ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១៥ មីនា ២០១៤ នៅក្បែរច្រករបៀងបឹងឆ្នាំង ភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង គេសង្កេតឃើញប្រជាពលរដ្ឋខ្មែរជាច្រើននាក់នាំគ្នាចូលតាមច្រករបៀងទៅទិញមាន់ងាប់រាប់រយក្បាលនៅក្នុងទឹកដីថៃយកមកដាំទឹកស្រុះបោចរោមចេញ រួចលក់បន្តនៅតាមភូមិ និងតាមទីផ្សារ(ឡែម)ដោយមិនគិតខ្វល់ពីបញ្ហាប៉ះពាល់សុខភាពខ្លួនឯង និងអ្នកដទៃ ដែលអ្នកខ្លះទិញជាង១០០ក្បាល អ្នកខ្លះជាង៥០ក្បាល និងអ្នកខ្លះទៀតទិញត្រឹមតែ៤ទៅ៥ក្បាលយកមកធ្វើម្ហូបទទួលទានជាលក្ខណៈគ្រួសារ ។
មាន់ងាប់ទាំងនេះត្រូវឈ្មួញជនជាតិថៃដឹកពីប្រទេសរបស់គេតាមរថយន្តយកមកលក់នៅក្បែរច្រករបៀងក្នុងតម្លៃថោក ដែល១ក្បាលមានទម្ងន់២ទៅ៣គីឡូក្រាមលក់ឱ្យប្រជាពលរដ្ឋខ្មែរត្រឹម៣ពាន់រៀលប៉ុណ្ណោះ។
លុះមកដល់ព្រឹកថ្ងៃទី១៦ មីនា នេះឈ្មួញថៃនៅតែបន្តដឹកមាន់ងាប់ចំនួន២រថយន្តធំៗមកដាក់គរលើគ្នាលក់នៅក្បែរច្រករបៀងព្រំដែនកម្ពុជា-ថៃ ដោយពួកគេនិយាយប្រាប់ពលរដ្ឋខ្មែរថា មាន់ទាំងអស់នេះដំបូងនៅរស់ទេ តែដោយសារពួកគេចាប់ដាក់ទ្រុងដឹកតាមរថយន្តតាំងពីក្រុងបាងកកឆ្លងកាត់ជាច្រើនខេត្តរហូតមកដល់ព្រំដែនទើបបណ្តាលឱ្យពួកវាជាន់លើគ្នាងាប់។
ប្រភពមួយចំនួនបានឱ្យដឹងថា មាន់ថៃនេះងាប់តាំងពីកន្លែងចិញ្ចឹមមកម្ល៉េះ ដោយសារតែនៅស្រុកថៃមានអាកាសធាតុក្តៅខ្លាំងពេកទើបធ្វើឱ្យមាន់ទៅជាឈឺងាប់ច្រើន ហើយដោយពួកគេបោចរោមមិនទាន់ ក៏ដឹកមាន់ងាប់ទាំងអស់នេះមកលក់ឱ្យខ្មែរតែម្តងទៅ។
ប្រភពពីប្រជាពលរដ្ឋដែលអត់ហ៊ានទិញមាន់នេះទៅហូបបានឱ្យដឹងថា ការដែលខ្មែរនាំគ្នាទិញមាន់ងាប់នេះអត់ឃើញមានមន្ត្រីពេទ្យសត្វណាម្នាក់ត្រួតពិនិត្យទេ សូម្បីតែមន្ត្រីសមត្ថកិច្ចច្រករបៀងក៏មិនមានការហាមឃាត់ប្រជាពលរដ្ឋដែលចូលទៅទិញមាន់ងាប់ដែរ ប្រការនេះត្រូវគេសង្ស័យថា ប្រហែលជាពួកគេបានទទួលលុយកាក់ពីឈ្មួញថៃហើយ។
ទាក់ទិននឹងបញ្ហានេះ លោកម៉ាក់ រ៉ា ជាមន្ត្រីសមត្ថកិច្ចប៉ុស្តិ៍ច្រករបៀងបឹងឆ្នាំបានឱ្យដឹងថា មុននឹងថៃដាក់មាន់ទាំងនេះមកលក់ឱ្យប្រជាពលរដ្ឋខ្មែរ គឺមន្ត្រីពេទ្យសត្វគេត្រួតពិនិត្យរួចរាល់អស់ហើយ បើពុំដូច្នោះទេ គេមិនអនុញ្ញាតឱ្យឈ្មួញថៃដឹកមកលក់ឱ្យខ្មែរហូបដែរ។ លោកបន្តទៀតថា ចំណែកមន្ត្រីពេទ្យសត្វខ្មែរ និងសមត្ថកិច្ចច្រករបៀងអត់មាននរណាម្នាក់ចុះទៅត្រួតពិនិត្យមាន់ងាន់នោះទេ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលទៅទិញតាមតែតម្រូវការរបស់គេ។
លោកបានបញ្ជាក់ថា កម្លាំងរបស់លោកអត់មាននរណាម្នាក់ទិញមាន់ងាប់ទាំងនេះយកមកធ្វើម្ហូបទេ ៕
ចែករំលែកព័តមាននេះ