ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​​កំប៉ុង​ពណ៌ត្រេអ៊ី​សង្ស័យ​គ្រាប់បែក​បង្ក​ការ​ភ្ញាក់​ផ្អើល​​ទាំង​យប់

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កំប៉ុង​ពណ៌​ត្រេ​អ៊ី​ដែល​គេ​សង្ស័យ​ថាជា​គ្រាប់បែក ​​ត្រូវ​បាន​ប្រទះ​ឃើញ​ ហើយក៏​មាន​សេចក្តី​​រាយ​ការណ៍​ទៅ​សមត្ថ​កិច្ច​ និង​មន្ត្រី​ស៊ី​ម៉ាក់​​ចុះ​ទៅ​យក​កំទេច​ចោល​។ ទោះ​បី​ជា​យ៉ាង​ណា​គេ​ពុំ​ដឹង​ថា កំប៉ុង​នេះ​ជា​គ្រាប់​បែក​ មែន​ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ  តែ​បើ​តាម​មន្ត្រី​ស៊ី​ម៉ាក់​ដែល​ទៅ​ធ្វើ​ការ​ពិនិត្យ​ជាក់​ស្តែង​បាន​បង្ហើប​ឱ្យ​ដឹង​ថា កំប៉ុង​នោះ​អាច​ជា​គ្រាប់​បែក​ផ្សែង​។ នេះ​​បើ​តាម​ភិន​ភាគ​នៃ​កំប៉ុង​ដែល​ធ្លាប់​បាន​ប្រទះ​ឃើញ​កន្លង​មក​។ ថ្វី​បើ​មាន​ការ​អះ​អាង​បែប​នេះ​ក្តី​ក៏​មន្ត្រី​ស៊ី​ម៉ាក់​មិន​ទាន់​ច្បាស់​ជា​គ្រាប់​បែក​ផ្សែង​ ឬ​ជា​អ្វី​នៅ​ឡើយ​ទេ ដោយ​រង់​ចាំ​យក​ទៅ​ពិនិត្យ​សិន​មុន​ពេល​បំផ្លាញ​រូប​រាង​របស់​វា។

​ការ​ភ្ញាក់​ផ្អើល​ពី​ការ​ប្រទះ​ឃើញ​កំប៉ុង​គួរ​ឱ្យ​សង្ស័យ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច​​ ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦A មុខ​អតីត​ចំណត​រថ​យន្ត​ជ្រោយ​ចង្វា​ ស្ថិត​ក្នុង​ភូមិ​កៀន​ឃ្លាំង​ សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​​ឫស្សីកែវ​។ បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល ​​គេ​ឃើញ​លោក​ឧត្តម​សេនីយ៍​ហ៊ុន ម៉ា​ណែត​ និង​លោក​ឃ្លាំង ហួត អភិ​បាល​ខណ្ឌ​ឫស្សី​កែវ​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផង​ដែរ​។ កំប៉ុង​ដែល​គេ​សង្ស័យ​ថា​ ជា​គ្រាប់​បែក​នេះ​មាន​ទំហំ​ប៉ុន​ក​ជើង​ និង​ប្រវែង​ប្រមាណ២​តឹក ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ទុក​ក្បែរ​ចិញ្ចើម​ផ្លូវ​រង់​ចាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​យកចេញ​។ សូម​បញ្ជាក់​ថា កំប៉ុង​​នេះ​​ដំបូងត្រូវ​បាន​គេ​កាន់​ក្រឡុក​លេង​ តែ​ក្រោយ​មក​ដោយ​​មាន​ការ​សង្ស័យ​ក៏​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​។

តាមបុរស​ឈ្មោះ​​ឃុត សារិន អាយុ​៣០​ឆ្នាំ មាន​ទី​លំនៅ​ក្នុង​ភូមិ​កើត​ហេតុ​ដែល​ជា​អ្នក​ប្រទះ​ឃើញ​កំប៉ុង​នោះ​បាន​ឱ្យ​ដឹង​ថា ​កាល​ពី​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ ថ្ងៃ​ទី​១៣ ខែ​ធ្នូ ពេល​គាត់​បើក​រថយន្ត​ចេញ​ពី​ផ្ទះ​បាន​ប្រមាណ​៧០​ម៉ែត្រ​ក៏ប្រទះ​ឃើញ​​កំប៉ុង​សង្ស័យ​នេះ​នៅ​តាម​ដ​ង​ផ្លូវ​ជាតិ​លេខ​៦ ដែល​គេ​កិន​បង្ហាប់​ចាក់​ដី​ពង្រីក​ផ្លូវ​។ ពេល​ប្រទះ​ឃើញគាត់​បាន​ឈប់​រថ​យន្ត​រើស​យក​ដោយ​នៅ​ក្បែរ​នោះ​មាន​ធ្យូង​៣​ទៅ​៤​ដុំ និង​មាន​ដែក​២​កំណាត់​ រួច​គាត់​បាន​យក​កំប៉ុង​ ​ធ្យូង​ និង​ដែកដាក់​ចូល​ក្នុង​ថង់​ក្រហម​ដែល​នៅ​​ក្បែរ​នោះ​  ហើយ​ដាក់​ក្នុង​រថ​យន្ត​​យក​ទៅ​កប់​ក្នុង​ដីខ្សាច់​ ព្រោះ​​ស្មាន​ថា​កំណប់​។ បុរស​រូប​នេះ​បន្ត​ទៀត​ថា លុះ​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ ព្រឹក​ ថ្ងៃ​ទី​១៤ ធ្នូ គាត់​​បាន​ទៅ​កាយ​យក​កំប៉ុង​នោះ​​ទៅ​ផ្ទះ ហើយ​​ក្រឡុក​លេង​ និង​បង្ហាញ​អ្នក​មក​ផឹក​កា​ហ្វេ​ដែល​ជា​ទាហាន​។ ក្រោយ​មក​ក៏​រាយ​ការណ៍​ប្រាប់​​សមត្ថ​កិច្ច​ចុះ​ទៅ​ពិនិត្យ​ ហើយ​ណែ​នាំ​​ឱ្យ​យក​កំប៉ុង​នោះ​ទៅ​ទុក​ក្បែរ​ចិញ្ចើម​ផ្លូវ​ដើម្បី​រាយ​ការណ៍​ដល់​មន្ត្រី​សីុ​ម៉ាក់​ចុះ​ទៅ​ពិនិត្យ​។ តាម​ព័ត៌​មាន​បន្ត​ទៀត​ថា នៅ​យប់​នោះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយមន្ត្រី​ជំនាញ​ស៊ីម៉ាក់​បាន​ធ្វើ​ការ​ពិនិត្យ​កំប៉ុង​នោះ​យ៉ាង​ល្អិត​ល្អន់​ និង​យក​ដាក់​ក្នុង​រថ​យន្ត​ដែល​មាន​បាវ​ខ្សាច់​យ៉ាង​ប្រុង​ប្រយ័ត្ន​ដើម្បី​យក​ទៅ​ស្រាវ​ជ្រាវ​បន្ត ​៕