ខេត្តស្វាយរៀង ៖ មន្ត្រីមន្ទីរកសិកម្មស្រុកស្វាយជ្រំម្នាក់ត្រូវរថយន្តទេសចរណ៍ក្រុមហ៊ុនមេគង្គអ៊ិចប្រេហ្សបុក កិនអូសទាំងម៉ូតូ និងមនុស្សចម្ងាយ៣០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗនៅក្រោមរថយន្ត កាលពីវេលាម៉ោង៧ និង១២នាទីយប់ ថ្ងៃទី១៤ មីនា ២០១៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ។
បើតាមនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងថា ជនរងគ្រោះឈ្មោះពោជ សារិន ភេទប្រុស អាយុ៥០ឆ្នាំ ជាមន្ត្រីកសិកម្មស្រុកស្វាយជ្រំ មានទីលំនៅភូមិថ្នា ឃុំក្រួស ស្រុកស្វាយជ្រំ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១B០៧៩៥ធ្វើដំណើរពីកើតទៅលិចចេញពីចូលរួមមង្គលការសាច់ញាតិនៅក្រុងស្វាយរៀងត្រឡប់ទៅផ្ទះវិញក្នុងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុជនរងគ្រោះក៏បត់ឆ្វេងស្របពេលនោះក៏មានរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ៣A២៤២៩ ជារថយន្តទេសចរណ៍របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេហ្សបើកយ៉ាងលឿនមកដល់បុកពីក្រោយយ៉ាងពេញទំហឹងលាន់ដូចរន្ទះ ហើយកិនពីលើអូសទាំងមនុស្ស និងម៉ូតូចម្ងាយ៣០ម៉ែត្របណ្តាលឱ្យបែកក្បាលធ្លាយខួរ បាក់ដៃ បាក់ជើងស្លាប់ភ្លាមៗនៅក្រោមរថយន្ត ចំណែកមួកសុវត្ថិភាពពាក់នៅក្បាលបានបែកទាំងស្រុង។
ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចខ្លួនបាត់ស្រមោល ចំណែកម៉ូតូ និងរថយន្តត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ខេត្តដើម្បីដោះស្រាយតាមច្បាប់៕
ចែករំលែកព័តមាននេះ