​ដែល​បាន​ត្រូវ​ពិនិត្យ ត្រូវ​គេ​រក​ឃើញ​មាន​កំហុស និង​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ផាកពិន័យ​។​

មិនឃើញ​មាន​អ្វី​ប្រែ​ប្រូ​ល​ទេ បើ​ពិនិត្យ​លើ​របាយ​ការ​ណ៍​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍ត្រួត​​ពិនិត្យ​លើ​យានយន្ត តាម​ដងផ្លូវ​ប្រចាំ​ថ្ងៃ​របស់​គណៈកម្មការ​ចម្រុះ​ ដែល​ដឹកនាំ​ដោយ​មន្ត្រី​នៃ​មន្ទីរ​សាធារណៈ​ខេត្ត​នេះ​ ។ មន្ត្រី​ចរាចរ​ណ៍​ធ្លាប់​បាន​ប្រាប់​កោះសន្តិភាព​ថា សព្វថ្ងៃ​យានយន្ត​ដែល​មន្ត្រី​ជំនាញ​រក​ឃើញ​មាន​កំហុស​ភាគច្រើន គឺ​«​គ្មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​» ដូច​ជា​ប្រើប្រាស់សន្លឹក​ឈៀក និង​លិខិត​ធ្វើ​អាជីវកម្ម ហូ​ស​សុពលភាព​។ ប៉ុន្តែ​ចំពោះ​អ្នកបើកបរ​គ្មាន​ប័ណ្ណ ឬ រថយន្ត​កែ​ច្នៃ​ខុស​បច្ចេកទេស​ហាក់ មានការ​គោរព​ច្បាប់​ច្រើន​ ។ បាន​ន័យ​ថា កំហុស​អ្នកបើកបរ និង​កំហុស​បច្ចេកទេស​នៃ​រថយន្ត​មាន​តិចតួច តែ​កំហុស​ឯកសារ​នានា ពាក់ព័ន្ធ​នឹង​យានយន្ត​នៅ​មាន​ច្រើន​ ។

រថយន្ត​ដែល​មាន​កំហុស ហើយ​នៅ​តែ​អាច​ធ្វើ​ចរាចរ​ណ៍លើ​ដងផ្លូវ​នានា បាន​យ៉ាង​រលូន​ទាំងនេះ​ហើយ ដែល​នាំ​ឲ្យ​មហាជន​ងឿងឆ្ងល់ និង​រិះគន់​ចំពោះ​ក្រុម​អ្នក​អនុវត្ត​ច្បាប់​លើ​ផ្លូវ​សាធារណៈ​ថា «​អាច​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​»​។ មតិ​ខ្លះ​បាន​លើក​ឡើង​ថា ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដាក់​ចេញ​នូវ​ផែនការ​រឹត​បន្ដឹង​ច្បាប់​ចរាចរ​ណ៍​នេះ ​យ៉ាង​តឹង​រឹង​ណាស់ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​​បាន​ក្រើនរំលឹក​នា​ពេល​ថ្មី​ៗ​នេះ​បន្ថែម​ទៀត​ដល់​មន្ត្រី​ជំនាញ​ឲ្យ​អនុវត្ត​ច្បាប់​នេះ​ ។

ប៉ុន្តែ​ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​នេះ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​បោះទីតាំង​ត្រួតពិនិត្យ​ស្ទើរ​គ្រប់​ទិស​ទី នៅ​លើ​ផ្លូវ​​ជាតិ​នានា តែ​របាយ​ការ​ណ៍​ប្រចាំ​ថ្ងៃ​នៅ​តែ​មាន​រថយន្ត​ល្មើសច្បាប់​ស្ទើរ​ពាក់កណ្ដាល​នៃ​ចំនួន​រថយន្ត​ដែល​បាន​ត្រួត​ពិនិត្យ​ប្រចាំ​ថ្ងៃ នៅ​តែ​ប្រ​ព្រឹ​ត្ត​ខុស ហើយ​ថែម​ទាំង​អាច​ធ្វើ​ចរាចរ​ណ៍​លើ​ដងផ្លូវ​បាន​ដោយ​សេរី​ទៀត ? តើ​ហេតុ​អ្វី ?

​បើ​និយាយ​ពី​រថយន្ត​ពាក់​ស្លាក​លេខ​ចង្កូត​ស្ដាំ ស្លាក​លេខ​ខេមរភូមិន្ទ និងស្លាក​លេខ​នគរបាល​ជាតិ​​វិញ គឺ​កំពុង​ធ្វើ​ចរាចរ​ណ៍​ព្រោង​ព្រាត​​ពេញ​ខេត្ត ដែល​គេ​សង្ស័យ​ថា អាច​ជាង​ពាក់កណ្ដាល​នៃ​រថយន្ត​ទាំងនេះ ពាក់​ស្លាក​លេខ​ក្លែងបន្លំ​ ។ ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​កាក់​ត្រួត​ពិនិត្យ​ទេ​ ។ សូ​ម្បី​តែ​មន្ត្រី​ជំនាញ​ខ្លះ​ក៏​ជិះ​រថយន្ត​មិន​ស្របច្បាប់​បែប​នេះ​ដែរ​។ ដូច្នេះ​ តើ​ពេល​ណា ទើប​ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​..​?​ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ