ប្រភពពីបរទេសនាពេលថ្មីៗនេះ បង្ហាញនូវភាពភ្ញាក់ផ្អើល និងកម្រជួបប្រទះមួយ ខណៈលោកតាម្នាក់ឈ្មោះ Zelli Rossi រស់នៅក្នុងទីក្រុង Sao Paolo នៃប្រទេសប្រេស៊ីល មានទម្លាប់ខុសពីអ្នកដទៃ ពោលគឺគាត់ចូលចិត្តគេងក្នុងក្តារមឈូស។ ទម្លាប់របស់លោកតា Zelli Rossi គឺពិតជាគួរឱ្យអស់សំណើចណាស់ ព្រោះមនុស្សទូទៅតែងតែចង់បានគ្រឿងសង្ហារិមប្រណីតៗ និងពូកទន់ល្មើយសម្រាប់គេង តែសម្រាប់គាត់វិញ បែរជាចង់គេងក្នុងក្តារមឈូសដែលជាទីកន្លែងសម្រាប់ដាក់សពទៅវិញ ។ ព័ត៌មាននេះ ពិតជាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយសារតែលោកតានៅរស់រានមានជីវិតសោះ តែបែរជាចំណាយពេលរាល់យប់ ដើម្បីគេងក្នុងក្តារមឈូសទៅវិញ។
លោកតា Zelli Rossi បាននិយាយប្រាប់អ្នកយកព័ត៌មានថា «គាត់បានចំណាយពេល២៣ឆ្នាំហើយក្នុងការគេងក្នុងក្តារមឈូសនេះ ។ ពេលគាត់បានគេងក្នុងក្តារមឈូសគាត់មានអារម្មណ៍ល្អណាស់ ព្រោះក្តារមឈូសរបស់គាត់មានប្រលោះសម្រាប់ឱ្យខ្យល់ចេញចូល ព្រមទាំងមានក្រាលកម្រាលថែមទៀត ។ ក្តារមឈូសរបស់គាត់មានលក្ខណៈល្អប្រសើរជាងក្តារមឈូសដាក់សព ។ ដូច្នេះវាមិនមែនជាបញ្ហាលំបាកទេ សម្រាប់រូបគាត់ ព្រោះវាជាក្តារមឈូសមែន ប៉ុន្តែគាត់បានឱ្យគេច្នៃខ្លះៗបង្កឱ្យមានលក្ខណៈងាយស្រួលដល់គាត់» ។
លោកតា Zelli Rossi បាននិយាយបន្ថែមទៀតថា «ថ្វីដ្បិតតែគាត់មានទម្លាប់ដេកតែក្នុងក្តារមឈូស ប៉ុន្តែមិនមែនគាត់ចេះតែធ្វើដោយគ្មានហេតុផលឡើយ ។ គាត់បញ្ជាក់ថា ដើមចមដែលគាត់បានស្ម័គ្រចិត្តគេងក្នុងក្តារមឈូសបែបនេះ ដោយសារតែគាត់ចង់រំលឹកដល់វិញ្ញាណក្ខន្ធមិត្តដ៏ល្អរបស់គាត់ម្នាក់ដែលបានស្លាប់កាលពី២៣ឆ្នាំមុនមកេម៉្លះ ។ អាស្រ័យហេតុនេះហើយ ទើបពេលដែលគាត់ចូលគេងក្នុងក្តារមឈូសម្តងៗប្រៀបបានឃើញទិដ្ឋភាព នាពេលដែលមិត្តគាត់ត្រូវគេដាក់តម្កល់ក្នុងក្តារមឈូសអីុចឹង ។ លោកតា Zelli Rossi មានបំណងថា នឹងបន្តគេងនៅក្នុងក្តារមឈូសរហូតដល់ថ្ងៃគាត់ស្លាប់» ៕
ចែករំលែកព័តមាននេះ