អ្នកបួស​មិន​ជាប់ជំពាក់​នឹង​កាមគុណ​ទេ


គ្រហស្ថ​និង​បព្វជិត​មាន​កិច្ច​ប្រតិបត្តិ​ខុស​គ្នា ឯ​ជីវភាព​រស់នៅ​ក៏​មាន​លក្ខណៈ​ផ្សេង​គ្នា គឺ​គ្រហស្ថ​ជាប់ជំពាក់​ទៅ​ដោយ​បញ្ចកាមគុណ​ទាំង​៥​មានការ​គ្រប់គ្រង​ផ្ទះសម្បែង ទ្រព្យ សម្បត្តិ ក្តាប់​អំណាច​ជាដើម ចំណែក​ជីវិត​អ្នកបួស​មិន​ជាប់ជំពាក់​ដោយ​កិច្ច​ទាំង​អស់នេះ​ទេ គឺ​រលាស់​ខ្លួន​ស្អាត តាំងចិត្ត​តែ​មួយ​គត់​គឺ​បួស​ដើម្បី​ចេញ​ចាក​ភព ចេញ​ចាក​កាម​ពោល​គឺ ស​ច្ឆិ ករ​ណ​ត្ថា​យ ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ។

បព្វជិត​ទោះជា​រស់នៅ​ក្នុង​ទីណា​ក្តី​គួរ​ពិចារណា​ឱ្យ​ឃើញច្បាស់​យ៉ាងនេះ​ថា​អាត្មាអញ​កាលដែល​ចេញ​ចាក​ផ្ទះ​មក​បួស​ជា​ព្រះសង្ឃ​សាវក​នេះ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​លាភសក្ការៈ​ដែល​គេ​ឱ្យ​ដោយ​សទ្ធា​ទេ មិនមែន​បួស​ដើម្បី​ត្រៃចីវរ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​បិណ្ឌបាត​គឺ​អាហារ​ភោជន​ផ្សេង​ៗ​ទេ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​ទី​សេនាសនៈ​មាន​កុដិ សាលា ព្រះ​វិហា​ជាដើម​ទេ មិនមែន​បួស​ព្រោះហេតុតែ​យកមុខយកមាត់​ប្រឡូក​ក្នុង​កិច្ចការ​គ្រហស្ថ​មាន ការ​ធ្វើ​នយោបាយ ការ​តវ៉ា​តាម​ចិញ្ចើមថ្នល់​ជាដើម​ដែល​មិនមែន​ជា​កិច្ច​របស់​អ្នកបួស​ទេ មិនមែន​បួស​ព្រោះហេតុតែ​ចង់បាន​ឋានៈ​គឺ​យសស័ក្តិ​ជា​នេះ​ជា​នោះ​ទេ ។

អាត្មាអញ​ដែល​ចេញ​ចាក​ផ្ទះ​មក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​នេះ​ពីព្រោះ​តែ​ឃើញ​សេចក្តី​ទុក្ខ​ច្រើន​ប្រការ​ណាស់​នៅ​ក្នុង​សង្គម​នេះ ឃើញ​តែ​ការ​បៀតបៀន ច្រណែន ឈ្នានីស​គ្នា​ដើម្បី​អំណាច ដើម្បី​ទ្រព្យ ដូច្នេះ​មាន​តែ​បព្វជិត​ទេ ជា​ភេទ​បរិសុទ្ធ រក​សេចក្តី​ស្ងប់ ស្ងប់​កាយ ស្ងប់​ចិត្តបាន ។

បព្វជិត​លុះ​ពិចារណា​ឃើញ​ដូច្នេះ​ហើយ ក៏​តាំងចិត្ត​ថា អាត្មាអញ​នឹង​ប្រារព្ធ​សេចក្តី​ព្យាយាម​ឱ្យ​ម៉ឺងម៉ាត់ មិន​បន្ធូរបន្ថយ​ក្នុង​ការ​សិក្សា និង​សេចក្តី​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ខ្លួន កាន់​ត្រៃសិក្ខា សីល សមាធិ បញ្ញា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ឆ្ពោះទៅ​រក​សេចក្តី​ថ្លៃថ្នូរ ចំណេះដឹង និង​ប្រុងស្មារតី​យ៉ាង​រឹងប៉ឹង​មិន​ឱ្យ​រសាប់រសល់​ងាករេ​ដោយ​ប្រការ​ផ្សេង​ៗ និង​ធ្វើ​ចិត្ត​ឱ្យ​តាំងនៅ​មាំ​ក្នុង​កុសលធម៌​ឱ្យ​ជា​ចិត្ត​មាន​អារម្មណ៍​តែ​មួយ​គឺ​ឆ្ពោះទៅ​រក​សេចក្តីសុខ​ក្នុង​លោក​ទាំង​ពីរ ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ