តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi មិនមានឈ្មោះក្នុងការប្រកួតជាមួយនឹង Valencia ទេ ហើយអាចនឹងមិនបានប្រកួតបើកឆាក Champions League ទៀតផង ព្រោះតែរបួសទាមទារពេលយូរក្នុងការជាសះស្បើយ ជាងការរំពឹងទុក។
កីឡាករអាយុ៣២ឆ្នាំ មិនទាន់បានចូលប្រកួតវិញដោយសារតែ គេត្រូវសម្រាកព្យាបាលរបួសកំភួនជើង ដែលបង្កឡើងនៅពេលមុនចូលរដូវកាលថ្មី ។ Barcelona កំពុងតែព្យាយាមយ៉ាងលំបាកពេលដែលគ្មានវត្តមានរបស់ Messi នៅក្នុងការប្រកួត ដែលទើបតែឈ្នះមួយប្រកួត ក្នុងចំណោមការប្រកួតទាំងប្រាំបី ដែល Messi មិនបានចូលលេង ។ គេទើបតែបានបួនពិន្ទុប៉ុណ្ណោះ សម្រាប់ការប្រកួតបើកឆាកបីប្រកួត។
គ្រូបង្វឹក Ernesto Valverde បានបង្ហើបថា ម្ចាស់ពាន Ballon d’Or ទាំងប្រាំលើក អាចនឹងចូលប្រកួតវិញក្រោយពេលសម្រាកការប្រកួតជម្រើសជាតិ។ តែ Messi ត្រូវហ្វឹកហាត់ដាច់ពីមិត្តរួមក្រុម កាលពីថ្ងៃអង្គារនិងថ្ងៃពុធ ដើម្បីឱ្យរបួសឆាប់ជា។
សារព័ត៌មាន AS បានអះអាងថា ខ្សែប្រយុទ្ធរូបនេះអាចនឹងត្រូវសម្រាកព្យាបាលរបួសយូរជាងការរំពឹងទុក ដែលពេលនេះគឺមិនមានឈ្មោះក្នុងការប្រកួតតទល់នឹង Valencia ទេ។ នេះក៏ព្រោះតែលោក Valverde មិនចង់យក Messi ទៅប្រថុយឡើយ។
គួរបញ្ជាក់ផងដែរថា នេះអាចជារដូវកាលចុងក្រោយរបស់ Messi នៅ Barcelona ដោយសារតែក្នុងកុងត្រាបានចុះថា គេអាចចាកចេញនៅរដូវកាលនេះដោយគ្មានបញ្ហាអ្វីទាំងអស់៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ