ខេត្តស្វាយរៀង ៖ មានសំរាមគរដូចភ្នំនៅក្នុងទីលានដាក់សំរាមធ្វើឲ្យជះក្លិនស្អុយដោយបច្ចុប្បន្នកំណើន សំរាមកើនឡើងក្នុងមួយថ្ងៃជាង៣០០តោនធ្វើឲ្យទីលានចាក់សំរាមពោពេញទៅដោយសំរាមហើយគ្មានអ្នកជំនាញណាមកយកសំរាមទៅកែឆ្នៃឬមានកម្លាំងមកញែកសម្រាមយកទៅកែឆ្នៃទេ ។
ចំណែកអាជ្ញាធរបានអះអាងថា ដោយសារបច្ចុប្បន្នមានកំណើនការហូបចុក និងប្រើប្រាស់សម្ភារផ្សេងៗពីប្រជាពលរដ្ឋនៅក្រុងបាវិត កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃធ្វើឲ្យមានសំរាមប្រមាណជាង៣០០តោនក្នុងមួយថ្ងៃជាមូលហេតុនាំឲ្យមានសំរាមច្រើនទើបអាជ្ញាធរ និងអង្គភាពដែលពាក់ព័ន្ធរកដំណោះស្រាយ ត្រូវបង្កើតទីលានញែកសំរាមបន្ថែម ។
ពាក់ពន្ធ័ទៅនឹងបញ្ហាសំរាមនៅក្រុងបាវិតកើនឡើងនាពេលបច្ចុប្បន្ននេះរដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រង និងបណ្តុះបណ្តាលសម្រាប់ទីលានញែកសំរាម(MRF)ក្រុងបាវិតដែលមានការចូលរួមពីលោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូប ។
លោក ហែម ពិសិដ្ឋ បានថ្លែងបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានេះបានផ្តោតសំខាន់ទៅលើការសាងសង់ទីលានញែកសំរាមនៅក្រុងបាវិតដែលជាជំហានដំបូងដ៏មានសារៈសំខាន់ក្នុងការកែលម្អ ការគ្រប់គ្រងសំណល់រឹងទីលាននេះនឹងកាត់បន្ថយសំរាម និងភាពរំខានដូចជាក្លិនមិនល្អ និងការបំពុលបរិស្ថានផ្សេងៗ លើសពីនេះទីលានញែកសំរាម និងផ្តល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនិងផ្តល់ឲ្យមានការកែច្នៃនិងការប្រើប្រាស់ឡើងវិញនូវសម្ភារចាស់ៗដែលត្រូវបាត់បង់ដោយសារការបោះចោលក្នុងកន្លែងចាក់សំរាម ។
លោកបានបន្តថា គម្រោងនៃការសាងសង់ទីលានញែកសំរាមនេះកំពុងត្រូវបានសហការគ្នារវាងក្រសួង សាធារណការ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អាជ្ញាធរខេត្តនិងធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីអនុវត្តគម្រោងខាងមុខបន្តបន្ទាប់ទៀត ដែលរួមបញ្ចូលទាំងការសំអាតទឹកកង្វក់ និងទីលានចាក់សំរាម ។ ការលើកគម្រោងខាងមុខនេះ គឺជាគម្រោងដែលកើតឡើងបន្ទាប់ពីការអនុវត្តការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងនិងទឹកស្អុយនិងទីលានចាក់សំរាមដែលបានអនុវត្តក្រោមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចទីក្រុងរបៀងខាងត្បូងនៃមហាអនុតំបន់ទន្លេមេកុង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ