សូម​សាធុជន​ឈ្វេងយល់​អំពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ


ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​ធំ​មួយក្នុង​ចំណោម​ពិធីបុណ្យ​ធំ​ៗ​ដទៃ​ទៀត​នៃ​ព្រះរាជ​ពិធី​ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​តាម​បែប​ព្រះពុទ្ធ​សាសនា​ជា​រៀង​រាល់​ឆ្នាំ ។ ខ្មែរ​យើង​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​នេះ​មិន​ដែល​អាក់ខាន​ឡើយ​គឺ ចាប់ពី​ថៃ្ង​១​រោច រហូត​ដល់​ថៃ្ង​១៥​រោច​ខែភទ្របទ ដែល​មាន​រយៈពេល ១៥​ថៃ្ង​គឺ​១៤​ថ្ងៃជា​ថ្ងៃ​កាន់បិណ្ឌ ឬ​ដាក់​បិណ្ឌ ចំណែក​មួយ​ថ្ងៃ​ទៀត​គឺ​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​ជា​ថៃ្ង​ចុង​ក្រោយ ហើយ​ឆ្នាំ​នេះ​ខ្មែរ​យើង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៩ ។

ពាក្យ​ថា ភ្ជុំបិណ្ឌ ឬ​បិណ្ឌ​ភ្ជុំ មក​ពី​ពាក្យ​បិណ្ឌ​បូក​ជាមួយនឹង​ពាក្យ​ភ្ជុំ ដែល​មាន​ន័យ​ថា បិណ្ឌ ជា​ភាសាបាលី​ប្រែ​ថា ដុំ​បាយ ឯ​ភ្ជុំ​គឺ​ការ​ប្រមូលផ្តុំ ឬ​ប្រជុំ ដូ​ចេះ្ន​អាច​ទាញ​ពាក្យ​នេះ​ជា​រួម ឱ្យ​ងាយ​ស្តាប់​បាន​គឺ ការ​ប្រជុំ ឬ​ប្រមូលផ្តុំ​ដុំ​បាយ ។

តាម​ដែល​ធ្លាប់​ចំណាំ​មក​ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ បងប្អូន​កូនចៅ​ជា​សាច់ញាតិ​ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​ឪពុក​ម្ដាយ​សាច់ញាតិ​បងប្អូន​នៅ​ស្រុក​កំណើត ដើម្បី​ជូន​ប្រាក់​កាក់ សម្លៀក​បំពាក់ គ្រឿង​បរិក្ខារ​ផ្សេង​ៗ និង​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ធ្វើ​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​ដើម្បី​ឧទ្ទិស​ដល់​បេ​ត​បុគ្គល​ជា ញាតិសន្តាន​ទាំងឡាយ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ មិនដឹង​ជា​ទៅ​ចាប់កំណើត​នៅ​លោក​ខាង​មុខជា​អ្វី​នោះ​។

ប៉ុ​នែ្ត​បើ​តាម​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​លោក​បាន​ចែក​ន័យ​បិណ្ឌ​ភ្ជុំ​ជា​បី​ផ្នែក​គឺ :
១-​ធ្វើ​ដើម្បី​ឧ​ទិ្ទ​ស​កុសល​ចំពោះ​បេ​ត​បុគ្គល ឬ​អ្នក​ស្លាប់ (​ពាក្យ បេ​ត ជា​ពាក្យ​បាលី ឯ​ពាក្យ ប្រេត ជា​ពាក្យ​សំស្ក្រឹត ប្រែ​ថា​អ្នក​ស្លាប់ ។

២-​ប្រារព្ធ​ដើម្បី​ឲ្យ​បាន​សុខ​ចម្រើន មាន​សិរី​សួស្តី​ដែល​កើត​ពី​ផល​ទាន​របស់​ខ្លួន​។

៣-​ដើម្បី​បង្កើត​សាមគ្គីភាព​របស់​ជាតិ គឺ​ការ​ស្រុះស្រួល​គ្នា​ទាំង​ពេលវេលា​កំណត់ ទាំង​ការ​ធ្វើ​នំគម នំអន្សម ពេញ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។

កាលពីដើម​គេ​ធ្វើ​ពិធីបុណ្យ​នេះ​ដើម្បី​រៀបចំ​ធ្វើ​សង្ឃភត្ត ទំនុកបម្រុង​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​ក្នុង​វត្ត​រយៈពេល​៣​ខែ ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា ព្រោះ​នៅ​ក្នុង​រដូវវស្សា​នេះ​មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ​ក្នុង​ពេល​ធ្វើ​គោចរ​បិណ្ឌបាត​។ ហេតុ​ដូច្នេះ ទើប​បណ្ដា​ពុទ្ធបរិស័ទ​នាំ​គ្នា​រៀបចំ​ពិធី​នេះ ដើម្បី​ផ្គត់ផ្គង់​ព្រះសង្ឃ​ប្រចាំ​ថ្ងៃ​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា​ ។

ម្យ៉ាងវិញទៀតនៅ​ក្នុង​ពិធីបុណ្យ​នេះ ផង​ដែរ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ដល់​ពពួក​ប្រេត​ជា​ញាតិ​ទាំង​៧​សន្តាន ដែល​តំណ​ញាតិ​ជា​ច្រើន​មហា​កប្ប​នេះ រស់​រង​ទុក្ខវេទនា កើតជា​ប្រេត​មានកម្ម​ពៀរ ជាប់​ទោស​ធ្ងន់ រងកម្ម​ក្រហល់ក្រហាយ​អត់ឃ្លាន​ផង ដោយ​អានុភាព​នៃ​សង្ឃ​គ​តា​ទក្ខិណាទាន​នេះ​ទៅ​ជួយ​យិ​ត​យោង​សណ្តោង​វិញ្ញាណក្ខន្ធ​បេ​ត​បុគ្គល​ទាំងនោះ​បាន​រួច​ចាក​ផុត​ពី​ក្ដី​លំបាក​សោកសៅ ទៅ​កើត​ក្នុង​សុគតិភព ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ