ភ្ជុំបិណ្ឌជាពិធីបុណ្យធំមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃព្រះរាជពិធីដែលត្រូវបានប្រារព្ធឡើងតាមបែបព្រះពុទ្ធសាសនាជារៀងរាល់ឆ្នាំ ។ ខ្មែរយើងបាននាំគ្នាប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយគឺ ចាប់ពីថៃ្ង១រោច រហូតដល់ថៃ្ង១៥រោចខែភទ្របទ ដែលមានរយៈពេល ១៥ថៃ្ងគឺ១៤ថ្ងៃជាថ្ងៃកាន់បិណ្ឌ ឬដាក់បិណ្ឌ ចំណែកមួយថ្ងៃទៀតគឺថ្ងៃ១៥រោចជាថ្ងៃភ្ជុំបិណ្ឌ ឬភ្ជុំធំ ដែលជាថៃ្ងចុងក្រោយ ហើយឆ្នាំនេះខ្មែរយើងប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ។
ពាក្យថា ភ្ជុំបិណ្ឌ ឬបិណ្ឌភ្ជុំ មកពីពាក្យបិណ្ឌបូកជាមួយនឹងពាក្យភ្ជុំ ដែលមានន័យថា បិណ្ឌ ជាភាសាបាលីប្រែថា ដុំបាយ ឯភ្ជុំគឺការប្រមូលផ្តុំ ឬប្រជុំ ដូចេះ្នអាចទាញពាក្យនេះជារួម ឱ្យងាយស្តាប់បានគឺ ការប្រជុំ ឬប្រមូលផ្តុំដុំបាយ ។
តាមដែលធ្លាប់ចំណាំមកជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅជាសាច់ញាតិទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំឪពុកម្ដាយសាច់ញាតិបងប្អូននៅស្រុកកំណើត ដើម្បីជូនប្រាក់កាក់ សម្លៀកបំពាក់ គ្រឿងបរិក្ខារផ្សេងៗ និងរៀបចំម្ហូបអាហារ បាយសម្ល ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាមដើម្បីឧទ្ទិសដល់បេតបុគ្គលជា ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។
ប៉ុនែ្តបើតាមអ្នកប្រាជ្ញខាងព្រះពុទ្ធសាសនាលោកបានចែកន័យបិណ្ឌភ្ជុំជាបីផ្នែកគឺ :
១-ធ្វើដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬអ្នកស្លាប់ (ពាក្យ បេត ជាពាក្យបាលី ឯពាក្យ ប្រេត ជាពាក្យសំស្ក្រឹត ប្រែថាអ្នកស្លាប់ ។
២-ប្រារព្ធដើម្បីឲ្យបានសុខចម្រើន មានសិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
៣-ដើម្បីបង្កើតសាមគ្គីភាពរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ ទាំងការធ្វើនំគម នំអន្សម ពេញទូទាំងព្រះរាជាណាចក្រកម្ពុជា ។
កាលពីដើមគេធ្វើពិធីបុណ្យនេះដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា ព្រោះនៅក្នុងរដូវវស្សានេះមានភ្លៀងធ្លាក់ជោកជាំធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា ។
ម្យ៉ាងវិញទៀតនៅក្នុងពិធីបុណ្យនេះ ផងដែរធ្វើឡើងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ពពួកប្រេតជាញាតិទាំង៧សន្តាន ដែលតំណញាតិជាច្រើនមហាកប្បនេះ រស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានផង ដោយអានុភាពនៃសង្ឃគតាទក្ខិណាទាននេះទៅជួយយិតយោងសណ្តោងវិញ្ញាណក្ខន្ធបេតបុគ្គលទាំងនោះបានរួចចាកផុតពីក្ដីលំបាកសោកសៅ ទៅកើតក្នុងសុគតិភព ។ (ដោយសាន សារិន)
ចែករំលែកព័តមាននេះ