ចាប​ដូនតា​យំ​ដាស់​កូនចៅ​នា​រដូវ​ជិត​ភ្ជុំបិណ្ឌ


បើ​និយាយ​ពី​ចាប​ដូច​តា នៅ​សម័យកាល​ទំនើប​នេះ អ្នក​ជំនាន់​ក្រោយ​ភាគច្រើន​ហាក់​មិន​បាន​ចាប់អារម្មណ៍​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​ចាស់​ៗ​វិញ​គ្មាន​អ្នក​ណា​ដែល​ថា​មិនដឹង​មិន​ស្គាល់​ពី​ចាប​ដូនតា​នេះ​ឡើយ ។

តាម​ជំនឿ​របស់​ចាស់​ៗ​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ចាប​ដូច​តា​គឺជា​សត្វ​ស្លាប​ម្យ៉ាង​ដូច​ទៅ​នឹង​សត្វ​ស្លាប​ដ​ទៃ​​ទៀត​ដែរ ប៉ុន្តែ​សត្វ​មួយ​ប្រភេទ​នេះ​តែងតែ​យំ​នៅ​ជិត​រដូវ​ភ្ជុំបិណ្ឌ​និង​អំឡុង​រដូវ​កាន់បិណ្ឌ​ដែល​វា​មិន​ខុស​ពី​សត្វ​រៃ​តែងតែ​យំ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ដែរ ។

តាម​ការ​តំណាល​ត​ៗ​មក​ចាប​ដូនតា​មាន​ជា​យូរ​មក​ហើយ គេ​សង្កេត​ឃើញ​វា​តែងតែ​យំ​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ។ ចាប​នេះ​យំ​ដើម្បី​ដាស់តឿន​ដល់​កូនចៅ​ប្រុស​ស្រី​ឱ្យ​បានដឹង​ថា ដល់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ ដូច្នេះ​ត្រូវ​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដើម្បី​ឧទ្ទិស​កុសល​ដល់​យាយ​តា ឪពុក​ម្តាយ ញាតកា​ដែល​ចែក​ឋាន​ទៅ​ព្រោះ​មិនដឹង​ពួក​គាត់​កើត​នៅ​ទីណា​ឡើយ ។

នៅ​ក្នុង​រឿងព្រេង​និទាន​មាន​ដំណាល​អំពី​ចាប​ដូនតា​ថា កាល​ដើម​ឡើយ​មាន​យាយ និង​ចៅ​រស់នៅ​ជាមួយ​គ្នា ហើយ​ចៅប្រុស​ម្នាក់​នោះ​តែងតែ​ដើរ​បរបាញ់​សត្វ ។ លុះ​ថ្ងៃមួយ​ចៅប្រុស​បាញ់​បាន​សត្វ​ចាប​មួយ​ក្បាល​ក៏​យក​ឱ្យ​យាយ​របស់​ខ្លួន​អាំង​ទុក​បរិភោគ ប៉ុន្តែ​ក្រោយ​ពី​យាយ​អាំង​សត្វ​នោះ​ឆ្អិន សាច់​ក៏​រួម​តូច​ស្វិត​ជាង​សភាព​ដើម​។ ពេល​ចៅប្រុស​ឃើញ​សាច់សត្វ​តូច​ស្វិត​ជាង​មុន ក៏​គិត​ថា​យាយ​របស់​ខ្លួន​ប្រាកដជា​លួច​បរិភោគ​។ ដោយ​ខឹង​ខ្លាំង​ពេក​ចៅ​នោះ​ក៏​វាយ​សម្លាប់​យាយ​របស់​ខ្លួន​ចោល​ទៅ ។

ប៉ុន្តែ​នៅ​ពេល​ចៅប្រុស​វាយ​លោកយាយ​របស់​ខ្លួន​នោះ គាត់​បាន​ស្រែក​ដដែល​ៗ​ថា ស្វិត​ទេ​ចៅ​ៗ ។ លុះ​ពេល​ដែល​យាយ​ស្លាប់​ទៅ​បាន​កើតជា​សត្វ​ចាប​ដូនតា ដូច្នេះ​ហើយ​ទើប​ពេល​វា​យំ​ឮ​សូរ​ស្រ​ដៀង​ពាក្យ​ថា ស្វិត​ទេ​ចៅ​ៗ ។

លោក​ធម្មាចារ្យ​សាន សុឃឿន ​បង្រៀន​នៅ​ពុទ្ធិកវិទ្យាល័យ​បាន​មាន​ប្រសាសន៍​ថា តាម​តំបន់​ខ្លះ​គេ​ហៅ​ខុស​គ្នា​ចំពោះ​សត្វ​ប្រភេទ​នេះ ប៉ុន្តែ​ជាក់ស្តែង​គេ​ហៅ​សត្វ​ដូនតា​មិនមែនចាប​ដូនតា​ទេ ។ លោក​ធម្មាចារ្យ​ថា សត្វ​នេះ​តែង​តែ​យំ​នៅ​ក្នុង​ខែ​មន្ត​សន់​រដូវ តែ​អ​ញ្ចឹ​ង ហើយ​សត្វ​ប្រភេទ​នេះ​បើ​និយាយ​ពី​នៅ​ភ្នំពេញ​វិញ​គឺ​មិនសូវ​មាន​ទេ តែ​វា​មាន​ច្រើន​នៅ​តាម​បឹង និង​វាលស្រែ ឬ​គុ​ម្ទោ​ត​ព្រៃ ។

តាម​ជំនឿ​ចាស់​ៗ​ពី​ដើម​សត្វ​ដូនតា​នេះ​គឺ​វា​យំ​មាន​ន័យ​ថា ដូនតា​យំ​រក​ចំណី ដាស់តឿន​កូនចៅ​ឱ្យធ្វើ​បុណ្យឧទ្ទិសកុសល​ទៅ​ញាតកា​ដែល​បាន​លាចាក​លោក​ទៅ ទោះជា​យ៉ាងណា​នេះ​ជា​ការ​តំណាល​ត​ៗ​គ្នា​ពី​ចាស់​ៗ​បុរាណ​ប៉ុណ្ណោះ ។

សត្វ​ចាប​ដូនតា​អាច​ទុកជា​អបិយ​ជំនឿ​មួយទៀត​បន្ទាប់​ពី​បទ​ស្មូត្រ​ទំនួញ​ប្រេត សម្រាប់​ដាស់តឿន​ដល់​មហា​ជន​ឲ្យ​ភ្ញាក់រលឹក​នាំ​គ្នា​ធ្វើបុណ្យ​តាម​ទី​វត្ត​អារាម​នានា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ជីដូន​ជីតា ឪពុក​ម្តាយ សាច់សាលោហិត​ដែល​បាន​ចែក​ឋាន​ទៅ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ