កងទ័ពតួកគីគូសបញ្ជាក់កាលពីថ្ងៃទី២៣ មីនា ក្នុងសេចក្តីប្រកាសមួយថា បានបាញ់ព្រមាន៤លើកចំពោះបណ្តាយន្តហោះប្រយុទ្ធស៊ីរី ដែលហោះចូលដែនអាកាសតួកគីមុនពេលយន្តហោះប្រដេញធុន F-16 មួយគ្រឿងរបស់តួកគីបានបាញ់ទម្លាក់យន្តហោះស៊ីរីមួយគ្រឿង ។
ក្នុងសេចក្តីប្រកាសនោះ សេនាធិការដ្ឋានកងទ័ពតួកគីបញ្ជាក់ថា ពេលយន្តហោះស៊ីរីធុន MIG-23 ចំនួន២គ្រឿងខិតមកជិត កងទ័ពអាកាសតួកគីបានព្រមានថា យន្តហោះទាំងនោះហោះមកចម្ងាយ១០ម៉ាយពីព្រំដែនតួកគីហើយ។ យន្តហោះស៊ីរី១គ្រឿងបានចាកចេញមុនហោះចូលដែនអាកាសតួកគី ចំណែកយន្តហោះ MIG-23 ស៊ីរី១គ្រឿងទៀតហោះរំលោភចូលព្រំដែនតួកគីជម្រៅប្រមាណជា១គីឡូម៉ែត្រជិតទីក្រុង YAYLADAGI ខេត្តហាតៃ ។ យន្តហោះ F-16 តួកគី១គ្រឿងដែលបំពេញបេសកកម្មក្នុងតំបន់នោះបានបាញ់យន្តហោះ MIG បណ្តាលឱ្យយន្តហោះនោះធ្លាក់នៅកន្លែងមួយចម្ងាយ១.២០០ម៉ែត្រខាងក្នុងព្រំដែនស៊ីរី ។
ចំណែកក្រុងដាម៉ាស់វិញបានចោទប្រកាន់ក្រុងអង់ការ៉ាថា បានបាញ់យន្តហោះប្រយុទ្ធរបស់ខ្លួនក្នុងដែនដីស៊ីរី ដោយគូសបញ្ជាក់ថា ទង្វើនោះបង្ហាញពីការលូកដៃរបស់តួកគីជួយទ្រទ្រង់ដល់ពួកភេរវករប្រដាប់អាវុធនៅស៊ីរីដែលហែកហួរដោយសង្គ្រាម ។គួររំលឹកថា កាលពីខែកញ្ញា ឆ្នាំ២០១៣ យន្តហោះប្រយុទ្ធតួកគី១គ្រឿងបានបាញ់ធ្លាក់ឧទ្ធម្ភាគចក្រយោធាស៊ីរី១គ្រឿងដែលចោទថា ហោះចូលដែនអាកាសតួកគី ។
ចំណែកទីភ្នាក់ងារព័ត៌មានឯកជនតួកគី DOGAN រាយការណ៍ថា យន្តហោះតួកគី១គ្រឿងបានធ្លាក់កាលពីថ្ងៃទី២៣ មីនា នៅជិតខេត្តហាតៃភាគអាគ្នេយ៍តួកគី ត្រង់ចំណុចសូន្យជាប់ជាមួយព្រំដែនស៊ីរី ។ ពុំទាន់មានសេចក្តីរាយការណ៍លម្អិតពីការធ្លាក់យន្តហោះនេះនៅឡើយ៕
ចែករំលែកព័តមាននេះ