ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆមាស​ទី ១ ឥណទាន​កើន ១៧​ភាគរយ​ខណៈ​បញ្ញើ​កើន ២១​ភាគរយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មើលឃើញ​ថា​នៅ​តែ​មាន​កំណើន បើ​ទោះបីជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្ដី ជាក់ស្ដែង​ក្នុង​ដំណាច់​ឆមាស​ទី​១​ឆ្នាំ ២០១៩​នេះ បើ​តាម​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ឥណទាន​បាន​កើនឡើង​ប្រមាណ…


រាជធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នា​ពេល​បច្ចុប្បន្ន ត្រូវ​បាន​មើលឃើញ​ថា​នៅ​តែ​មាន​កំណើន បើ​ទោះបីជា​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្ដី ជាក់ស្ដែង​ក្នុង​ដំណាច់​ឆមាស​ទី​១​ឆ្នាំ ២០១៩​នេះ បើ​តាម​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​បង្ហាញ​ឥណទាន​បាន​កើនឡើង​ប្រមាណ ១៧​ភាគរយ ខណៈ​ប្រាក់​បញ្ញើ​ក៏​បាន​កើនឡើង​ប្រមាណ​២១​ភាគរយ​ផង​ដែរ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៨​កន្លង​ទៅ​នេះ ។

លោក គា បូរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​មើលឃើញ​ថា ចាប់ផ្ដើម​កំណើន​ឡើង​វិញ ក្រោយ​ពេល​កម្ពុជា​ជួប​វិបត្តិ​សេដ្ឋកិច្ច ដែល​ធ្វើ​ឱ្យ​វិស័យ​ជា​ច្រើន​សំខាន់​ៗ​ជាប់​គាំង តែ​យ៉ាងណា​ក៏​ដោយ​ក៏​មិន​មាន​បញ្ហា​អ្វី​ធ្ងន់ធ្ងរ​ដែរ ។

បច្ចុប្បន្ន​បើ​ទោះបីជា​វិស័យ​នេះ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្ដី តែ​វា​នៅ​តែ​មាន​កំណើន​គួរ​ឱ្យ​កត់សម្គាល់​ដែរ​ទាំង​ប្រាក់​បញ្ញើ និង​ឥណទាន ។ លោក​បន្ត​ថា​៖ «​សម្រាប់​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ នៅ​តែ​ផ្ដោត​លើ​សហគ្រាស​ខ្នាត​តូច និង​មធ្យម និង​វិស័យ​កសិកម្ម ដែល​ជួយ​ដល់​កសិករ​នៅ​បណ្ដា​ខេត្ត​នានា​ផង​ដែរ​» ។ លោក​បន្ត​ទៀត​ថា គិត​ត្រឹម​ដំណាច់​ឆមាស​ទី​១​ឆ្នាំ ២០១៩​នេះ ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ទាំងមូល ឥណទាន​មាន​កំណើន​ប្រមាណ ១៧​ភាគរយ រីឯ​បញ្ញើ​សន្សំ​វិញ​មាន​កំណើន​រហូត​ដល់ ២១​ភាគរយ​ឯណោះ​បើ​ធៀប​នឹង​ឆមាស​ទី ១​ឆ្នាំ ២០១៨​កន្លង​ទៅ ។ ក្នុង​ដំណាច់​ឆមាស​ទី ១​ឆ្នាំ​២០១៩​នេះ​ដែរ ផលប​ត្រ​ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​ជាង ៦,៤​ពាន់​លាន​ដុល្លារ រីឯ​ប្រាក់​បញ្ញើ​សន្សំ​ពី​អតិថិជន​ក៏​មាន​ជាង ៣,៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ក្នុង​នោះ​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ទាំងមូល​មាន​ជាង​២,១​លាន​នាក់ ក្នុង​នោះ​ជាង ១​លាន​នាក់​ខ្ចីប្រាក់​តិច​ជាង ៤​លាន​រៀល ចំណែក​អ្នក​ដាក់​ប្រាក់​បញ្ញើ​ក្នុង​ប្រព័ន្ធ​មីក្រូហិរញ្ញវត្ថុ​មាន​ប្រមាណ ២,៥​លាន​នាក់​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា គឺ​មាន​សារសំខាន់​ណាស់ ក្នុង​ការ​ជួយ​ដល់​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ហើយ​មិន​មាន​មីក្រូហិរញ្ញវត្ថុ​នោះ​ទេ វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​អាច​នឹង​ជួយ​បញ្ហា​ទុន​ក្នុង​ការ​បង្កើត​អាជីវកម្ម​ក៏​ដូច​ជា​ពង្រីក​អាជីវក​កម្ម​ផង​ដែរ ។ លោក​ថា​៖ «​ដោយសារ​តែ​យើង​បាន​មើលឃើញ​ថា​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា មាន​សារសំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច ទើប​យើង​បាន​យកចិត្តទុកដាក់​លើ​វិស័យ​នេះ ។ ក្នុង​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា​បច្ចុប្បន្ន​នេះ បាន​រួមចំណែក​ដល់​កំណើន​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ៥៨​ភាគរយ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ ២០១៨ »​។

លោក រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ​ធនាគារជាតិ​នៃ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ទោះបីជា​យ៉ាងណា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​តែ​ជួប​បញ្ហា​ប្រឈម​ដដែល បើ​ទោះជា​វិស័យ​នេះ​មានការ​រីក​ចម្រើន​ក៏​ដោយ ។ លោក​បន្ត​ថា​៖ «​មានការ​ផ្សព្វផ្សាយ​អាក្រក់​មក​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ដែល​មិន​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត​របស់​កម្ពុជា ជាក់ស្ដែង​អង្គការ​សង្គម​ស៊ី​វិល​នានា បាន​និយាយ​លើស​ពី​អ្វី​ដែល​ពិត ឱ្យ​គេ​យល់​ច្រ​លំ​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​» ។
លោក​បន្ថែម​ថា បណ្ដា​អង្គការ​ទាំងនោះ គួរតែ​សិក្សា​ឱ្យ​បាន​ច្បាស់​ពី​ស្ថានភាព​ពិត មុន​នឹង​ចេញ​របាយការណ៍​របស់​ខ្លួន ដើម្បី​កុំឱ្យ​មានការ​យល់​ច្រ​លំ និង​ធ្វើ​ឱ្យ​អ្នក​ខាងក្រៅ​មើល​មក​កម្ពុជា អាក្រក់ ។

គួរ​បញ្ជាក់​ថា តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្ហាញ​ថា គិត​មក​ដល់​ពេល​នេះ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​មាន​ធនាគារពាណិជ្ជ​ចំនួន ៤៣, ធនាគារ​ឯកទេស​មាន​ចំនួន ១៤, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញា​បណ្ណ​ទទួល​ប្រាក់​បញ្ញើ​មាន​ចំនួន ៧, គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មិន​ទទួល​ប្រាក់​បញ្ញើ​មាន​រហូត​ដល់ ៧៤, គ្រឹះស្ថាន​ឥណទាន​ជនបទ​មាន ២៧៣ និង​ក្រុមហ៊ុន​ភតិសន្យា​មាន​ចំនួន ១៥ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ