នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ គូសបញ្ជាក់កាលពីថ្ងៃទី១៥ មីនា ថា ប្រព័ន្ធគមនាគមន៍របស់យន្តហោះបាត់ដាននៃក្រុមហ៊ុនអាកាសចរណ៍ MALAYSIA AIRLINES ត្រូវគេកាត់ផ្តាច់មុនពេលយន្តហោះនេះហោះដល់ឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ។
ក្នុងសន្និសីទសារព័ត៌មានមួយលោកបានថ្លែងថា យោងតាមព័ត៌មានថ្មីៗពីផ្កាយរណប យើងអាចអះអាង ដោយការជឿជាក់ខ្ពស់ថា ប្រព័ន្ធគមនាគមន៍របស់យន្តហោះនោះត្រូវកាត់ផ្តាច់មុនពេលហោះដល់ឆ្នេរសមុទ្រខាងកើតនៃឧបទ្វីបម៉ាឡេស៊ី ។ លោកបន្តថា បន្តិចក្រោយការហោះហើរនៅជិតព្រំដែនរវាងការត្រួតពិនិត្យចរាចរណ៍អាកាសរបស់ម៉ាឡេស៊ី និងរបស់វៀតណាមឧបករណ៍គមនាគមន៍របស់យន្តហោះត្រូវគេផ្តាច់ ។ ចាប់តាំងពីពេលនោះមករ៉ាដារបស់កងទ័ពអាកាសម៉ាឡេស៊ីកំណត់ឃើញយន្តហោះមួយដែលអាចជាយន្តហោះជើងហោះហើរ MH370 បាត់ដានដែលហោះប្តូរទិសដៅឆ្ពោះមកទិសខាងលិចសំដៅមកឧបទ្វីបម៉ាឡេស៊ី មុនពេលងាកទៅភាគពាយ័ព្យ ។ ចលនាទាំងនោះនាំឱ្យគេជឿថា មាននរណាម្នាក់ក្នុងយន្តហោះធ្វើសកម្មភាពមិនល្អអ្វីមួយហើយ ។
យោងតាមទិន្នន័យថ្មីៗថា អាជ្ញាធរអាកាសចរណ៍ម៉ាឡេស៊ី និងបណ្តាអាជ្ញាធរអាកាសចរណ៍អន្តរជាតិកំណត់ថា គមនាគមន៍ចុងក្រោយរបស់យន្តហោះនោះជាមួយផ្កាយរណបមាននៅកន្លែងមួយ ក្នុងចំណោមកន្លែង២គឺកន្លែងមួយភាគខាងជើង លាតសន្ធឹងពីព្រំដែនរវាងកាហ្សាក់ស្ថាន និងព្រំដែនតួកមេនីស្ថាន មកភាគខាងជើងប្រទេសឬកន្លែងមួយទៀតនាភាគខាងត្បូងលាតសន្ធឹងរវាងឥណ្ឌូណេស៊ី និងមហាសមុទ្រឥណ្ឌា ។
ដោយយោងតាមព័ត៌មានចុងក្រោយទាំងនេះ អាជ្ញាធរម៉ាឡេស៊ី បានផ្តោតការស៊ើបអង្កេតរបស់ខ្លួនលើសមាជិកក្រុមយានិកទាំង១២រូប និងអ្នកដំណើរទាំង២២៧នាក់ ស្ថិតក្នុងយន្តហោះបាត់ដានចាប់តាំងពីថ្ងៃទី៨ មីនា មក ។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីគូសបញ្ជាក់ទៀតថា ទោះបីមានសេចក្តីរាយការណ៍នានារបស់បណ្តាសារព័ត៌មានដែលសន្មត់ថា យន្តហោះនោះត្រូវចោរអាកាសប្លន់ក៏ដោយ ខ្ញុំសូមបំភ្លឺថា យើងបន្តពិនិត្យគ្រប់ជ្រុងទាំងអស់រកមូលហេតុនៃការងាកទិសហោះហើររបស់យន្តហោះ ជើងហោះហើរ MH 370 ពីផ្លូវហោះដែលគ្រោងទុក ៕
ចែករំលែកព័តមាននេះ