ក្តីបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិនបានក្លាយជាបញ្ហាដែលកើតមានឡើងច្រើនដងមកហើយសម្រាប់វិនិយោគិនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការកត់សម្គាល់មួយពីក្រុមហ៊ុនស្រាវជ្រាវអង់គ្លេសCapital Economicsបានផ្តល់ហេតុផលថា កំណើនសេដ្ឋកិច្ចដែលធ្លាក់ចុះនេះ ពិតជានឹងមានភាពវិជ្ជមានសម្រាប់ពិភពលោកទាំងមូល ។
ការកត់សម្គាល់នោះបរិយាយថា ការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តបន្ទាប់របស់ចិនគឺពិតជាដំណឹងអាក្រក់មួយសម្រាប់ក្រុមហ៊ុននាំចេញទំនិញផលិតផលមួយចំនួន ។ យ៉ាងណាក៏ដោយ ពិភពលោកទាំងមូលគួរតែទទួលបានផលប្រយោជន៍ពិតប្រាកដពីការធ្លាក់ចុះនេះ ប៉ុន្តែជាកំណើនដែលមានតុល្យភាពល្អប្រសើរនៅក្នុងប្រទេសចិន ។
ក្តីបារម្ភពីស្ថានភាពសេដ្ឋកិច្ចរបស់ចិន និងហានិភ័យនៃកំណើនឥណទានបានវិលទៅរកការចាប់អារម្មណ៍ឡើងវិញនាពេលបច្ចុប្បន្នបន្ទាប់ពីអសមត្ថភាពសងមូលបត្របំណុលជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ គួបផ្សំនឹងទិន្នន័យសេដ្ឋកិច្ចអវិជ្ជមានជាច្រើន ។
ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីចិន លី កឺឈាំងបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សេដ្ឋកិច្ចប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរ នៅក្នុងឆ្នាំ២០១៤ ហើយញ៉ាំងឲ្យមានការលក់ចេញភាគហ៊ុននៅក្នុងផ្សារហ៊ុនរបស់ចិន ។ប្រសិនបើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោកមួយនេះធ្លាក់ចុះសេដ្ឋកិច្ចភ្លាមៗនោះ ឬប្រសិនបើបញ្ហាឥណទានរបស់ខ្លួននាំទៅរកការធ្លាក់ចុះសេដ្ឋកិច្ច មនុស្សជាច្រើនបារម្ភថាផលវិបាកនៅលើពិភពលោកនឹងធ្ងន់ធ្ងរ ។
លោកហ្រ្វិឌើរិក ណូម៉ាន់(Frederic Neumann)សហប្រធានផ្នែកស្រាវជ្រាវសេដ្ឋកិច្ចនៅអាស៊ីរបស់ធនាគារHSBCនិយាយថា ការធ្លាក់ចុះភ្លាមៗរបស់ចិននឹងប៉ះពាល់ទូទាំងពិភពលោក។ លោកថា នៅពេលដែលតម្លៃទំនិញផលិតផលធ្លាក់ចុះនឹងផ្តល់នូវការជំរុញមួយដល់ប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងៗទៀតរាប់ចាប់ពីអូស្ត្រាលី ទៅដល់អាហ្វ្រិក និងអាមេរិកឡាទីន ដែលពឹងផ្អែកលើវិស័យនេះ ។ ហេតុដូច្នេះការធ្លាក់ចុះភ្លាមៗនៅចិនដីគោកនេះនឹងមានផលប៉ះពាល់ដោយប្រយោលនៅប្រទេសផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ