មហាត្មះ គន្ធី កំពូលមេដឹកនាំអហិ.ង្សារបស់ឥណ្ឌា
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។…
មហាត្មះ ការ៉ាមចាន់ គន្ធី (មហាត្មះ គន្ធី) ជាមេដឹកនាំមនោគមវិជ្ជា និងជាអ្នកនយោបាយដ៏ល្បីល្បាញនៃប្រទេសឥណ្ឌា អំឡុងចលនាទាមទារឯករាជ្យជាតិ ឥណ្ឌាពីចក្រភពអង់គ្លេស ។ គាត់គឺជាអ្នកត្រួសត្រាយក្នុងការប្រកាន់ខ្ជាប់នូវភាព អត់ធ្មត់ អហិង្សា និងធ្វើឱ្យប្រទេសឥណ្ឌាឆ្ពោះទៅរកឯករាជភាព និងបានបំផុសឱ្យមានចលនាតស៊ូសម្រាប់សិទ្ធិសេរីភាពក្នុងពិភពលោក ។
ក្នុងប្រទេសឥណ្ឌាគាត់ត្រូវបានគេហៅថា បាពូ (Bapu) ដែលមានន័យថា «ឪពុក» ហើយត្រូវបានប្រគល់កិត្តិនាមថា «បិតាជាតិ» ។ ដើម្បីឈ្វេងយល់ពីមហាត្មះ គន្ធី ពីនយោបាយអហិង្សាក្នុងការទាមទារឯករាជ្យពីចក្រភពអង់គ្លេស តើគាត់បានហែលឆ្លងបញ្ហាអ្វីខ្លះ ហើយក៏មានសំណួរថា តើការប្រកាន់យកហិង្សា ឬអហិង្សា មួយណាចាំបាច់ជាង ? ដើម្បីសិទ្ធិសេរីភាពនៃមនុស្សជាតិ ។កុមារ “ម៉ូហាន់”ដែលគេហៅគាត់នៅពេលនោះបានយល់ថា ខ្លួនគាត់ត្រូវមិត្តភក្តិទាក់ទាញអោយប្រព្រឹត្តអំពើហាមឃាត់ជាច្រើន ។ មិត្តនៅមធ្យមសិក្សាម្នាក់បានបបួលគាត់លួចចេញទៅកន្លែងស្ងាត់មួយ ហើយប្រព្រឹត្តអ្វីដែលពួកកាន់សាសនាហិណ្ឌូហាមឃាត់គឺទទួលទានសាច់សត្វ ។ រស់ជាតិសាច់ពពែបានធ្វើអោយម៉ូហាន់ចាប់មាត់ជាខ្លាំង តែជាច្រើនយប់ក្រោយមក គាត់សុបិន្តឃើញសត្វពពែនោះរស់នៅក្នុងពោះរបស់គាត់ ។ គាត់បានភ្ញាក់ក្រញាងឡើងនៅយប់នោះក្នុងអារម្មណ៍ភិតភ័យ និងសោកស្តាយចំពោះអ្វីដែលគាត់បានប្រព្រឹត្ត ។ មួយជីវិតរបស់គាត់ គន្ធីជាមនុស្សតមសាច់ ។
រឿងហេតុដូចគ្នានេះបានកើតឡើងចំពោះរូបគាត់ទៀត នៅពេលដែលគាត់ព្យាយាមជក់បារី និងតាំងខ្លួនជាអ្នកមិនជឿព្រះ ។ គ្រប់ពេលគន្ធីតាំងចិត្តថានឹងមិនធ្វើដូច្នេះទៀតទេ ។ មានគ្រាមួយនោះ កុមារគន្ធីបានលួចលុយពីអ្នកបំរើម្នាក់នៅក្នុងផ្ទះរបស់លោក ។ ក្រោយមក ដោយមានអារម្មណ៍ថា ខ្លួនបានប្រព្រឹត្តកំហុស លោកបានសរសេរសំបុត្រសារភាពមួយផ្ញើអោយឪពុកម្តាយរបស់លោក។ដោយមិនត្រឹមតែមិនយកទោសប៉ុណ្ណោះទេ ឪពុកម្តាយរបស់ម៉ូហាន់បានអត់ឱនទោសអោយគាត់ទាំងអស់ដោយសង្ឃឹមថា គន្ធីនឹងមិនប្រព្រឹត្តខុសជាថ្មីទៀតឡើយ ។
មេរៀននៃការប្រព្រឹត្តលទ្ធិ Ahimsa (អហិង្សា)នេះជាបទពិសោធន៍មួយដែលគន្ធីប្រតិបត្តិរៀងមក ។ ក្រោយមកវាបានក្លាយជាមូលដ្ឋានគ្រឹះមួយសំរាប់ជីវិតរបស់គាត់ ។ ហើយក៏ចាប់ពីពេលនោះផងដែរដែលកុមារគន្ធី នៅតែបន្តនិយាយពីការពិតទោះជាខ្លួនលោក ឬអ្នកផ្សេងៗត្រូវទទួលរងការដាក់ទោសក៏ដោយ ។ ឪពុករបស់គាត់បានទទួលអនិច្ចកម្មពេលដែលគាត់នៅជាយុវជននៅឡើយ ។ ក្រោយពីកា្លយខ្លួនជាជនល្បីល្បាញលើពិភពលោកហើយ គន្ធីបានសម្តែងការសោកស្តាយនឹងកំហុស ដោយពុំបានឃើញមុខឪពុកនៅនាទីចុងក្រោយពីព្រោះជាប់រវល់តែនៅកៀកកើយជាមួយភរិយាដ៏ស្រស់ប្រិម ប្រិយរបស់គាត់ ។
ដំណើរផ្សងព្រេងរបស់គន្ឋីទៅកាន់ទីក្រុងឡុងដ៍ដើម្បីការសិក្សា
ការលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីសេចក្តីត្រូវការរបស់អ្នកដទៃហើយនិងការរិះគន់ពីភាពទន់ខ្សោយរបស់ខ្លួនក្នុងនាមជាមនុស្សម្នាក់ កាន់តែធ្វើអោយយុវជន ម៉ូហាន់ដាស គន្ធីមានលក្ខណៈជាមនុស្សពិតៗ ។ ត្រឹមអាយុ១៨ឆ្នាំគន្ធីបានសំរេចចិត្តចាកចេញពីឥណ្ឌាដើម្បីទៅសិក្សានៅមហាវិទ្យាល័យ Inner Temple ។ ដោយជំនះការជំទាស់របស់ម្តាយ នៅឆ្នាំ១៨៨៨លោកបានធ្វើដំណើរតាមនាវាឆ្ពោះទៅអង់គ្លេសដើម្បីសិក្សានៅទីនោះ ។ លោកបានចាកចោលម្តាយ ភរិយានិងកូនប្រុស តូចនៅឥណ្ឌាអស់រយះពេលបីឆ្នាំ ។ រយៈពេលដំបូងនៃការស្នាក់នៅរបស់នៅក្រុងឡុងដ៏ គន្ធីមានអារម្មណ៍ឯកោនិងមានជំងឺក្រៅពីមានស្បែកខ្មៅខ្លួនស្គមកំព្រឹង លោកនៅមានត្រចៀកលៀនចេញមកក្រៅធំគ្រម៉ាង ។ គន្ធីយល់ថាលោកពិបាកសម្របសម្រួលខ្លួនទៅនឹងរបៀបរស់នៅការស្លៀក ពាក់និងការបរិភោគអាហារអង់គ្លេសណាស់ ។ អស់ខិតខំតែទទួលទាននំបុ័ងដើម្បីបំពេញក្រពះប៉ុណ្ណោះ ។ ជាបណ្តើរៗលោកបានបន្សាំខ្លួនទៅ នឹងការរស់នៅទីនោះ ។
ក្រោយមកមិនយូរប៉ុន្មាន លោកបានក្លាយជាសមាជិកម្នាក់នៅក្នុងសមាគមបន្លែ នៃទីក្រុងឡុងដ៏ ហើយថែមទាំងបានសរសេរអត្ថបទសំរាប់ព្រឹត្តិប័ត្ររបស់ក្រុមនេះទៀតផង ។ ក្រៅពីបង្កើនចំណេះដឹងខាងអង់គ្លេស លោកក៏យកចិត្តទុកដាក់អានគម្ពីរ Bible របស់សាសនាគ្រិស្តថែមទៀត ហើយយល់ឃើញថាខ្លួនលោកមានការផ្លាស់ប្តូរច្រើន ដោយសារយល់ដឹងពីអំពើល្អរបស់ព្រះយេស៊ូ ។ លោកទទួលយកគំនិតរបស់ព្រះយេស៊ូស្តីពីការជួយយកអាសាអ្នកក្រីក្រនិងទន់ខ្សោយព្រមទាំងអំពើអហិង្សា គឺអត់ធ្មត់នៅពេលនរណាម្នាក់ព្យាបាលមកលើខ្លួន ។
តាមរយៈសមាគមបន្លែ លោកអាចទាក់ទងជាមួយឥសូរជនអង់គ្លេសសំខាន់ៗ រួមមានអ្នកសង្គមនិយមហ្វាបបៀន លោកហ្សក ប៊ែរណាត សរ ។ លោកចាប់ផ្តើមគិតពីទស្សនសាសនាផ្ទាល់របស់លោកម្តង ដូចជាភាពអហិង្សា និងរបៀបដែលវាទាក់ទងទៅនឹងនយោបាយ ។ លោកចាប់ផ្តើមយល់ថា ផលវិបាកនៃការប្រជែងគ្នារកផលប្រយោជន៍ ដែលជាស្នូលនៃលទ្ធិមូលធននិយម អាចធ្វើអោយមនុស្សប្រឆាំងគ្នាហើយទីបំផុតនាំទៅដល់មហន្តរាយសង្គម ។
គន្ធីកាន់តែយល់ថា លោកអាចត្រួតត្រាលើអារម្មណ៍និងខ្លួនប្រាណរបស់លោកបាន ។ លោកពុំប៉ះពាល់អាហារសាច់សត្វ និងត្រីទាល់តែសោះហើយសូម្បីតែស៊ុត ក៏លោកពុំបរិភោគដែរ ។ លោកពុំដែលទទួលទានបារី ឬគ្រឿងស្រវឹងទេតែបានបន់ស្រន់ព្រះរាល់ថ្ងៃតាមម៉ោងពេលយ៉ាងទៀងទាត់ ។ ការមិនសប្បាយចិត្តនឹងជីវិតជាមេធាវីនៅឥណ្ឌារុញគន្ឋីអោយទៅកាន់អាហ្វ្រិកខាងត្បូងនិទាឃរដូវឆ្នាំ១៨៩១ លោកបានប្រឡងចេញពីសាលាច្បាប់និងបានការអនុញ្ញាតអោយចូលធ្វើការនៅតុលាការជាន់ខ្ពស់ក្នុងទីឡុងដ៏ ។ តែមួយថ្ងៃក្រោយការទទួលសញ្ញាបត្រ័លោកបានចេញដំណើរត្រឡប់មកប្រទេសឥណ្ឌាវិញ ។ ក្នុងនាមជាមេធារីម្នាក់ដែលទទួលការអប់រំនៅអង់គ្លេសលោកនៅតែពុំទាន់ច្បាស់ក្នុងចិត្តថាលោកនឹង ក្លាយទៅជាអ្វី ហើយត្រូវធ្វើអ្វីនៅក្នុងជីវិត ។ ព័ត៌មាននេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕
ចែករំលែកព័តមាននេះ