លោក Jack Ma ដែលជាអតីតអគ្គនាយករបស់ក្រុមហ៊ុន Alibaba Group Holding Ltd. ហើយបានលាឈប់ពីតំណែងនៅថ្ងៃខួបកំណើតអាយុ ៥៥ឆ្នាំកន្លងមកនេះត្រូវបានគេស្គាល់ថាជាមនុស្សដែលចូលចិត្តចែករំលែកពីដំបូន្មានទាក់ទងទៅនឹងប្រសិទ្ធិភាពការងារជាដើម ។
ប៉ុន្តែលោកក៏ជាមនុស្សដែលគាំទ្រទស្សនៈ «ស្លាប់លើឆ្នេរ ល្អជាងស្លាប់ក្នុងការិយាល័យ» ដែរ ។

នៅវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៩ លោក Ma បានប្រាប់ដល់ទស្សនិកជនថា លោកផ្តល់អាទិភាពដល់ការសម្រាក និងការចូលដំណេកពេលដែលលោកមានអារម្មណ៍ស្ត្រេសខ្លាំង ។លោកបានចែករំលែកថា «ប្រសិនបើខ្ញុំមិនចូលដំណេកបានគ្រប់គ្រាន់ទេ បញ្ហានោះនឹងនៅតែកើតមានឡើងដដែល ។ ប្រសិនបើខ្ញុំចូកដំណេក ខ្ញុំមានឱកាសច្រើនជាងក្នុងការប្រឈមមុខនឹងវា» ។
ដំបូន្មាននេះកើតចេញពីទំនាក់ទំនងរវាងការចូលដំណេក និងប្រសិទ្ធិភាពការងារ ។ ការស្រាវជ្រាវក្នុងពេលថ្មីៗរបស់ American Academy of Sleep Medicine (AASM) បានឲ្យដឹងថា មនុស្សដែលឧស្សាហ៍គេងមិនលក់ ឬគេងមិនស្កប់ មានការខាតបង់ប្រសិទ្ធិភាពការងារដល់ទៅ ៥៨% នៅថ្ងៃស្អែក ។ ការសិក្សានេះក៏បានប្រទះទៀតថា ពេលដែលមនុស្សលះបង់ការចូលដំណេកដើម្បីបញ្ចប់ការងារ ពួកគេខាតបង់ប្រសិទ្ធិភាពការងារ ១៩% នៅថ្អៃស្អែក ។
ការស្រាវជ្រាវដទៃទៀតក៏ប្រទះឃើញថា ការគេងមិនគ្រប់គ្រាន់ផ្តល់ការប៉ះពាល់ដល់សមត្ថភាពក្នុងការគិតរបស់មនុស្សដែលរួមមានការចងចាំ ភាពច្នៃប្រឌិត ការសម្រេចចិត្ត និងអារម្មណ៍មនុស្សជាដើម ។ ព្រោះតែមូលហេតុទាំងនេះ ការចូលដំណេកអាចជាទម្លាប់សំខាន់ជាងគេដែលប៉ះពាល់ដល់ប្រសិទ្ធិភាពការងាររបស់អ្នក ។
ប្រាកដណាស់ សម្រាប់មនុស្សមួយចំនួន ការចូលដំណេកមិនមែនជារឿងងាយស្រួលទេ ជាពិសេសនៅពេលដែលពួកគេមានបញ្ហាច្រើនត្រូវគិត និងដោះស្រាយ ។ ប៉ុន្តែយោងទៅតាម Deepak Chopra ដែលជាអ្នកជំនាញផ្នែកសុខភាព និងសហគ្រិនមួយរូបបានឲ្យដឹងថា វិធីសាស្ត្រផ្សេងៗដូចជាការដកដង្ហើមមួយៗ និងការរំឭកពីសកម្មភាពដែលអ្នកបានធ្វើជារៀងរាល់ថ្ងៃអាចជួយឲ្យអ្នកចូលដំណេកបានបើទោះជាខួរក្បាលអ្នកនៅគិតច្រើនក៏ពិតមែន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ