ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​អ្នក​ប្រកប​របរ​រត់​កង់​បី​ឥណ្ឌា​ធ្លាក់​ចុះ​ខ្លាំង​ប្រឈម​មុខ​បំណុល​ធនាគារ ខណៈ​បរិមាណ​ផ្គត់ផ្គង់​ច្រើន​ហួស​តម្រូវការ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វត្តមាន​នៃ​កង់​៣​ឥណ្ឌា​កំពុង​វាយលុក​ទីផ្សារ​ប្រទេស​កម្ពុជា​យ៉ាង​គំហុក ជាក់ស្តែង​បើ​តាម​ថ្នាក់ដឹកនាំ​នៃ​សមាគម​ប្រជាធិ​ប​តេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ខែកញ្ញា​នេះ ចំនួន​កង់​៣ ឥណ្ឌា​បាន​កើនឡើង​ជាង ៣៥០០០…

​រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ វត្តមាន​នៃ​កង់​៣​ឥណ្ឌា​កំពុង​វាយលុក​ទីផ្សារ​ប្រទេស​កម្ពុជា​យ៉ាង​គំហុក ជាក់ស្តែង​បើ​តាម​ថ្នាក់ដឹកនាំ​នៃ​សមាគម​ប្រជាធិ​ប​តេ​យ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ឲ្យ​ដឹង​ថា​គិត​ត្រឹម​ខែកញ្ញា​នេះ ចំនួន​កង់​៣ ឥណ្ឌា​បាន​កើនឡើង​ជាង ៣៥០០០ គ្រឿង ខណៈ​តម្រូវការ​គឺ​មាន​ចំនួន​តិចតួច​។

ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ហួស​ពី​ការ​ស្មាន​នៃ​វត្តមាន​កង់​៣​ឥណ្ឌា​ចរាចរណ៍​នៅ​កម្ពុជា ជា​ពិសេស​នៅ​លើ​ដងផ្លូវ​នៃ​រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ពី​អ្នក​ធ្វើ​ដំណើរ​មួយ​ចំនួន​ដោយសារ​តែ​ឥរិយា​បទ​នៃ​ការ​បើកបរ​របស់​អ្នកបម្រើ​សេវាកម្ម​កង់​៣​មួយ​ចំនួន​មិនល្អ បំពាន​ច្បាប់​ចរាចរណ៍​ជាដើម​នោះ បងប្អូន​អ្នក​រត់​កង់​៣​ឥណ្ឌា​ខ្លួនឯង​ក៏​កំពុង​ជួប​ហានិភ័យ​ផង​ដែរ ដោយសារ​តែ​កំណើន​នៃ​អ្នក​រត់​កង់​៣​ឥណ្ឌា​ផ្តល់​សេវា​ដឹក​ជ​ញ្ជួ​ន​កើនឡើង​ហួស​តម្រូវការ​ជាក់ស្តែង ។ កំណើន​នៃ​ការ​ប្រើប្រាស់​កង់​៣​ឥណ្ឌា​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដឹក​ជ​ញ្ជួ​ន​ដ៏​ពេញ​និយម​នោះ ក៏​ដោយសារ​តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ពុំ​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​ធ្វើ​ជំនួញ គឺ​មាន​ន័យ​ថា​ធ្វើ​ជំនួញ​តាម​គ្នា ក៏​កំពុង​បង្ក​ជា​ហានិភ័យ​ដល់​អ្នក​ដែល​បើកបរ​កង់​៣​ឥណ្ឌា ដោយសារ​តែ​ចំណូល​កំពុង​ធ្លាក់​ចុះ​ហួស​ពី​ការ​ស្មាន​ផង​ដែរ ។

ប្រាកដ​ណាស់​ចាប់តាំងពី​កំណើន​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា បាន​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ ដែល​ធ្វើ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ បាត់បង់​ចំណូល​យ៉ាងច្រើន និង​អ្នកខ្លះ​បាន​លក់​រ៉ឺ​ម៉ក​ខ្មែរ ហើយ​ខ្ចី​ធនាគា រ​ឬ​មីក្រូហិរញ្ញវត្ថុ​ដើម្បី​ទិញ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ។ តែ​រហូត​ម​មក​ដល់​បច្ចុប្បន្ន​នេះ​វិញ ដោយសារ​តែ​កំណើន​កង់​បី ឥណ្ឌា​កាន់តែ​ច្រើន បាន​ធ្វើ​អោយ​អាជីវកម្ម​នេះ​ក៏​បាន​និង​កំពុង​ប៉ះពាល់​ផង​ដែរ​។ អ្នកខ្លះ​បាត់​ចំណូល​កាន់តែ​ច្រើន ហើយ​ក៏​ពិបាក​ក្នុង​ការ​រក​លុយ​បង់​ទៅ​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ទៅ​លើ​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​ដែល​ខ្លួន​បាន​ទិញ​មក​នោះ ។

​បើ​តាម​បុរស​ម្នាក់​ដែល​រត់​កង់​បី​ណ្ឌា​នៅ​រាជធានី​ភ្នំពេញ​បានអោយ​ដឹង​ថា បច្ចុប្បន្ន​នេះ ចំណូល​អ្នក​ប្រកប​អាជីវក​កម្ម​រត់​រ៉ឺ​ម៉ក​កង់​បី ឥណ្ឌា​នៅ​ភ្នំពេញ កាន់តែ​បាត់បង់​ចំណូល​ហើយ​។ នេះ​អាច​ដោយសារ​តែ​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​កាន់តែ​ច្រើន អ្នក​ជិះ​នៅ​ដដែល មិន​មាន​កំណើន​នោះ​ទេ តែ​មាន​តែ​ថយ​ចុះ ។ ​លោក​បាន​បន្ត​ថា «​កាលពីមុន ក្នុង​ថ្ងៃ​ខ្ញុំ​អាច​រកបាន​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​ឯណោះ តែ​បច្ចុប្បន្ន​វិញ​រកតែ​៥​ម៉ឺន​ចូល​ផ្ទះ​សឹងតែ​មិន​បាន​» ។ លោក​បាន​បន្ត​ថា ឥឡូវនេះ​លោក​ត្រូវ​រត់​តាំងពី​ព្រឹក​ដល់​យប់ ហើយ​ពេល​ខ្លះ ត្រូវ​រត់​ពេល​យប់​បន្ថែម​ទៀត ដើម្បី​បាន​ចំណូល​បន្ថែម បើ​មិន​ដូច្នេះ​ទេ​នឹង​មិន​អាច​រ៉ាប់រង​គ្រួ​សារបាន​ឡើយ ។

លោក​បាន​បន្ត​ថា « ការ​បាត់បង់​ប្រាក់​ចំណូល​នៅ​ពេល​នេះ ដោយសារ​តែ​កំណើន​អ្នក​ប្រកប​អាជីវកម្ម​បែប​នេះ​នៅ​រាជធានី​ភ្នំពេញ​កាន់តែ​ច្រើន ហើយ​មានការ​ប្រកួតប្រជែង​ខ្លាំង ជាក់ស្ដែង​ដូច​បានឃើញ​ស្រាប់ វត្តមាន​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​នៅ​តាម​ដងផ្លូវ​នានា​នៅ​ភ្នំពេញ កាន់តែ​ច្រើន និង​រក​អ្នក​ជិះ​ស្ទើរតែ​លែង​បាន​ហើយ​ផង​ដែរ​» ។ ​លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​អ្នក​ប្រកប​របរ​នេះ កាន់តែ​ច្រើន ក្រុមហ៊ុន​កក់​រ៉ឺ​ម៉ក​កង់​បី​ជិះ​នានា ក៏​បាន​ចូល​មក​ដែរ ហើយ​បាន​បញ្ចុះតម្លៃ​មក​នៅ​ទាប ដែល​ធ្វើ​អោយ​អ្នក​រត់​កង់​បី​កាន់តែ​បាត់​ចំណូល​ថែម​ទៀត ដូច្នេះ ហើយ​សូម​អោយ​ក្រុមហ៊ុន​កក់​តាក់ស៊ី ឬ​រ៉ឺ​ម៉ក​កង់​បី​ជិះ​សូម​គិតគូរ​ដល់​អ្នក​ប្រកប​របរ​នេះ​ផង បើ​មិន​ដូច្នេះ​ទេវា​កាន់តែ​ធ្វើ​អោយ​ពួក​យើង​កាន់តែ​បាត់​ចំណូល និង​ត្រូវ​បោះបង់​វា​ចោល ដែល​អាច​ឈាន​ដល់​ការ​ធ្វើ​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ទៀត​ហើយ ព្រោះតែ​នៅ​ស្រុក​មិន​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួ​សារបាន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ក្រៅពី​រក​ចំណូល​មិន​បាន​ហើយ នៅ​តាម​ផ្សារ​ទំនើប និង​កន្លែង​ដែល​ត្រូវ​ដឹក​ភ្ញៀវ​ផ្សេង​ទៀត ដូច​ជា​នៅ​កាស៊ីណូ និង​មុខ​ព្រ​លាន​យន្តហោះ​ជាដើម ត្រូវ​បង់ប្រាក់​ប្រចាំខែ​អ្នក​នៅ​ទីនោះ​ដើម្បី​អាច​ឈរជើង​បាន បើ​ពុំ​ដូច​នោះ​ទេ ពួក​គេ​នឹង​រករឿង​មិន​អោយ​ឈរ​ចាំ​ដឹក​ភ្ញៀវ​បាន​ឡើយ ។ ​លោក​បាន​បញ្ជាក់​ថា «​នៅ​កន្លែង​ខ្លះ គេ​ត្រូវ​បង់លុយ​ក្នុង​មួយ​ខែ​ប្រមាណ​៥០​ដុល្លារ​ទៅ​៦០​ដុល្លារ ដើម្បី​អាច​ឈរជើង រង់ចាំ​ដឹក​ម៉ូយ​បាន ។ ទាំងនេះ​ហើយ ជា​កត្តា​មួយទៀត រកស៊ី​មិន​ត្រឹមត្រូវ មិន​ស្មើភាព​គ្នា​» ។

លោក វ៉​ន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ឯករាជ្យ​ក្រៅ​ប្រព័ន្ធ បាន​និយាយ​ថា «​ការ​បាត់ប្រាក់​ចំណូល​របស់​អ្នក​រត់​រ៉ឺ​ម៉ក​កង់​បី​នៅ​កម្ពុជា ជា​ពិសេស​នៅ​ភ្នំពេញ បច្ចុប្បន្ន​នេះ ដោយសារ​តែ ទី​១ កំណើន​រ៉ឺ​ម៉ក​ច្រើន​ពេក ។ អ្នកធ្វើការ​ងារ​ផ្សេង​ឃើញ​គេ​រត់​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​បាន​ចំណូល​ច្រើន​ក៏​ទិញ​តាម​គ្នា​ទាំង​លុយ​ផ្ទាល់ខ្លួន​ផង និង​លុយ​ខ្ចី​ពី​ធនាគារ​ផង ដែល​ធ្វើ​ពួក​គាត់​មាន​បំណុល ។ ទី​២ គឺ​ដោយសារ​តែ​ការ​ប្រកួតប្រជែង​របស់​ក្រុមហ៊ុន​ហៅ​កង់​បី​ជិះ​យក​តម្លៃ​ទាប​ពី​អ្នក​ជិះ តែ​ភាគរយ​ពី​អ្នកបើកបរ​នៅ​ដដែល​»​។ លោក​បាន​បន្ត​ថា បើ​យោង​តាម​តួលេខ​ពី​ក្រុមហ៊ុន​ហៅ​កង់​បី​ជិះ បច្ចុប្បន្ន​នេះ​មាន​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា ប្រមាណ​៣៥០០០​គ្រឿង នៅ​ភ្នំពេញ ហើយ​បើ​តា​មក​ក្រុមហ៊ុន​នាំ​ចូល​វិញ មាន​កង់​បី​ឥណ្ឌា​ប្រមាណ​៥​ម៉ឺន​គ្រឿង​ហើយ ខណៈ ខណៈ​មាន​កង់ ៣ ឥណ្ឌា​តែ​ជាង ៤០០០ គ្រឿង​ប៉ុណ្ណោះ​ដែល​ជា​សមាជិក​របស់​សមាគម​របស់​លោក​នា​ពេល​បច្ចុប្បន្ន​នេះ​។
​លោក វ៉​ន ពៅ បាន​បញ្ជាក់​ថា « សម្រាប់​ជា​ដំណោះស្រាយ រដ្ឋាភិបាល​បង្កើត​ការងារ​អោយ​បាន​ច្រើន ហើយ​អោយ​ពួក​គាត់​ដែល​ជា​អ្នក​រត់​រ៉ឺ​ម៉ក​កង​បី​ឥណ្ឌា​នោះ មក​ធ្វើ​ការងារ ដោយ​មិន​ចាំបាច់​រត់​រ៉ឺ​ម៉ក​កង់​បី​ទៀត​នោះ​ទេ » ។

បើ​តាម​លោក​ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ផង​ដែរ​ថា នៅ​ពេល​ដែល​កំនើន​កង់​បី​ឥណ្ឌា​កាន់តែ​ច្រើន​ដូច្នេះ សាលាក្រុង​ក៏​បាន​និង​កំពុង​រៀបចំ​ចាត់ចែង​រៀបចំ​សណ្ដាប់ធ្នាប់ អោយ​មាន​របៀប ដោយ​បច្ចុប្បន្ន​នេះ​សាលាក្រុង​បានសហការ ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ជំនាញ​ក្នុង​ការ​បណ្ដុះបណ្ដាល​ដល់​អ្នក​បើក​រ៉ឺ​ម៉ក​កង់​បី​ទាំង​អស់ពី​ច្បាប់​ចរាចរណ៍​និង​តម្រូវ​អោយ​ពួក​គាត់​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផង​ដែរ ។

បើ​តាម​បណ្ឌិត​ឡៃ ម៉ុង​ហៃ អ្នកវិភាគ​សង្គម​មួយ​រូប​បាន​លើក​ឡើងជា​មតិ​ផ្ទាល់ខ្លួន​ថា កាលពីមុន​អ្នក​ជិះ​ស្វែងរក​រ៉ឺ​ម៉ក​កង់​បី តែ​ពេល​នេះ រ៉ឺ​ម៉ក​កង់​បី​ជា​អ្នក​ស្វែងរក​អ្នក​ជិះ​វិញ ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កំណើន​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​នៅ​កម្ពុជា កាន់តែ​ច្រើន​ឡើង​ៗ ។ លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា « យើង​គួរតែ​កំណត់​ចំនួន​រ៉ឺ​ម៉ក​កង់​បី​ទាំង​ពី​នៅ​ភ្នំពេញ​ហើយ ព្រោះ​រ៉ឺ​ម៉ក​កង់​បី​កាន់តែ​ច្រើន មិន​បាន​ជួយ​អ្វី​ដល់​អ្នក​ប្រកប​របរ​នេះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ធ្វើ​អោយ​អ្នក​ប្រកប​របរ​នេះ កាន់តែ​ពិបាក ដោយសារ​តែ​ពួក​គេ​មួយ​ចំនួន ត្រូវ​យក​លុយ​ពី​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ មក​ទិញ​របស់​ទាំង​មក​ប្រើ​តែ​នៅ​ពេល​រក​លុយ​មិន​បាន​ពួក​គេ​កាន់តែ​ពិបាក​ក្នុង​ការ​បង់​សង​ត្រលប់​ទៅ​វិញ » ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ