ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ត្រូវនគរបាលក្រុងកំពង់ឆ្នាំងលើកគ្នាដេញចាប់ខ្លួនបានកាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី១៥ មីនា ២០១៤ លើផ្លូវជាតិលេខ៥ក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលយុវជនរូបនោះស្រវឹងស្រាបើកម៉ូតូយ៉ាងលឿនបញ្ចេញសម្លេងរោទ៍តាមបំពង់ស៊ីម៉ាំងឮសូរលាន់រំពងខ្លាំង(ស៊ីម៉ាំងច្នៃ) ធ្វើឱ្យផ្អើលប្រជាពលរដ្ឋពេញក្រុងកំពង់ឆ្នាំង ។
លោកហុង ហាក់ អធិការរងនគរបាលក្រុងកំពង់ឆ្នាំងទទួលផ្នែកសណ្តាប់ធ្នាប់បានឱ្យដឹងថា យុវជនទំនើងរូបនោះឈ្មោះអេង នីសំណាង អាយុ២២ឆ្នាំ ជាអ្នកបើកបររថយន្តកុងតឺន័រ រស់នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា មុនពេលសមត្ថកិច្ចចាប់ខ្លួន យុវជនរូបនោះបានជិះម៉ូតូម៉ាកគុបពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ១BG៤៦៩៤ បំពាក់បំពង់ស៊ីម៉ាំង និងស៊ីប្លេខ្យល់បើកយ៉ាងលឿនឮសូរសម្លេងលាន់យ៉ាងខ្លាំងត្រឡប់មកពីចូលរួមមង្គលការគេនៅស្រុកកំពង់ត្រឡាចចូលមកផ្ទះគូដណ្តឹងនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង។ ពេលនោះដោយសារមានការរំខាន និងធ្វើឱ្យខូចសណ្តាប់ធ្នាប់ សមត្ថកិច្ចចរាចរណ៍ក្រុងកំពង់ឆ្នាំងក៏លើកគ្នាប្រដេញតាមចាប់បាន និងនាំយកមកអធិការដ្ឋាននគរបាលក្រុងធ្វើការអប់រំ និងពិន័យតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ច ដំបូងយុវជនរូបនោះបញ្ចេញចរិតក្រអឺតក្រទម ដោយគេអួតអាងថា ឪពុករបស់គេជាមន្ត្រីយោធាអង្គរក្ស និងធ្លាប់ជិះម៉ូតូផ្តួលខ្លួនចូលក្រោមរថយន្តកុងតឺន័រជាច្រើនលើកមិនដែលអីទេ។ ខណៈនោះគេឃើញម្តាយគូដណ្តឹងរបស់យុវជនរូបនោះមកធានា និងជួយអប់រំជាមួយសមត្ថកិច្ចទើបគេភ្ញាក់រលឹកទទួលស្គាល់កំហុស និងសុខចិត្តធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ចឈប់ប្រព្រឹត្តដូចខាងលើទៀត៕
ចែករំលែកព័តមាននេះ