អ្នកកាសែត​ម្នាក់​បាក់ជើង​ម្ខាង និង​ខ្វេះ​ភ្នែក​ម្ខាង​ដោយសារ​ត្រូវ​គ្រាប់បែក​ឆ្នាំ​១៩៩៧ ខណៈ​នេះ​កំពុង​ខ្វះ​ថវិកា​យ៉ាង​ខ្លាំង


រាជធានី​ភ្នំពេញ ៖ លោក ចាន់ មុនី ដែល​គេ​ស្គាល់​ថា ជា​អ្នកកាសែត​ជើង​ចាស់​មួយ​រូប​បាន​ប្រឡូក និង​ឆ្លងកាត់​វិស័យ​សារព័ត៌មាន​រាប់​សិប​ឆ្នាំ​មក​ហើយ​នោះ​ឥឡូវ​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ ពោល គឺជា​ជំងឺមហារីក​ច្រមុះ ឬ​សាច់​កាច ហើយ​សព្វថ្ងៃ​គ្រួសារ​លោក​មាន​ជីវភាព​ខ្វះខាត​មិន​មាន​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​ទេ ។

ក្នុង​អាជីព​ជា​អ្នក​សារព័ត៌មាន​លោក ចាន់ មុនី បាន​ជួប​គ្រោះថ្នាក់​ជា​ច្រើន​លើក​រហូត​ធ្វើ​អោយ​បាក់ជើង​ម្ខាង និង​ខ្វេះ​ភ្នែក​ម្ខាង​ដោយសារ​ត្រូវ​គ្រាប់បែក កាលពី​អំឡុង​ឆ្នាំ​១៩៩៧ នៅ​ចំណុច​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ចាស់ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។ ក្រៅពី​នោះ​លោក ចាន់ មុនី ក៏​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ខណៈ​កំពុង​បំពេញភារកិច្ច​កន្លង​មក ។ ឥឡូវនេះ​លោក ចាន់ មុនី កំពុង​កើត​មាន​ជំងឺមហារីក​ក្នុង​ច្រមុះ​ធ្ងន់ធ្ងរ ជា​ជំងឺ​កាច​ដែល​ក្រុម​គ្រូពេទ្យ​ស្រុក​ខ្មែរ​តម្រូវ​អោយ​យក​ទៅ​ធ្វើការ​វះកាត់​នៅ​ឯ​ប្រទេស​ថៃ ខណៈ​នេះ​ហើយ​ដែល​លោក ចាន់ មុនី កំពុង​ខ្វះខាត​ថវិកា​ខ្លាំង ដើម្បី​យក​ទៅ​វះកាត់​នៅ​ប្រទេស​ថៃ​នោះ ។

ដោយ​ជួប​បញ្ហា​បែប​នេះ​លោក ចាន់ មុនី ក៏​ដូច​ជា ក្រុម​គ្រួសារ​មាន​តែ​លើកដៃ​ដប់​សំពះ​សុំ​ជំនួយ​ទៅ​ដល់​សប្បុរសជន និង​អ្នក​សារព័ត៌មាន​ដូច​គ្នា មេត្តា​ជួយ​ឧបត្ថម្ភ​ថវិកា​តាម​សទ្ធា​ទឹកចិត្ត ដើម្បី​ជា​ធនធាន​សម្រាប់​យក​ទៅ​ធ្វើកា​វះកាត់​នៅ​ប្រទេស​ថៃ ។ នេះ​ជា​សំ​ណេ​រ​របស់​លោក ចាន់ មុនី ៖ ចង់ទៅ​ពេទ្យ​ស្រុក​ថៃ​ព្យាបាល​ជំងឺមហារីក​ច្រមុះ តែ​អត់​ថវិកា តើ​ថ្ងៃ​ណា​ទៅ​ជីវិត​ខ្ញុំ ? រយៈពេល​១៥​ថ្ងៃ​មក​ហើយ ដែល​រូប​ខ្ញុំ​ដេក​សំរាក​ព្យាបាល​ជំងឺមហារីក​ច្រមុះ​នៅ​មន្ទី​ពេទ្យ​អង្គឌួង ហើយ​គ្រូពេទ្យ​ប្រាប់​ថា ជំងឺ​នេះ​មិន​អាច​ធ្វើការ​វះកាត់​បាន មាន​តែ​ការ​ប្រើប្រាស់​ថ្នាំ​គីមី និង​បាញ់​កាំរស្មី បើ​មិន​អ​ញ្ចឹ​ង​ទេ មាន​តែ​ទៅ​ពេទ្យ​ស្រុក​ក្រៅ​ទើប​អាច​ព្យាបាល​បាន ។

ខ្ញុំ​អន្ទះសារ​អារម្មណ៍​វិលវល់ ណា​ឈឺ​ចុកចាប់​ខួរក្បាល ណា​ដកដង្ហើម​មិន​រួច តឹង​ច្រមុះ មួយទៀត​គិត​វែង​ឆ្ងាយ​អត់​លុយកាក់​ធ្វើ​សោហ៊ុយ​ធ្វើ​ដំណើរ និង​ចំណាយ​លើ​ការ​ព្យាបាល​នៅ​ពេទ្យ​ស្រុក​គេ តែបើ​មិន​ទៅ​មាន​តែ​ចាំ​ថ្ងៃ​ស្លាប់ ។ តើ​អោយ​ខ្ញុំ​គិត​យ៉ាងណា ? ឯ​កូនស្រី​ខ្ញុំ អាយុ​១៨​ឆ្នាំ ក៏​មាន​ជំងឺ​ធ្ងន់​ដែរ រោគ​ស្ត្រី និង​ត្រូវ​ទៅ​ពិនិត្យ​នៅ​ពេទ្យ​រុ​ស្សី​ទៀត ។

ខ្ញុំ​សូម​គោរព និង​សំណូមពរ​ដល់​មិត្ត​រួម​អាជីព និង​សប្បុរសជន​មេត្តា​ជួយ​រូប​ខ្ញុំ​ផង ។ ខ្ញុំ​ពិតជា​ចង់ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ បើ​ទោះបី​មិនជា​ក៏​ខ្ញុំ​អស់ចិត្ត​ដែរ ។ ទុក្ខ​ហើយ​ទុក្ខ​ទៀត​អស់ពី​ត្រូវ​គ្រាប់បែក​មក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​លើក​នេះ​កើត​ជំងឺមហារីក​ក្នុង​ច្រមុះ​ដែល​ត្រូវការ​ព្យាបាល​រយៈពេល​វែង និង​ចំណាយ​ថវិកា​ច្រើន​ដែល​រូប​ខ្ញុំ​មិន​មាន​លទ្ធភាព ។ ដោយសារ​តែ​មាន​និស្ស័យ​ពី​កំណើត ចាន់ មុនី ខ្ញុំ​នេះ​បាន​ចូល​បម្រើ​ការងារ​ដំបូង​នៅ​កាសែត​ប្រជាជន ក្នុង​ឆ្នាំ​១៩៨៨ ក្រោយមក​រូប​ខ្ញុំ​ផ្លាស់​មក​បម្រើ​ការងារ​នៅ​វិទ្យុជាតិ ហៅ​ថា រ៉ាត់​យោ​កម្ពុជា ផ្នែក​ផលិត​ព័ត៌មាន​ផ្សាយ​ទៅ​ក្រៅប្រទេស​។

ខ្ញុំបាទ​បាន​ចូល​ប្រឡូក​យ៉ាង​ខ្លាំ​ក្លា​ជា​អ្នកកាសែត​ដែល​មាន​រៀមច្បង​ជា​ច្រើន​ជួយ​បង្ហាត់បង្រៀន​ដូច​ជា​បង យូ​តារា​វុ​ធ (​ស្លាប់​) បង ប៉ែន សមិទ្ធិ (​ស្លាប់​) បង អ៊ូ​ក គឹ​ម​សេង បច្ចុប្បន្ន​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​រៀមច្បង​ដែល​មាន​អាយុ​ប្រហាក់ប្រហែល និង​បង​ខ្ញុំ​បន្តិចបន្តួច​ជួយ​ណែនាំ​ជា​ច្រើន​នាក់​មាន​ដូច​បង ស រិ​ទ្ធ បង ពុ​យ គា បង សយ សុភាព​…..​។ ជីវិត​អ្នកកាសែត​រូប​ខ្ញុំ​នេះ​បាន​ឆ្លងកាត់​ការ​គ្រោះថ្នាក់​ដល់​ជីវិត​ជា​ច្រើន​លើក និង​ត្រូវ​បាន​គេ​ផ្តល់​រហស្សនាម «​វីរៈជន​កាសែត​» អ្នកកាសែត​ក្លាហាន​មែន​កាលនោះ​ខ្ញុំ​អាយុ​២៨​ឆ្នាំ គឺ​ពេញកម្លាំង​ហើយ​ប្រទេស​ជាតិ​ពេល​នោះ​កើត​មាន​កល​យុគ​វឹកវរ ដោយ​បក្ស​ប្រឆាំង​ដឹកនាំ​ដោយ សម រង្សី ដើរ​បំផុសបំផុល​ប្រជាជន និង​កម្មករ​អោយ​ប្រឆាំង​បក្ស​កាន់​អំណាច​ដែល​ដឹកនាំ​ដោយ​សម្តេច ជា ស៊ី​ម សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ហេង សំ​រិ​ន ។ ម៉ោង​៩៖៣០​នាទី ព្រឹក​ថ្ងៃអាទិត្យ ទី​៣០ ខែ​មិ​នា ឆ្នាំ​១៩៩៧ នៅ​មុខ​មន្ទីរ​រដ្ឋសភា មុខ​វត្ត បទុម​វ​ត្តី​គ្រាប់បែក​បាន​ផ្ទុះ​ឡើង​បាន​ធ្វើ​អោយ​មនុស្ស​របួស និង​ស្លាប់​ជា​ច្រើន​នាក់ គឺ​កម្មករ និង​អ្នកកាសែត ។

រូប​ខ្ញុំ​អ្នកកាសែត​បាន​ដួល​សន្លប់​នៅ​កណ្តាល​ថ្នល់ (​អ្នកកាសែត​ដូច​គ្នា​ប្រាប់​) ពេល​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្រោយមក​ទៅ​ដល់​ប្រទេស​ម៉ា​ឡេ​ស៊ី (​ពេទ្យ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​) ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បានដឹង​ច្បាស់ គឺ​ភ្នែក​ខាងឆ្វេង​របស់ខ្ញុំ​បែក​ខ្ទេច និង​ជើង​ស្តាំ​បាក់​១​កំណាត់ ។ ជា​ភ​ព្វ័​សំណាង​របស់ខ្ញុំ​ដែល​មានទុក្ខ​ធំ​ដល់​ជីវិត គឺ​បាន​ព្រះ​មហា​ក្ស​ត្ស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សម្តេចព្រះ​នរោត្តម​សីហ​នុ សព្វថ្ងៃ​សម្តេចព្រះ​បរម​រតន​កោ​ដ​នរោត្តម​សីហ​នុ និង​សម្តេច ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ហុ​ក ឡង់​ឌី អតិ​ត​ប្រធាន​ប៉ូ​លី​ស​ស្រុក​ខ្នែ​រ និង​ក្រុមហ៊ុន​កាសែត​កម្ពុជា​ថ្ងៃនេះ​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា​ជួយ​ជ្រោមជ្រែង​បញ្ជូន​រូប​ខ្ញុំ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ដើម្បី​សង្គ្រោះ​ព្យាបាល​រហូត​បានជា​សះស្បើយ ។

បើ​ទោះបី​សព្វថ្ងៃ​រូប​ខ្ញុំ​មាន​ភាព​ពិការ​ខូច​ភ្នែក​ឆ្វេង និង​បាក់ជើង​ស្តាំ​ក៏​ដោយ​។ ពី​ឆ្នាំ​១៩៩៧ ដល់​ឆ្នាំ​២០១៧ រយៈពេល​២០​ឆ្នាំ រូប​ខ្ញុំ​ជូ​ប​គ្រោះថ្នាក់​ធំ​ម្តងទៀត គឺ​គ្រោះថ្នាក់​ចរាចរណ៍​ឡាន​ដឹក​ដី​បើក​បុក ខណៈ​រូប​ខ្ញុំ​ចុះ​យក​ព័ត៌មាន​ពេល​នោះ​ខ្ញុំ​ដឹងខ្លួន​ឡើង​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​សូ​វៀត (​ពេទ្យ​រុ​ស្សី​) របួស​ពេញ​ខ្លួន​ខ្ញុំ​គ្មាន​សង្ឃឹមថា រស់​ទេ ប៉ុន្តែ​ដោយ​មាន​បងប្អូន​មិត្ត​រូ​ម​អាជីព និង​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ពិសេស​ថ្នាក់ដឹកនាំ​បាន​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ដល់​រូប​ខ្ញុំ​ទើបបាន​រួច​ផុត​ពី​គ្រោះថ្នាក់​ម្តងទៀត ។

គ្រោះថ្នាក់​ដល់​ជីវិត​២​លើក​នេះ​ខ្ញុំ​គិត​ថា នឹង​លែង​មាន​អ្វី​កើតឡើង​ហើយ​ដឹង​អី​មួយ​ប៉​ព្រិច​ភ្នែក​ដែល​រូប​ខ្ញុំ​ស្ទើរ​មិន​ជឿ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៩ ច្រមុះ​ខ្ញុំ​ហូរ​ឈាម​យ៉ាង​ខ្លាំង ហើយ​ក្រុម​គ្រួសារ​បា​នប​ញ្ជួ​ន​មក​កាន់​ពេទ្យ​អង្គឌួង ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​បញ្ជាក់​ថា ជំងឺមហារីក​ច្រមុះ (​ភាសា​ពេទ្យ​ហៅ​ថា សាច់​កាច​) កំរិត​ធ្ងន់ ។ ដោយ​គ្មាន​ជំរើស​សម្រាប់​ជីវិត​ខ្ញុំ​ចុង​ក្រោយ​រូប​ខ្ញុំ​ចង់ទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​ថៃ​ក្រែង​សមប្រកប​តែ​ខ្ញុំ​មិន​មាន​ថវិកា​ឡើយ ។ លេខ​ទំនាក់ទំនង​ក្រុម​គ្រួសារ​លោក ចាន់ មុនី 071 77 47 464/ 096 67 47 464/076 77 47 464 ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ