ខេត្តព្រៃវែង ៖ ដើម្បីលើកទឹកចិត្ត និងស្វែងរកឱកាសទីផ្សារជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី៤ កញ្ញា មន្ទីរពាណិជ្ជកម្មខេត្តព្រៃវែង បានរៀបចំធ្វើពិធីដាក់តាំងបង្ហាញ ផ្សព្វផ្សាយ និងប្រឹក្សាយោបល់លើផលិតផលខ្មែរដែលមានសក្តានុពលជាច្រើនប្រភេទ ដែលផលិតផលទាំងនោះសុទ្ធតែត្រូវបានផលិតឡើងដោយក្រុមអាជីវករ និងប្រជាកសិរនៅក្នុងខេត្តព្រៃវែងតែម្តង ។

លោក វ៉ា រិទ្ធី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តព្រៃវែងបានថ្លែងឱ្យដឹងថា ផលិតផលដ៏មានសក្កានុពលដែលត្រូវបានយកមកដាក់តាំងបង្ហាញនៅក្នុងពិធីនេះរួមមាន សម្ភារប្រើប្រាស់ផ្ទះបាយធ្វើអំពីជ័រ ចង្ក្រានប្រណិត កញ្ច្រែង កន្ត្រកម្លូ ជើងពាន បន្លែធម្មជាតិ ពោត ល្ងរ សណ្ដែក គ្រាប់ឈូក អំពៅ ពងមាន់ពងទា មាន់ស្រែ ប្រហុក ជ្រក់ អង្ករ ហូល ផាមួង ក្រមា សារ៉ុងសូត្រ នឹងផលិតផលរបស់សហគមន៍នារីតាមមូលដ្ឋានរបស់មន្ទីរកិច្ចការនារីខេត្តព្រៃវែង ។

លោក អួង សុខន អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា កម្មវិធីនេះគឺមានគោលបំណង ជំរុញឲ្យបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មក្នុងស្រុក ឲ្យកាន់តែល្អប្រសើរឡើង បង្កើនផលិតផលផលិតកម្ម និងតម្លៃបន្ថែមលើផលិតផលក្នុងស្រុកជាអតិបរមា និងជំរុញឱ្យមានការផលិតនៅទំនិញថ្មីៗ ដើម្បីបម្រើសេចក្តីត្រូវការក្នុងស្រុក កាត់បន្ថយការនាំចូលពីខាងក្រៅ និងជំរុញការនាំចេញ ធ្វើពិធីធម្មកម្មមុខទំនិញថ្មីៗ ដើម្បីអាចមានលទ្ធភាពប្រកួតប្រជែង ទាំងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងពិភពលោក ជាពិសេសគឺបង្កើតការងារថ្មីបន្ថែមទៀត ដែលផ្តល់នូវប្រាក់ចំណូលច្រើន ទប់ស្កាត់ការធ្វើចំណាកស្រុក និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ ។

លោក អួង សុខន បានបញ្ជាក់ថា កិច្ចការងារនេះគឺផ្តើមចេញដំបូងពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលជាអាជីវករ ពាណិជ្ជករ កសិករម្ចាស់ផលិតផល ត្រូវតែពង្រឹងគុណភាពផលិតផលរបស់ខ្លួន ព្រមជាមួយការវេចខ្ចប់ឲ្យបានត្រឹមត្រូវធានាបាននូវគុណភាពខ្ពស់ ជាពិសេសគឺភាពជឿជាក់ពីអតិថិជន ។
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ